National

• 2 hours ago• Lim_Rothanaksambath

CSFF 2026 នឹងចាក់បញ្ចាំងភាពយន្តខ្លីដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់២ ខែវិច្ឆិកា មុននាំយកភាពយន្តជ័យលាភីទៅចាក់បញ្ចាំងនៅម៉ាឡេស៊ី

CSFF 2026 នឹងចាក់បញ្ចាំងភាពយន្តខ្លីដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់២ ខែវិច្ឆិកា មុននាំយកភាពយន្តជ័យលាភីទៅចាក់បញ្ចាំងនៅម៉ាឡេស៊ី
ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ មហោស្រពភាពយន្តខ្លីចតុមុខ (Chaktomuk Short Film Festival - CSFF) ជាព្រឹត្តិការណ៍ភាពយន្តខ្លីដំបូងគេ និងមានអាយុកាលយូរជាងគេនៅកម្ពុជា បានប្រកាសរៀបចំមហោស្រពជំនាន់ទី១៥ របស់ខ្លួន ដោយត្រៀមចាក់បញ្ចាំងភាពយន្តខ្លីប្រតិដ្ឋ និងភាពយន្តឯកសារសរុបចំនួន ៩០ រឿង មកពី ៣៣ ប្រទេស។ ក្នុងនោះរួមមាន ភាពយន្តជាតិចំនួន ៤០ ចំណងជើង និងភាពយន្តអន្តរជាតិចំនួន ៥០ ចំណងជើង។

មហោស្រពភាពយន្តខ្លីចតុមុខ លើកទី១៥ ឆ្នាំ២០២៦ មានលក្ខណៈពិសេសប្លែកពីបណ្តាឆ្នាំមុនៗ ដោយសារមានការដាក់បញ្ចូលនូវ ផ្នែកភាពយន្តខ្លី AI អន្តរជាតិ ជាលើកដំបូង ដើម្បីឆ្លើយតបនឹងការវិវត្តបច្ចេកវិទ្យា និងការស្វែងយល់ពីចំណុចប្រសព្វរវាងបញ្ញាសិប្បនិម្មិត និងសិល្បៈនៃការរៀបរាប់សាច់រឿង។ បន្ថែមពីនេះ ភាពយន្តអន្តរជាតិដែលជ្រើសរើសមកចាក់បញ្ចាំង សុទ្ធសឹងតែជាស្នាដៃដែលធ្លាប់បានចូលរួមក្នុងមហោស្រពលំដាប់ពិភពលោក ដូចជា Cannes, TIFF, SXSW, និង Berlinale ជាដើម។

លោក ស៊ុ ស៊ីថែន ប្រធានមហោស្រព CSFF និងជាស្ថាបនិកក្រុមភាពយន្តឈូករ័ត្ន (SFA) បានគូសបញ្ជាក់ថា «អស់រយៈពេល ១៥ ឆ្នាំមកហើយ មហោស្រពនេះ បានផ្តល់ឱកាសដល់ទស្សនិកជនរបស់យើង ក្នុងការទទួលបានបទពិសោធន៍ពីការស្រមើលស្រមៃរបស់ពិភពលោក ស្របពេលជាមួយគ្នានោះក៏បានបង្ហាញពីចក្ខុវិស័យរបស់សមិទ្ធិករភាពយន្តកម្ពុជាផងដែរ»។

Inline image
ជាមួយគ្នានោះ លោក ជៀប សុវិជ្ជា អនុប្រធាននាយកដ្ឋានសិល្បភាពយន្ត តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងតំណាងក្រសួងព័ត៌មាន បានសម្តែងការគាំទ្រយ៉ាងពេញទំហឹង និងបានវាយតម្លៃខ្ពស់ចំពោះដំណើរការ ១៥ ឆ្នាំរបស់ CSFF ក្នុងការបណ្តុះបណ្តាលធនធានមនុស្សវ័យក្មេង និងការលើកកម្ពស់តថភាពសង្គមកម្ពុជាតាមរយៈខ្សែភាពយន្ត។

មហោស្រពភាពយន្តខ្លីចតុមុខ ជំនាន់ទី១៥ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយទស្សនិកជន សិស្ស និស្សិត និងសាធារណជនអាចចូលរួមទស្សនាដោយឥតគិតថ្លៃ» នៅតាមទីតាំងដៃគូនានា ដូចជា រោងភាពយន្ត Legend Cinema (Olympia), Sabay Cinema (AEON 1), Fable Cinema, មជ្ឈមណ្ឌលបុប្ផាណា, ផ្ទះមេត្តា, Friends Futures Factory (F3), និង Lumière Phnom Penh។

បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍ធំនៅរាជធានីភ្នំពេញ គណៈកម្មការរៀបចំមហោស្រពក៏មានផែនការនាំយកភាពយន្តជ័យលាភី ទៅចាក់បញ្ចាំងតាមបណ្តាខេត្ត ដូចជា ខេត្តបាត់ដំបង សៀមរាប កែប។ បន្ថែមពីលើនោះ មហោស្រពក៏មានគម្រោងនាំយកភាពយន្តជ័យលាភីទៅចាក់បញ្ចាំងនៅប្រទេសម៉ាឡេស៊ី តាមលទ្ធភាពនៃថវិកាដែលគៀងគរបាន។

បច្ចុប្បន្ន គណៈកម្មការ CSFF ក៏បានអំពាវនាវដល់សប្បុរសជន និងវិស័យឯកជន ចូលរួមឧបត្ថម្ភគាំទ្រផ្នែកហិរញ្ញវត្ថុបន្ថែម ដើម្បីធានានិរន្តរភាពនៃការរៀបចំកម្មវិធី សិក្ខាសាលាបណ្តុះបណ្តាល និងសកម្មភាពចុះតាមបណ្តាខេត្តនានា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2