National
• 9 hours ago• Lim_Rothanaksambath
អ្នកច្នៃម៉ូដកម្ពុជា អូលីវ៉ា គង់ បញ្ចេញ Collection ថ្មីប្រកបដោយភាពរស់រវើកស្របតាមរបត់យុគសម័យថ្មី

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦៖ អ្នកច្នៃម៉ូដល្បីឈ្មោះកម្ពុជា លោក ម៉ែន សីហា ហៅ អូលីវ៉ា គង់ បានសាងភាពភ្ញាក់ផ្អើលជាថ្មីម្តងទៀតដល់អ្នកស្នេហាវិស័យម៉ូដនៅកម្ពុជា ដោយបញ្ចេញ Collection ថ្មីមួយទៀតរបស់ប្រេន KALKIN ជាស្លាកយីហោផ្ទាល់ខ្លួនរបស់លោក។ Collection KALKIN S/S 2026 ត្រូវបានអ្នកច្នៃម៉ូដល្បីឈ្មោះមានប្រភពពីខេត្តពោធិ៍សាត់រូបនេះ នាំយកមកដើរបង្ហាញម៉ូដ បង្អួតសម្រស់ដ៏ស្រស់ឆើតឆាយនៅសណ្ឋាគារ Hyatt Regency Phnom Penh។
ប្រាប់ឱ្យសារព័ត៌មាន The Khmer Daily Network ដឹងក្នុងថ្ងៃដើរបង្ហាញម៉ូដ អូលីវ៉ា គង់ ថា នេះជា Collection KALKIN S/S 2026 ថ្មីរបស់ប្រេន KALKIN របស់លោកដែលច្នៃឡើងយ៉ាងពិសេសសម្រាប់ពាក់កណ្តាលឆ្នាំ២០២៦នេះ។ ដោយមានការសហការគាំទ្រយ៉ាងពេញទំហឹងពី សណ្ឋាគារ Hyatt Regency Phnom Penh ដែលជាសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ប្រណីត មានរចនាបថសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីស្រឡាងនេះ ធ្វើឱ្យលោកនឹកឃើញដល់ការច្នៃឈុតសម្លៀកបំពាក់បែបនារីសម័យថ្មី ឆ្លុះបញ្ចាំងពីភាពទំនើប ស៊ីវិល័យ និងភាពជឿជាក់របស់ស្ត្រីក្នុងយុគសម័យថ្មី។
មិនតែប៉ុណ្ណោះ Collection ថ្មីទាំង ២៥ ឈុត របស់ អូលីវ៉ា គង់ សុទ្ធតែបង្ហាញពីរសជាតិសោភ័ណភាព ភាពទាន់សម័យ និងភាពអភិជន ដែលសមស្របសម្រាប់ស្ត្រីដែលមានទំនុកចិត្ត និងបុគ្គលិកលក្ខណៈលេចធ្លោស័ក្តិសមជានិមិត្តរូបនៃស្ត្រីសម័យថ្មី។
អ្នកច្នៃម៉ូដល្បីឈ្មោះកម្ពុជារូបនេះឱ្យដឹងបន្តថា Collection ថ្មីនេះចំណាយពេលធ្វើប្រមាណជាង ១ ខែប៉ុណ្ណោះ ពោលគឺក្រោយពីលោកត្រឡប់មកចូលរួមព្រឹត្តិការណ៍មហោស្រពភាពយន្តទីក្រុងកាន លើកទី៧៩ ឆ្នាំ២០២៦ (2026 Cannes Film Festival) ប្រទេសបារាំង កាលពីអំឡុងខែឧសភា កន្លងទៅ។
