National

• 1 hour ago• Lim_Rothanaksambath

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុក CSFF ជាចំណុចប្រសព្វក្នុងការភ្ជាប់យុវជន និងបណ្តុះបណ្តាលទេពកោសល្យថ្មីៗ

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចាត់ទុក CSFF ជាចំណុចប្រសព្វក្នុងការភ្ជាប់យុវជន និងបណ្តុះបណ្តាលទេពកោសល្យថ្មីៗ
ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ឆ្នាំ២០២៦ បានរៀបចំពិធីបើកជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ នៅរោងភាពយន្ត Legend Cinema ក្រោមអធិបតីភាព ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងមានការចូលរួមពីផលិតករ អ្នកដឹកនាំរឿង ថ្នាក់ដឹកនាំស្ថាប័ន និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិយ៉ាងកុះករ។

ក្នុងឱកាសនោះ ឯកឧត្តម ឯក ប៊ុនថា អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ បានវាយតម្លៃខ្ពស់ថា CSFF ជាចំណុចប្រសព្វដ៏សំខាន់ក្នុងការភ្ជាប់យុវជន និងបណ្តុះបណ្តាលទេពកោសល្យថ្មីៗ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការគាំទ្រឧស្សាហកម្មភាពយន្ត តាមរយៈការបណ្តុះបណ្តាលបច្ចេកទេស ដូចជា ជំនាញផ្នែកប្រើប្រាស់ភ្លើង ដោយសហការជាមួយ Camera Hut និងអ្នកជំនាញសិង្ហបុរី ព្រមទាំងជំនាញអភិវឌ្ឍគម្រោងភាពយន្តខ្លី តាមរយៈកម្មវិធី «ការ៉េមួយ» សហការជាមួយក្រុមហ៊ុនផលិតភាពយន្ត កងចក្រ។

ជាមួយគ្នានេះ លោក សត្យា ហាតូ តំណាងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (CTB) ក៏បានលើកឡើងថា CTB មានមោទនភាពក្នុងការចូលរួមចំណែកជាមួយ CSFF ព្រោះវិស័យភាពយន្តប្រៀបដូចជាអំណាចទន់ដ៏មានឥទ្ធិពល ក្នុងការផ្សព្វផ្សាយវប្បធម៌ ធម្មជាតិ និងរាជធានីភ្នំពេញ ទៅកាន់ពិភពលោក។

តាមរបាយការណ៍របស់ លោក ស៊ុ ស៊ីថែន ប្រធានមហោស្រព CSFF បានឱ្យដឹងថា មហោស្រពភាពយន្តខ្លីប្រចាំឆ្នាំ២០២៦ នេះ ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃជាប់គ្នា ចាប់ពី ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ ព្រឹត្តិការណ៍ឆ្នាំនេះមានលក្ខណៈពិសេស និងលេចធ្លោខ្លាំងដោយបានពង្រីកទីតាំងចាក់បញ្ចាំងរហូតដល់ ៧ ទីតាំង ក្នុងរាជធានីភ្នំពេញ រួមមាន៖ Legend Cinema - Olympia, Sabay Cinema - AEON 1, Fable Cinema, ផ្ទះមេត្តា, មជ្ឈមណ្ឌលបុប្ផាណា, F3 (Factory Phnom Penh) និង Lumiere Phnom Penh។ ក្រោយចប់ការចាក់បញ្ចាំងនៅភ្នំពេញ ភាពយន្តជ័យលាភី អាចនឹងទៅចាក់បញ្ចាំងជូនប្រជាពលរដ្ឋនៅតាមបណ្តាខេដ្ឋានានា ដូចជា ខេត្តបាត់ដំបង សៀមរាប និងកែប ព្រមទាំងមានគម្រោងនាំយកទៅចាក់បញ្ចាំងនៅ ប្រទេសម៉ាឡេស៊ី ដើម្បីជំរុញស្នាដៃសមិទ្ធិករខ្មែរលើឆាកតំបន់ផងដែរ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chaktomuk Short Film Festivalប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Chaktomuk Short Film Festival
នៅក្នុងជំនាន់ទី១៥ នេះ មហោស្រពទទួលបានស្នាដៃភាពយន្តខ្លីសរុប ជិត ៤០០ រឿង កើនឡើងជិត ២ ដង បើប្រៀបធៀបនឹងឆ្នាំមុន។ ក្នុងចំណោមនោះ គណៈកម្មការបានសម្រេចជ្រើសរើស ៩០ រឿង សម្រាប់ការចាក់បញ្ចាំង ដោយរួមមាន៖ ភាពយន្តខ្លីប្រកួតក្នុងស្រុក ១៦ រឿង, ភាពយន្តខ្លីប្រកួតអន្តរជាតិ ៧ រឿង, និងភាពយន្តដែលរំលេចពីប្រពៃណី វប្បធម៌ របៀបរស់នៅខ្មែរចំនួន ៤០ រឿង។

អ្វីដែលជាចំណុចពិសេស និងជាប្រវត្តិសាស្ត្រថ្មីនៃឧស្សាហកម្មភាពយន្តកម្ពុជា គឺ CSFF ឆ្នាំ២០២៦ បានដាក់បញ្ចូល «ផ្នែកភាពយន្តខ្លី AI អន្តរជាតិ» (International AI Short Film Category) ជាលើកដំបូងបង្អស់ ដើមឡើយដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យាសម័យទំនើប និងស្វែងយល់ពីចំណុចប្រសព្វរវាងបញ្ញាសិប្បនិម្មិត (AI) និងសិល្បៈនៃការរៀបរាប់សាច់រឿង (Cinematic Storytelling)។ ភាពយន្តអន្តរជាតិដែលយកមកបង្ហាញ សុទ្ធតែជាស្នាដៃលេចធ្លោធ្លាប់ចាក់បញ្ចាំងក្នុងមហោស្រពលំដាប់ពិភពលោក ដូចជា Cannes, TIFF, SXSW, និង Berlinale ជាដើម៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3