National
• 2 hours ago• Lim_Rothanaksambath
គឹម សោភា ផលិតករស្ត្រីកម្ពុជាដំបូងគេឈ្នះពាន «ភាពយន្តខ្លីកម្ពុជាល្អបំផុត» តាមរយៈរឿង «សំនៀងផ្កាលើវាលខ្សាច់» ពី CSFF លើកទី១៥

ភ្នំពេញ, ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រោមប្រធានបទ «រឿងរ៉ាវក្នុងខ្លួន និងជុំវិញខ្លួន» មហោស្រពភាពយន្តខ្លីចតុមុខ (CSFF) លើកទី១៥ ឆ្នាំ២០២៦ បានបិទបញ្ចប់ដោយជោគជ័យ បន្ទាប់ពីរៀបចំអស់រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។ អ្វីដែលពិសេសខ្លាំង ឆ្នាំនេះមហោស្រពបានបង្កើតប្រវត្តិសាស្ត្រថ្មីសម្រាប់ម្ចាស់ជ័យលាភី ដោយរឿងដែលជាប់ភាពយន្តខ្លីកម្ពុជាល្អបំផុតក្នុងមហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ បានទៅលើស្នាដែភាពយន្តខ្លី «សំនៀងផ្កាលើវាលខ្សាច់» ផលិតដោយផលិតករភាពយន្តស្ត្រីកម្ពុជា លោកស្រី គឹម សោភា។
នេះជាប្រវត្តិសាស្ត្រ និងជាលើកដំបូងបង្អស់នៃមហោស្រពភាពយន្តខ្លីចតុមុខ ដែលជ្រើសរើសបានជ័យលាភីភាពយន្តខ្លីពីផលិតករស្ត្រី ធ្វើឱ្យអ្នករៀបចំមហោស្រព និងអ្នកចូលរួមភ្ញាក់ផ្អើលជាខ្លាំង។
លោកស្រី គឹម សោភា សមិទ្ធិកររឿង «សំនៀងផ្កាលើវាលខ្សាច់» បានលើកឡើងថា «នាងខ្ញុំពិតជាមិនរំពឹងថា ទទួលបានជ័យលាភីដម៏មានកិត្តិយសនេះទេ ដោយសារនាងខ្ញុំសង្កេតឃើញស្នាដៃផ្តាច់ព្រ័ត្រផ្សេងៗក៏ល្អមិនចាញ់ស្នាដៃរបស់នាងខ្ញុំដែរ។ អ្វីដែលកាន់តែរំភើបនោះគឺការណ៍ដែលដឹងថា នាងខ្ញុំជាសមិទ្ធិករនារីទី១ ដែលទទួលបានពានរង្វាន់កំពូលមួយនេះ។ ការទទួលស្គាល់របស់មហោស្រពនិងគណៈមេប្រយោគ ពិតជាផ្តល់តម្លៃ ដល់ក្រុមការងាររបស់នាងខ្ញុំ ជាពិសេសអ្នកចម្រៀងដែលច្រៀងបទតែងដើម និងសិល្បការនីគំនូរលើផ្ទាំងរូបតួម្តាយ ក្នុងរឿងរបស់ខ្ញុំ»។
ឆ្លៀតឱកាសនេះ សមិទ្ធិកររឿង «សំនៀងផ្កាលើវាលខ្សាច់» ក៏សូមលើកទឹកចិត្តដល់ប្អូនៗ ជាពិសេសយុវនារីឱ្យចាប់ឱកាសក្នុងការរៀនសូត្រ និងផលិត ស្នាដៃសិល្បៈ និងភាពយន្តដើម្បីផ្សព្វផ្សាយវប្បធម៌យើង ប្រទេសយើង និងផ្សារភ្ជាប់ចំណេះដឹងជាមួយពិភពលោក។
ក្នុងព្រឹត្តិការណ៍នេះ ឯកឧត្តម ហ៊ីម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ភាពយន្តគឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការឆ្លុះបញ្ចាំងវប្បធម៌ និងអត្តសញ្ញាណជាតិ ព្រមទាំងជាវេទិកាដ៏មានតម្លៃសម្រាប់សមិទ្ធិករវ័យក្មេងកម្ពុជាក្នុងការតំណាងប្រទេសលើឆាកអន្តរជាតិ។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី បានដាក់ចេញនូវគោលការណ៍ លើកលែងពន្ធសម្រាប់ការចុះមកថតភាពយន្តនៅកម្ពុជា ដែលហៅថា «ទេសចរណ៍បែបភាពយន្ត» ដើមឡើយដើម្បីទាក់ទាញផលប្រយោជន៍សេដ្ឋកិច្ច និងផ្សព្វផ្សាយតំបន់ទេសចរណ៍ខ្មែរទៅកាន់ពិភពលោក តាមរយៈការផ្លាស់ប្តូរបទពិសោធន៍ជាមួយសមិទ្ធិករអន្តរជាតិ។

