National

1 hour agoLim_Rothanaksambath

សហភាពអឺរ៉ុប អនុម័តផ្តល់ជំនួយឥតសំណង ១,៨លានដុល្លារ ដល់ CMAC និង APOPO ដើម្បីសម្អាតមីនជាង ៦,០០០ហិកតា នៅព្រះវិហារ និងឧត្តរមានជ័យ

សហភាពអឺរ៉ុប អនុម័តផ្តល់ជំនួយឥតសំណង ១,៨លានដុល្លារ ដល់ CMAC និង APOPO ដើម្បីសម្អាតមីនជាង ៦,០០០ហិកតា នៅព្រះវិហារ និងឧត្តរមានជ័យ
ភ្នំពេញ, ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦៖ សហភាពអឺរ៉ុប (EU) បានសម្រេចអនុម័តផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងចំនួន ១.៥៩៨.៩៩៩ អឺរ៉ូ (ស្មើនឹងប្រមាណ ១,៨ លានដុល្លារអាមេរិក) ដើម្បីគាំទ្រដល់ប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្រោមភាពជាដៃគូជាមួយអង្គការ APOPO។ គម្រោងនេះមានរយៈពេល ១៨ ខែ ដោយចាប់ផ្តើមអនុវត្តចាប់ពីខែតុលា ឆ្នាំ២០២៦ នេះតទៅ។

ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងគណៈប្រតិភូសហភាពអឺរ៉ុប (EU) ប្រចាំតំបន់ ដឹកនាំដោយ លោក Andreas Roettger ប្រធានក្រុមការងារឧបករណ៍គោលនយោបាយការបរទេស (FPI) កាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសារមន្ទីរតេជោសន្តិភាព ស្ថិតក្នុងខេត្តសៀមរាប។

នៅក្នុងជំនួបនោះ អគ្គនាយក CMAC បានជម្រាបជូនគណៈប្រតិភូ EU អំពីផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាលមកពីសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា ដែលបន្តគំរាមកំហែងដល់សុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ រាំងស្ទះដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងប៉ះពាល់ដល់តំបន់បេតិកភណ្ឌវប្បធម៌សំខាន់ៗ។

ជាមួយគ្នានេះ គណៈប្រតិភូ EU ក៏បានអញ្ជើញទស្សនាសារមន្ទីរតេជោសន្តិភាព ដែលជាកន្លែងរក្សាទុកនូវរូបភាព ភស្តុតាង និងតាំងបង្ហាញពីវិនាសកម្មនៃសង្គ្រាមនាអតីតកាល ព្រមទាំងរំលេចពីតម្លៃដ៏មហាសាលនៃការស្វែងរក និងរក្សាសន្តិភាព។

លោក Andreas Roettger បានបញ្ជាក់ថា ថវិកាហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងប្រតិបត្តិការបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងខេត្តគោលដៅចំនួនពីរ គឺ ខេត្តព្រះវិហារ និង ខេត្តឧត្តរមានជ័យ។


ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
គម្រោងនេះរំពឹងថានឹងសម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន៣ រួមមាន៖​ការបោសសម្អាតដីធ្លី ដោយគ្រោងបោសសម្អាត និងរំដោះផ្ទៃដីរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់សង្គ្រាមបានជាង ៦.០០០ ហិកតា ដើម្បីប្រគល់ជូនប្រជាពលរដ្ឋប្រើប្រាស់អាស្រ័យផលដោយសុវត្ថិភាព។ ការអប់រំយល់ដឹងពីគ្រោះថ្នាក់ សំដៅដល់ការបង្កើនយុទ្ធនាការផ្សព្វផ្សាយ និងអប់រំយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដល់សហគមន៍មូលដ្ឋាន និងការស្រាវជ្រាវ និងកាត់បន្ថយផ្ទៃដី ដោយអនុវត្តការងារស្រាវជ្រាវប្រមូលព័ត៌មាន (Baseline Survey) ដើម្បីកាត់បន្ថយផ្ទៃដីសង្ស័យ និងកំណត់តំបន់ដែលមានគ្រោះថ្នាក់ពិតប្រាកដ។

ថ្នាក់ដឹកនាំ CMAC បានសម្តែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះសហភាពអឺរ៉ុប ដែលតែងតែផ្តល់ការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពកំចាត់មីននៅកម្ពុជា। លោកបានបញ្ជាក់ឡើងវិញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ CMAC ក្នុងការបន្តពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយអង្គការ APOPO និងសហគមន៍អឺរ៉ុប ដើម្បីលុបបំបាត់ការគំរាមកំហែងពីសំណល់យុទ្ធភណ្ឌសង្គ្រាម ផ្តល់ក្តីសង្ឃឹម និងកសាងអនាគតប្រកបដោយសុវត្ថិភាព និងរុងរឿងសម្រាប់ប្រជាជនកម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2