The Khmer Daily Network Logo

National

53 minutes agoLim_Rothanaksambath

ក្រសួងទេសចរណ៍ ចាប់ដៃ Compass Advertising ជំរុញការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងលើកកម្ពស់ទេសចរណ៍ក្នុងស្រុក

ក្រសួងទេសចរណ៍ ចាប់ដៃ Compass Advertising ជំរុញការរៀបចំព្រឹត្តិការណ៍អន្តរជាតិ និងលើកកម្ពស់ទេសចរណ៍ក្នុងស្រុក

ភ្នំពេញ, ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលដៅពង្រីកសក្តានុពលទេសចរណ៍ និងទាក់ទាញភ្ញៀវអន្តរជាតិឱ្យកាន់តែច្រើនមកកាន់កម្ពុជា ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជួបពិភាក្សាការងារជាមួយក្រុមហ៊ុន Compass Advertising Co., Ltd. ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការធ្វើទីផ្សារ ការផ្សព្វផ្សាយ និងការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ខ្នាតធំ។

នៅក្នុងជំនួបសម្តែងការគួរសមដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួង លោកស្រី ណេង ស៊ីណាត ស្ថាបនិកក្រុមហ៊ុន Compass Advertising បានបង្ហាញពីបំណងក្នុងការចូលរួមចំណែកបង្កើតតម្លៃបន្ថែមដល់ព្រឹត្តិការណ៍ទេសចរណ៍នានា និងសហការជាមួយក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ដើម្បីផ្សព្វផ្សាយគោលដៅទេសចរណ៍ឱ្យចំទីផ្សារគោលដៅ និងមានប្រសិទ្ធភាពខ្ពស់។

ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះស្នាដៃកន្លងមករបស់ក្រុមហ៊ុន និងបានជំរុញឱ្យបន្តការចូលរួមផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ប្រចាំឆ្នាំឱ្យកាន់តែអធិកអធម ដូចជា បុណ្យទន្លេ បុណ្យសមុទ្រ បុណ្យអេកូទេសចរណ៍ និងបុណ្យភ្នំ។
ការប្រើប្រាស់បណ្តាញទំនាក់ទំនងរបស់ក្រុមហ៊ុន ដើម្បីទាក់ទាញសិល្បករ តារាចម្រៀងល្បីៗ និងព្រឹត្តិការណ៍លំដាប់ពិភពលោកមកកម្ពុជា ដើម្បីបង្កើតភាពរស់រវើក និងលើកកម្ពស់កិត្តិនាមជាតិ។ បញ្ជ្រាបរូបភាពវិជ្ជមាននៃទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអាស៊ាន ជាពិសេស សិង្ហបុរី ម៉ាឡេស៊ី និងវៀតណាម ព្រមទាំងគាំទ្រយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)»។

photo_3_2026-08-19_15-02-40.jpgphoto_3_2026-08-19_15-02-40.jpg
ក្នុងនោះផងដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក៏បានការជំរុញ Soft Power ក្នុងន័យលើកកម្ពស់ទេសចរណ៍តាមរយៈវិស័យភាពយន្ត ម្ហូបអាហារ ការប្រគំតន្ត្រី និងការទស្សនាប្រាសាទនាពេលរាត្រី។

អ្វីដែលជាចំណុចដៅសំខាន់ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើឱ្យក្រុមហ៊ុនសិក្សា និងដាក់សំណើច្នៃប្រឌិតសម្រាប់ការរៀបចំ «ពិធីបុណ្យសមុទ្រឆ្នាំ២០២៦» នៅខេត្តព្រះសីហនុ ដើម្បីឱ្យព្រឹត្តិការណ៍នេះក្លាយជាកម្លាំងចលករសេដ្ឋកិច្ចដ៏មានសារៈសំខាន់សម្រាប់មូលដ្ឋាន។

សូមជម្រាបថា ជំនួបរវាងក្រសួងទេសចរណ៍ និងវិស័យឯកជននាពេលនេះ គឺជាសញ្ញាវិជ្ជមានថ្មីមួយទៀតក្នុងការអនុវត្តភាពជាដៃគូរដ្ឋនិងឯកជន (PPP) ដើម្បីធ្វើឱ្យ «គោលដៅកម្ពុជា» ក្លាយជាទីតាំងដ៏ទាក់ទាញ ប្រកបដោយភាពប្រកួតប្រជែង និងចីរភាពនៅលើឆាកអន្តរជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1