National

• 2 hours ago• Lim_Rothanaksambath

សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណង ១.៦លានអឺរ៉ូ ដល់ CMAC និង APOPO រំដោះដីពីគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមតាមព្រំដែន

សហភាពអឺរ៉ុប ផ្តល់ជំនួយឥតសំណង ១.៦លានអឺរ៉ូ ដល់ CMAC និង APOPO រំដោះដីពីគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌសង្គ្រាមតាមព្រំដែន


ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់គ្នា (MoU) លើគម្រោង «ការគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមបណ្តាខេត្តជាប់ព្រំដែននៃប្រទេសកម្ពុជា តាមរយៈការពន្លឿនការស្រាវជ្រាវ និងការបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ» ក្នុងទំហំថវិកាសរុប ១.៦០០.000 អឺរ៉ូ (ស្មើនឹងប្រមាណ ១.៨០០.000 ដុល្លារអាម៉េរិក)។

ពិធីចុះហត្ថលេខាជាផ្លូវការនេះ បានប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាល CMAC រាជធានីភ្នំពេញ រវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC និង លោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា។ គម្រោងនេះ គឺជាជំនួយហិរញ្ញប្បទានឥតសំណងរបស់ សហភាពអឺរ៉ុប (EU) ដែលមានថិរវេលាអនុវត្តចំនួន ១៨ ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨។

គួរបញ្ជាក់ថា អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់ និងជិតស្និទ្ធរបស់ CMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះ។ តាមរយៈកិច្ចសហប្រតិបត្តិការយូរអង្វែងនេះ ភាគីទាំងពីរបានរួមចំណែកយ៉ាងសំខាន់ក្នុងការរំដោះផ្ទៃដីពីការគំរាមកំហែងដោយសំណល់យុទ្ធភណ្ឌផ្ទុះ ជាពិសេសតំបន់រងការបាញ់ផ្លោងគ្រាប់បែកចង្កោមលើលំនៅដ្ឋាន និងស្រែចម្ការរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ កិច្ចសហការនេះបានពង្រឹងសមត្ថភាពបច្ចេកទេស និងប្រតិបត្តិការមនុស្សធម៌ តាមរយៈការប្រកបដោយប្រសិទ្ធភាពនូវបច្ចេកវិទ្យាទំនើប រួមទាំងការប្រើប្រាស់ សុនខហិតមីន និង កណ្តុរហិតមីន (HeroRATS)។

Inline image
ការអនុវត្តគម្រោងថ្មីនេះ នឹងចូលរួមចំណែកយ៉ាងធំធេងក្នុងការពន្លឿនការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ឱ្យកាន់តែមានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់។ ការស្តារឡើងវិញនូវសកម្មភាពសេដ្ឋកិច្ច-សង្គម និងជីវភាពរស់នៅរបស់ប្រជាសហគមន៍នៅតាមបណ្តាខេត្តជាប់ព្រំដែន ក៏ដូចជា បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងការពារអាយុជីវិតប្រជាពលរដ្ឋស៊ីវិល។

តាមរយៈគម្រោងជំនួយពីសហភាពអឺរ៉ុបនេះ អង្គភាព CMAC និងអង្គការ APOPO បានប្តេជ្ញាចិត្តបន្តសហការយ៉ាងជិតស្និទ្ធ ដោយប្រើប្រាស់រាល់ជំនាញ បទពិសោធន៍ និងសមត្ថភាពបច្ចេកទេស ដើម្បីលុបបំបាត់ភ័យគ្រោះថ្នាក់ពីសំណល់យុទ្ធភណ្ឌសង្គ្រាម និងលើកកម្ពស់សន្តិសុខមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3