The Khmer Daily Network Logo

National

1 week agoLim_Rothanaksambath

Cristiano Ronaldo ឈរចំណាត់ថ្នាក់ទី១ កីឡាកររកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក

Cristiano Ronaldo ឈរចំណាត់ថ្នាក់ទី១ កីឡាកររកចំណូលបានច្រើនជាងគេបំផុតលើពិភពលោក
ភ្នំពេញ, ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ Forbes កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦ បានឱ្យដឹងថា កំពូលតារាបាល់ទាត់ព័រទុយហ្កាល់ រកប្រាក់ចំណូលបាន ៣០០ លានដុល្លារ ក្នុងឆ្នាំ ២០២៦ ជាអត្តពលិកដែលរកចំណូលបានខ្ពស់បំផុតក្នុងពិភពលោកក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។


កំពូលតារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo បានឈរនៅចំណាត់ថ្នាក់ទី១ ក្នុងតារាងកីឡាករដែលមានចំណូលខ្ពស់បំផុតទាំង ១១ រូប ដែលនឹងចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup ២០២៦ ចេញផ្សាយដោយ Forbes។


ក្នុងនោះ គេហទំព័រផ្លូវការ Forbes បានរៀបរាប់ថា Ronaldo មិនត្រឹមតែជាកីឡាករបាល់ទាត់ដែលមានចំណូលខ្ពស់បំផុតប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតក្នុងពិភពលោកក្នុងចំណោមកីឡាគ្រប់ប្រភេទផងដែរ ដែលជាកិត្តិយសដែលលោកទទួលបានក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា។


ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់វ័យ ៤១ ឆ្នាំរូបនេះ ត្រូវបានគេប៉ាន់ប្រមាណថាមានចំណូល ៣០០ លានដុល្លារក្នុងរយៈពេល ១២ ខែចុងក្រោយ ដែលស្មើនឹងកំណត់ត្រារបស់កីឡាករប្រដាល់ Floyd Mayweather Jr. ក្នុងនាមជាអត្តពលិកដែលមានចំណូលខ្ពស់បំផុតមិនធ្លាប់មាន ដែលត្រូវបានវាស់វែងដោយទស្សនាវដ្តី Forbes (ដោយមិនគិតពីអតិផរណា)។


លោកក៏ជាអត្តពលិកតែម្នាក់គត់ដែលរកចំណូលបានលើសពី ២ ពាន់លានដុល្លារក្នុងអាជីពរបស់ខ្លួន ខណៈពេលដែលនៅតែបន្តលេងកីឡា។ ទាំងអស់នេះបានធ្វើឱ្យទ្រព្យសម្បត្តិសុទ្ធដែល Forbes ប៉ាន់ប្រមាណបច្ចុប្បន្នមានចំនួន ១,២ ពាន់លានដុល្លារ ដែលធ្វើឱ្យ Ronaldo ក្លាយជាអត្តពលិកម្នាក់ក្នុងចំណោមអត្តពលិកដែលកំពុងបន្តអាជីពតែបួនរូបប៉ុណ្ណោះ ដែលបានចូលក្នុង "ក្លិបមហាសេដ្ឋីពាន់លាន" (Three-comma club)។

រូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Forbesរូបភាព៖ ទំព័រហ្វេសប៊ុកផ្លូវការ Forbes

លោកនឹងឈានចូលដល់ការប្រកួត World Cup លើកទី ៦ របស់ខ្លួន ដោយនៅតែបន្តស្វែងរកពានរង្វាន់ជើងឯកលើកដំបូងក្នុងព្រឹត្តិការណ៍នេះ ដែលជាពានរង្វាន់ដ៏កម្រមួយដែលបាត់បង់នៅក្នុងទូពានរង្វាន់ដ៏អស្ចារ្យរបស់លោក ប៉ុន្តែលោកកំពុងមានសន្ទុះខ្លាំង។ កាលពីខែមុន លោកបានជួយក្រុម Al-Nassr ឈ្នះជើងឯក Saudi Pro League ដែលជាជ័យជម្នះលើកដំបូងរបស់លោក ចាប់តាំងពីបានមកដល់តំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ ២០២៣។


ថ្មីៗនេះ តារាបាល់ទាត់ព័រទុយហ្កាល់ Cristiano Ronaldo ទើបបានបង្កើតប្រវត្តិសាស្ត្រថ្មីក្នុងពិភពបាល់ទាត់ ដោយក្លាយជាកីឡាករដំបូងគេដែលអាចស៊ុតបញ្ចូលទីបាននៅការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup ចំនួន ៦ លើកផ្សេងគ្នា គឺឆ្នាំ ២០០៦, ២០១០, ២០១៤, ២០១៨, ២០២២ និង ២០២៦ នេះ។ កំណត់ត្រាដ៏អស្ចារ្យនេះកើតឡើងក្នុងជំនួបពូល K ដែលព័រទុយហ្កាល់យកឈ្នះអ៊ូសបេគីស្ថាន ៥-០ ។ កំណត់ត្រាថ្មីនេះ បន្ថែមទៅលើសមិទ្ធផលជាច្រើនរបស់ Ronaldo ដែលរួមមានកំណត់ត្រាជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់អន្តរជាតិ និងជាកីឡាករដែលបង្ហាញខ្លួនច្រើនបំផុតសម្រាប់ក្រុមជម្រើសជាតិ៕

រាយការណ៍ដោយ The Khmer Daily Network