The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

អាជ្ញាធរជាតិអប្សរា និង CoMAPA ជំរុញផែនការវត្តអារាមក្នុងឧទ្យានអង្គរ និងពន្លឿនការងារត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦

អាជ្ញាធរជាតិអប្សរា និង CoMAPA ជំរុញផែនការវត្តអារាមក្នុងឧទ្យានអង្គរ និងពន្លឿនការងារត្រៀមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ២០២៦
ភ្នំពេញ, ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦៖ ក្នុងកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់សោភ័ណភាព និងតុល្យភាពរវាងការគ្រប់គ្រងបេតិកភណ្ឌ និងវិស័យសាសនា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការមេសម្រាប់វត្តអារាម និងចុះពិនិត្យវឌ្ឍនភាពការងារជួសជុលសំខាន់ៗនៅក្នុងតំបន់អង្គរ ដើម្បីត្រៀមលក្ខណៈជាស្រេចសម្រាប់ព្រឹត្តិការណ៍អន្តរជាតិធំៗនាពេលខាងមុខ។

ជាក់ស្តែង កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ នៅវត្តអង្គរខាងជើង ក្រុមប្រឹក្សាកិច្ចការវត្តអារាមក្នុងឧទ្យានអង្គរ (CoMAPA) ក្រោមការសម្របសម្រួលរបស់អាជ្ញាធរជាតិអប្សរា បានរៀបចំកម្មវិធីផ្សព្វផ្សាយ "ការរៀបចំផែនការមេសម្រាប់វត្តអារាមក្នុងតំបន់ឧទ្យានអង្គរ លើកទី១"។ ពិធីនេះប្រព្រឹត្តទៅក្រោមព្រះរាជធិបតីភាពខ្ពង់ខ្ពស់របស់សម្តេចព្រះពុទ្ធជ័យមុនី បណ្ឌិត ឃឹម សន ព្រះសង្ឃនាយករងទី៣ និងសម្តេចព្រះព្រហ្មរតនមុនី ពិន សែម ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា និងអាជ្ញាធរជាតិអប្សរា។

ផែនការមេនេះផ្តោតសំខាន់លើការរៀបចំវត្តចំនួន ៥ រួមមាន៖ វត្តអង្គរខាងជើង វត្តអង្គរខាងត្បូង វត្តព្រះវិហារប្រាំពីរល្វែង វត្តព្រះអង្គគោកធ្លក និងវត្តព្រះឥន្ទទេព។ ការរៀបចំនេះបានរួមបញ្ចូលនូវទ្រឹស្តីព្រះពុទ្ធសាសនា ទំនៀមទម្លាប់ខ្មែរ និងបរិស្ថាន ដើម្បីធ្វើឱ្យវត្តអារាមក្លាយជាកន្លែងបដិបត្តិធម៌ដ៏ស្ងប់ស្ងាត់ និងជាទីតាំងទាក់ទាញទេសចរណ៍បែបសាសនា។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការកែប្រែទីវត្តអារាមនេះ គឺដើម្បីផលប្រយោជន៍ព្រះសង្ឃ និងការបង្ហាញតម្លៃពុទ្ធសាសនាទៅកាន់ពិភពលោក។ លោកជំទាវបន្ថែមថា អ្នកជំនាញអន្តរជាតិបានកោតសរសើរចំពោះកម្ពុជា ដែលអាចរក្សាបាននូវភាពចុះសម្រុងគ្នារវាងកិច្ចការពារបេតិកភណ្ឌ និងការគោរពសាសនា។

បន្ទាប់ពីកិច្ចប្រជុំសាសនា នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ លោកជំទាវរដ្ឋមន្ត្រីបានបន្តចុះពិនិត្យការដ្ឋានជួសជុលសំខាន់ៗជាច្រើនក្នុងតំបន់អង្គរ ដែលជាផ្នែកមួយនៃផែនការទទួលស្វាគមន៍ប្រតិភូអន្តរជាតិសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ នាពេលឆាប់ៗខាងមុខនេះ រួមមាន៖ ការរៀបចំផ្លូវលើខ្នងទំនប់បារាយណ៍ខាងលិច, ការជួសជុលទំនប់ និងប្រាសាទមេបុណ្យខាងលិច, ការរៀបចំខ្សែទស្សនាទេសចរណ៍នៅប្រាសាទបាយ័ន និងការជួសជុលខ្លោងទ្វារជ័យ និងការអភិវឌ្ឍមជ្ឈមណ្ឌលបដិសណ្ឋារកិច្ច និងមជ្ឈមណ្ឌលបកស្រាយព័ត៌មាន។

ការចុះត្រួតពិនិត្យផ្ទាល់នេះ គឺដើម្បីធានាថា សំណង់បុរាណ និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ទាំងអស់ ត្រូវបានរៀបចំឡើងដោយរក្សាបាននូវតម្លៃដើម និងផ្តល់ភាពងាយស្រួលបំផុតដល់ភ្ញៀវជាតិ និងអន្តរជាតិ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara National Authorityប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា Apsara National Authority
End image 1
End image 2
End image 3