National

• 4 days ago• Lim_Rothanaksambath

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញការណែនាំពីវិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ និងព័ត៌មានមិនពិត Deepfake

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ចេញការណែនាំពីវិធីសាស្ត្រការពារខ្លួនពីការបោកប្រាស់ និងព័ត៌មានមិនពិត Deepfake


ភ្នំពេញ, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (MPTC) បានចេញផ្សាយសារអប់រំ និងការណែនាំណែនាំស្តីពី «ស្វែងយល់ និងការពារខ្លួនពីការក្លែងមាតិកាអតិប្រឌិត ឬ Deepfake ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)» ដើម្បីលើកកម្ពស់ការយល់ដឹងដល់សាធារណជន ក្នុងការការពារខ្លួនពីការឆបោក ព័ត៌មានមិនពិត និងការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គលតាមប្រព័ន្ធឌីជីថល។

បច្ចេកវិទ្យា Deepfake គឺជាការក្លែងបន្លំរូបភាព សំឡេង ឬវីដេអូ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) ឱ្យមានភាពស្រដៀងនឹងមនុស្សពិតៗ។ បច្ចេកវិទ្យានេះកើតចេញពីការរួមបញ្ចូលគ្នារវាងការសិក្សាស៊ីជម្រៅ (Deep Learning) និងប្រព័ន្ធសំយោគទិន្នន័យ ដែលអាចយកមុខ ឬសំឡេងរបស់មនុស្សណាម្នាក់ ទៅដាក់បញ្ចូលក្នុងស្ថានភាពដែលពួកគេមិនធ្លាប់បានជួប ឬមិនធ្លាប់បាននិយាយពីមុនឡើយ។

យោងតាមការបញ្ជាក់ពីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ផលប៉ះពាល់នៃបច្ចេកវិទ្យា Deepfake មានទាំងវិជ្ជមាន និងអវិជ្ជមាន។ ក្នុងនោះ ផលវិជ្ជមាន គឺត្រូវបានយកទៅប្រើប្រាស់សម្រាប់ការផលិតភាពយន្ត ការអប់រំ ការកម្សាន្ត និងការច្នៃប្រឌិត។ ចំណែក ផលអវិជ្ជមាន គឺអាចត្រូវបានជនខិលខូចយកទៅផ្សព្វផ្សាយព័ត៌មានមិនពិត (Misinformation), ការឆបោកយកប្រាក់តាមអនឡាញ, ការលួចអត្តសញ្ញាណ និងការបង្ខូចកេរ្តិ៍ឈ្មោះបុគ្គល។

ដើម្បីការពារខ្លួនពីការឆបោកតាមរយៈបច្ចេកវិទ្យា Deepfake ក្រសួងបានដាក់ចេញនូវវិធានការប្រុងប្រយ័ត្ន និងការណែនាំសំខាន់ៗដូចខាងក្រោម៖

១. ពិនិត្យប្រភពឱ្យបានច្បាស់លាស់៖ ផ្ទៀងផ្ទាត់ប្រភពដើមនៃព័ត៌មានជានិច្ច។
២. ទាក់ទងផ្ទៀងផ្ទាត់ផ្ទាល់៖ ប្រសិនបើទទួលបានវីដេអូ សំឡេង ឬការហៅទូរស័ព្ទសង្ស័យទាមទារប្រាក់ ត្រូវទាក់ទងទៅសាច់ញាតិ ឬមិត្តភក្តិនោះដោយផ្ទាល់តាមលេខទូរស័ព្ទធម្មតា។
៣. សង្កេតមើលចំណុចមិនប្រក្រតី៖ ពិនិត្យមើលចលនាភ្នែក (ការមិនសូវព្រិចភ្នែក), ចលនាបបូរមាត់មិនស៊ីជាមួយសំឡេង, ពន្លឺស្រមោលលើផ្ទៃមុខ ឬសំឡេងដែលមានរលកមិនធម្មតា។
៤. ការពារព័ត៌មានផ្ទាល់ខ្លួន៖ ដាច់ខាតកុំប្រញាប់ផ្ញើប្រាក់, កុំផ្តល់លេខកូដ OTP, ពាក្យសម្ងាត់ ឬព័ត៌មានធនាគារឱ្យសោះ។
៥. កុំបន្តចែករំលែកព័ត៌មានសង្ស័យ៖ ជៀសវាងការចែករំលែកមាតិកាដែលមិនទាន់បានផ្ទៀងផ្ទាត់។
៦. ប្រើប្រាស់ប្រភពព័ត៌មានផ្លូវការ៖ តាមដានព័ត៌មានពីស្ថាប័នផ្លូវការ ឬប្រើប្រាស់ឧបករណ៍ផ្ទៀងផ្ទាត់មាតិកាឌីជីថលដែលទុកចិត្តបាន។
ជាចុងក្រោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានក្រើនរំលឹកដល់សាធារណជននូវបាវចនាឌីជីថល «ផ្ទៀងផ្ទាត់មុនជឿ - គិតមុនចុច - ពិនិត្យមុនចែករំលែក» ដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងធានាសុវត្ថិភាពឌីជីថលសម្រាប់បុគ្គល គ្រួសារ និងសង្គមជាតិទាំងមូល៕

ប្រភព៖ https://www.facebook.com/share/p/1GqRjWjhYe/

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ - Ministry of Post and Telecommunications