គួរឱ្យដឹងផងដែរថា មហោស្រព CSFF លើកទី១៥ រៀបចំឡើងដោយ «ក្រុមភាពយន្តឈូករ័ត្ន» ក្រោមការដឹកនាំរបស់ លោក ស៊ុ ស៊ីថែន ស្ថាបនិក និងជាប្រធានមហោស្រព ជាមួយនឹងការឧបត្ថម្ភគាំទ្រពី លោក ស្កុត នីសុន (Scott Neeson) ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា (CCF)។ មហោស្រពឆ្នាំនេះបានដាក់បង្ហាញភាពយន្តខ្លីចំនួន ៩០ រឿង មកពី ៣៣ ប្រទេស (រួមមានភាពយន្តភាសាខ្មែរ ៤០ រឿង) ដោយទាក់ទាញអ្នកចូលរួមផ្ទាល់ប្រមាណ ១.០០០ នាក់ និងមានការចូលរួមទស្សនាតាមបណ្តាញអនឡាញរហូតដល់ ១.០០០.០០០ នាក់ (១ លាននាក់)។
ក្នុងនោះ សមិទ្ធិករ និងភាពយន្តទទួលបានជ័យលាភីទាំង ១០ ស្នាដៃ រួមមាន៖
• ពានរង្វាន់ក្នុងស្រុក (National Awards)៖
១. រឿង «សំនៀងផ្កាលើវាលខ្សាច់» ដោយសមិទ្ធិករ គឹម សោភា ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបំផុត
២. រឿង «ឆ្មាំខ្មោច» ដោយសមិទ្ធិករ JACK WACHTEL ជាប់ជាភាពយន្តខ្លីកម្ពុជា ល្អបន្ទាប់
៣. រឿង «Incident in the Mountain» ដោយសមិទ្ធិករ សេង សាវុន្ថរ៉ា ជាប់ចំណារមេប្រយោគសម្រាប់ភាពយន្តខ្លីកម្ពុជា
៤. រឿង «The Sream» ដោយសមិទ្ធិករ និត ពិសី ជាប់ជាជម្រើសទស្សិកជនសម្រាប់ ភាពយន្តខ្លីកម្ពុជា
៥. រឿង «លិខិតពីអតីតកាល» ដោយសមិទ្ធិករ សៀង វួចលីន និង ឃាង ធីណាសានីម ជាប់ជាភាពយន្តខ្លីរបស់និស្សិតកម្ពុជាល្អបំផុត
៦. រឿង «មេឃលា» ដោយសមិទ្ធិករ យូ សុវណ្ណារិទ្ធ ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីរបស់និស្សិតកម្ពុជា
• ពានរង្វាន់អន្តរជាតិ (International Awards)៖
៧. រឿង «AGAPITO» ដោយសមិទ្ធិករ ARVIN BELARMINO & KYLA ROMEO ជាប់ជាភាពយន្តខ្លីអន្តរជាតិល្អបំផុត
៨. រឿង «The PROFESSIONA PARENT» ដោយសមិទ្ធិករ ERIK JASAN ជាប់ជាចំណារមេប្រយោគសម្រាប់ភាពយន្តអន្តរជាតិកម្ពុជា
៩. រឿង «Brain Space» ដោយសមិទ្ធិករ LAURA TOFARIDES ជាប់ជាជម្រើសទស្សិកជនសម្រាប់ភាពយន្តខ្លីអន្តរជាតិ
១០. រឿង «WASSUPKAYLEE» ដោយសមិទ្ធិករ PEPI GINSBERG ជាប់ជាទេពកោសល្យអន្តរជាតុឆ្នើម។
ជោគជ័យនៃមហោស្រពភាពយន្តខ្លីចតុមុខលើកទី១៥ មិនត្រឹមតែជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់ផលិតករស្ត្រីកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសក្ខីភាពបញ្ជាក់ពីភាពចាស់ទុំនៃការប្រាប់រឿង និងការកើនឡើងនៃសមត្ថភាពថតផលិតភាពយន្តរបស់យុវជនកម្ពុជា ឱ្យដើរស្របគ្នាជាមួយស្តង់ដារអន្តរជាតិផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