អូលីវ៉ា រំលឹកថា ការចូលរួមដើរកម្រាលព្រំក្រហមមហោស្រពភាពយន្តទីក្រុងកាន ធ្វើឱ្យមើលឃើញកាន់តែច្បាស់ពីភាពរស់រវើក និងភាពអស្ចារ្យនៃស្នាដៃម៉ូដរបស់អ្នកច្នៃម៉ូដកម្ពុជា ដែលមានសមត្ថភាពខ្ពស់អាចទាក់ទាញក្រសែភ្នែកពិភពលោកឱ្យងាកមកចាប់អារម្មណ៍គ្រប់ៗគ្នា រហូតធ្វើឱ្យប្រទេសជិតខាងយើងក្តៅក្រហាយចេញមកកាត់តរូបភាពបែបអវិជ្ជមានផ្សេងៗ ដែលសកម្មភាពទាំងនេះបង្ហាញពីសីលធម៌ និងកម្រិតចំណេះដឹងរបស់អ្នកប្រើប្រាស់បណ្តាញសង្គមអស់ទាំងនោះ ខណៈដែលកម្ពុជាបានបង្ហាញពីកិត្យានុភាពនៃការច្នៃម៉ូដដ៏អស្ចារ្យបង្ហាញទៅកាន់ពិភពលោក។
.ជំហានបន្ទាប់ ក្រោយជោគជ័យលើការបង្ហាញម៉ូដនៅសណ្ឋាគារ Hyatt Regency នាពេលនេះ អ្នកច្នៃម៉ូដល្បីឈ្មោះកម្ពុជា អូលីវ៉ា គង់ ត្រៀមបង្កើតព្រឹត្តិការណ៍ Fashion Show ដ៏ធំសម្បើមមួយទៀត នៅចុងឆ្នាំ២០២៦ ដោយលោកត្រៀមច្នៃឈុតសម្លៀកបំពាក់ប្រមាណ ១០០ ឈុត សុទ្ធសឹងជាឈុតប្រណីត និងមានអត្ថន័យជ្រាលជ្រៅបញ្ជ្រាបពីក្បូរក្បាច់ សិល្បៈ វប្បធម៌ និងអត្តសញ្ញាណជាតិខ្មែរ តាមរយៈក្រណាត់ គ្រឿងអលង្ការ និងការរចនាតុបតែងលម្អជាដើម។
លោកសង្ឃឹមថា តាមរយៈកម្មវិធី Fashion Show នានាដែលធ្លាប់បានរៀបចំ និងគ្រោងរៀបចំនាពេលខាងមុខនេះ នឹងអាចជួយជំរុញវិស័យច្នៃម៉ូដកម្ពុជាឱ្យមានភាពរីកចម្រើនលូតលាស់ឆ្ពោះទៅការប្រកួតប្រជែងលើទីផ្សារអន្តរជាតិ។
ទោះការងារមមាញឹកខ្លាំងប៉ុណ្ណាក៏ដោយ ក៏អ្នកច្នៃម៉ូដរូបនេះ នៅតែមានចិត្តចង់ជួយជ្រោមជ្រែងកិច្ចការងារសង្គមជាតិ តាមលទ្ធភាពដែលអាចធ្វើទៅបាន ពិសេសការកៀរគរប្រមូលថវិកាដើម្បីបរិច្ចាគទៅទីកន្លែងខ្វះខាត ឬមន្ទីរពេទ្យនានា ដូចនឹងអ្វីដែលលោកធ្លាប់ធ្វើកន្លងមក។
ក្រឡេកទៅមើល តារាចម្រៀងល្បីឈ្មោះ នីគីនីគី និងតារាសម្តែងជំនាញគុនល្បុក្កតោ កញ្ញា ពេជ្រ ចរណៃ បានបង្ហាញអារម្មណ៍រំភើបក្រៃលែង ដែលមានឱកាសបានចូលរួមដើរបង្ហាញម៉ូដ Collection KALKIN S/S 2026 ថ្មីរបស់ប្រេន KALKIN ដែលច្នៃឡើងជាពិសេសបង្ហាញពីភាពរស់រវើករបស់ស្ត្រីក្នុងយុគសម័យថ្មី ដែលស្ត្រីមានទាំងសមត្ថភាព និងសម្រស់។
សំឡេង កញ្ញា នីគីនីគី និង កញ្ញា ពេជ្រ ចរណៃ
ក្រៅពីគម្រោងបង្កើតកម្មវិធី Fashion Show ដ៏ធំសម្បើមនៅចុងឆ្នាំនេះ អូលីវ៉ា ក៏បង្ហើបឱ្យដឹងថា លោកមានភ្នាក់ងារអន្តរជាតិជាច្រើនបានទាក់ទងមក ដើម្បីយកឈុតសម្លៀកបំពាក់ទៅចូលរួមកម្មវិធី Fashion Show លំដាប់អន្តរជាតិ ប៉ុន្តែគ្រប់យ៉ាងស្ថិតក្នុងការពិចារណានៅឡើយ៕
ពីសារព័ត៌មាន The Khmer Daily Network

