National

2 hours agoLim_Rothanaksambath

អង្គភាព CMAC កម្ពុជា និងអង្គការ Golden West ផ្តល់ការហ្វឹកហ្វឺនបច្ចេកទេសយុទ្ធភណ្ឌសង្គ្រាមដល់កងទ័ពអាកាសអាមេរិក

អង្គភាព CMAC កម្ពុជា និងអង្គការ Golden West ផ្តល់ការហ្វឹកហ្វឺនបច្ចេកទេសយុទ្ធភណ្ឌសង្គ្រាមដល់កងទ័ពអាកាសអាមេរិក
ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) ដែលជាស្ថាប័នជំនាញឈានមុខគេរបស់កម្ពុជា ក្នុងកិច្ចប្រតិបត្តិការបោសសម្អាតមីន បានបង្ហាញនូវឧត្តមភាពរបស់ខ្លួននៅលើឆាកអន្តរជាតិ តាមរយៈការផ្ដល់ការហ្វឹកហ្វឺនបច្ចេកទេសកម្រិតខ្ពស់ដល់កងទ័ពសហរដ្ឋអាមេរិក និងក្រុមបច្ចេកទេសមកពីតំបន់អាហ្វ្រិក។

តួយ៉ាង ចាប់ពីចុងខែសីហា រហូតដល់ដើមខែកញ្ញា ឆ្នាំ២០២៦នេះ អង្គភាព CMAC បានសហការយ៉ាងជិតស្និទ្ធជាមួយអង្គការ Golden West រៀបចំវគ្គហ្វឹកហ្វឺនស្តីពី «បច្ចេកទេសសំណល់យុទ្ធភណ្ឌសង្គ្រាម និងការប្រើប្រាស់ឧបករណ៍បច្ចេកទេសរុករកទំនើបៗ»។ សិក្ខាកាមដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ រួមមានកងទ័ពអាកាសសហរដ្ឋអាមេរិក ផ្នែកជំនាញសំណល់យុទ្ធភណ្ឌសង្គ្រាម និងក្រុមបច្ចេកទេសយុទ្ធោបករណ៍នៃសាធារណរដ្ឋកាប៊ូវ័រដេ (Cabo Verde)។

ការហ្វឹកហ្វឺននេះ គឺជាផ្នែកមួយនៃគម្រោងជំនួយបោសសម្អាតមីនមនុស្សធម៌របស់សហរដ្ឋអាមេរិក ដើម្បីគាំទ្រដល់បណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក។ វាបង្ហាញឱ្យឃើញថា កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសដែលធ្លាប់រងគ្រោះដោយសារមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម មកជាប្រទេសដែលមានសមត្ថភាពខ្ពស់ក្នុងការចែករំលែកចំណេះដឹង និងបច្ចេកទេសទៅដល់កងទ័ពនៃប្រទេសមហាអំណាច និងបណ្តាប្រទេសដទៃទៀតលើសកលលោក។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratanaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក HENG Ratana
សូមបញ្ជាក់ថា អង្គការ Golden West គឺជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់របស់អង្គភាព CMAC ក្នុងសកម្មភាពកម្ចាត់មីននៅកម្ពុជាអស់រយៈពេលជាង ២៥ឆ្នាំមកហើយ ពោលគឺតាំងពីដើមឆ្នាំ២០០០មកម្ល៉េះ។ កិច្ចសហប្រតិបត្តិការដ៏យូរអង្វែងនេះ បានសម្រេចនូវសមិទ្ធផលជាច្រើនក្នុងការកាត់បន្ថយគ្រោះថ្នាក់ដោយសារគ្រាប់មីន និងការអភិវឌ្ឍបច្ចេកវិទ្យាបោសសម្អាតមីននៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

តាមរយៈវគ្គហ្វឹកហ្វឺននេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពបច្ចេកទេសដល់សិក្ខាកាមអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានលើកកម្ពស់កិត្យានុភាពរបស់កម្ពុជា ក្នុងនាមជា "មជ្ឈមណ្ឌលចំណេះដឹងផ្នែកសកម្មភាពមីន" សម្រាប់ពិភពលោកផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3