National

• 3 hours ago• Lim_Rothanaksambath

CMAC និងកងទ័ពអាមេរិក ពង្រឹងការបណ្តុះបណ្តាលជំនាញ EOD ឆ្ពោះទៅការពង្រីកធនធានមនុស្សក្នុងរយៈពេល ៣-៥ឆ្នាំខាងមុខ

CMAC និងកងទ័ពអាមេរិក ពង្រឹងការបណ្តុះបណ្តាលជំនាញ EOD ឆ្ពោះទៅការពង្រីកធនធានមនុស្សក្នុងរយៈពេល ៣-៥ឆ្នាំខាងមុខ
ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានបើកកិច្ចប្រជុំពិភាក្សាការងារយ៉ាងសំខាន់ជាមួយក្រុមគ្រូជំនាញបច្ចេកទេសកម្ទេចគ្រាប់ផ្ទុះ (EOD) របស់កងទ័ពសហរដ្ឋអាម៉េរិក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) រាជធានីភ្នំពេញ ។

កិច្ចប្រជុំកម្រិតបច្ចេកទេសនេះ បានផ្តោតការយកចិត្តទុកដាក់ជាខ្លាំងលើ ការហ្វឹកហ្វឺនពង្រឹងសមត្ថភាពគ្រូ និងសមត្ថភាពជំនាញ EOD ស្របតាមស្តង់ដាមីនអន្តរជាតិ (EOD IMAS) ចាប់ពីកម្រិតទី១ និងកម្រិតទី២។


តាមរយៈកិច្ចសហប្រតិបត្តិការនេះ ភាគីទាំងពីររំពឹងថា ក្នុងរយៈពេលពី ៣ ទៅ ៥ឆ្នាំខាងមុខ អង្គភាព CMAC នឹងមានកម្លាំងជំនាញ EOD-IMAS បន្ថែមទៀតដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រតិបត្តិការបោសសម្អាតមីន និងគ្រាប់មិនទាន់ផ្ទុះប្រកបដោយសុវត្ថិភាព និងវិជ្ជាជីវៈខ្ពស់។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMACប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា - CMAC
បន្ថែមពីលើកិច្ចការបណ្តុះបណ្តាលបច្ចេកទេស ឯកឧត្តម ហេង រតនា ក៏បានឆ្លៀតឱកាសជម្រាបជូនក្រុមការងារជំនាញកងទ័ពសហរដ្ឋអាម៉េរិក អំពី សមិទ្ធផលការងារដែល CMAC សម្រេចបានកន្លងមក ផែនការយុទ្ធសាស្ត្របន្ត ក៏ដូចជាបញ្ហាប្រឈមនៃសំណល់យុទ្ធភណ្ឌសង្គ្រាម ដែលអង្គភាពកំពុងបន្តដោះស្រាយយ៉ាងសកម្មនៅលើទីវាល ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ និងអភិវឌ្ឍន៍សង្គមជាតិ។

កិច្ចប្រជែង និងកិច្ចសហប្រតិបត្តិការរវាង CMAC និងភាគីសហរដ្ឋអាម៉េរិក ត្រូវបានគេមើលឃើញថា បានរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស និងការផ្ទេរបច្ចេកវិទ្យាកម្ចាត់មីនកម្រិតខ្ពស់មកឱ្យកម្ពុជា ជាពិសេសក្នុងបរិបទដែលកម្ពុជាកំពុងបន្តដោះស្រាយបញ្ហាគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមដ៏ស្មុគស្មាញ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3