National

3 hours agoLim_Rothanaksambath

រចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែងរបស់ ស្ពានទ័ព រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារយន្តហោះ F16 និងគ្រាប់បែក M-K82 របស់យោធាថៃ

រចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃចំនួន៦៨កន្លែងរបស់ ស្ពានទ័ព រងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារយន្តហោះ F16 និងគ្រាប់បែក M-K82 របស់យោធាថៃ
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានដឹកនាំប្រតិភូជាន់ខ្ពស់ក្រសួង ចុះពិនិត្យ និងវាយតម្លៃដោយផ្ទាល់នូវស្ថានភាពទូទៅនៃ «ស្ពានទ័ព» ឬហៅថា ស្ពានអូរជីក ដែលជាស្ពានបុរាណប្រវត្តិសាស្ត្រដ៏សំខាន់ ស្ថិតនៅក្នុងភូមិជើងទៀន ឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ដើម្បីពិនិត្យលទ្ធភាពក្នុងការបន្តគម្រោងជួសជុលឡើងវិញ បន្ទាប់ពីស្ពាននេះបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។

តាមការបញ្ជាក់ពីលើទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ពានទ័ពបានរងការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើរចនាសម្ព័ន្ធតួស្ពាន និងបង្កាន់ដៃស្ពានចំនួន ៦៨ កន្លែង ក្រោយពេលដែលកងទ័ពថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកប្រភេទ MK-82 ចំនួន ២ គ្រាប់ ចំត្រង់ផ្នែកក្បាលស្ពានខាងជើង និងខាងត្បូង កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធតាមបណ្តោយព្រំដែនផ្លូវគោកកម្ពុជា និងថៃ។

បន្ថែមពីលើការខូចខាតដោយសារអំបែង និងកម្លាំងផ្ទុះនៃគ្រាប់បែក MK-82 បច្ចុប្បន្នស្ពានបុរាណមួយនេះក៏កំពុងប្រឈមនឹងការទ្រុឌទ្រោមបន្ថែមនៅតាមទីតាំងសំខាន់ៗមួយចំនួន ដោយសារតែលំហូរទឹកបុកកាត់ស្ទឹងស្រែង ក្នុងរដូវវស្សា ដែលទាមទារឱ្យមានអន្តរាគមន៍ជួសជុលជាប្រញាប់។

កន្លងមកក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានជួសជុលស្ពាននេះចំនួន៨ដំណាក់កាលពោលគឺចាប់ពីឆ្នាំ២០១៥មកម្លេះ ប៉ុន្តែត្រូវបានអាក់ខានទៅវិញនៅពេលមានសង្គ្រាមបំផ្លាញស្ថានភាពស្ពាននេះកាលពីចុងឆ្នាំ២០២៥កន្លងមក។ នៅក្នុងការចុះពិនិត្យជាក់ស្តែងនាពេលនេះ ក្រសួងវប្បធម៌កំពុងសិក្សា និងពិនិត្យលទ្ធភាពបច្ចេកទេសយ៉ាងយកចិត្តទុកដាក់ ដើមបីរៀបចំផែនការបន្តការជួសជុលឡើងវិញ សំដៅសង្គ្រោះ និងការពារស្ពានបុរាណដ៏មានតម្លៃមហាសាលមួយនេះមិនឱ្យទ្រុឌទ្រោមបន្ថែមទៀត។

ប្រភព និងរូបភាព៖ ​ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ប្រភព និងរូបភាព៖ ​ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
សូមជម្រាបថា «ស្ពានទ័ព» ឬហៅថា ស្ពានអូរជីក អាចចាត់ទុកថាជាស្ពានដ៏សំខាន់មួយ ដែលបានសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សទី១២ និងដើមសតវត្សទី១៣ ហើយជាស្ពានវែងជាងគេក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី៧ ដោយមានប្រវែងប្រហែល១៥០ម. កម្ពស់១០ម. និងទទឹង១៦.៤០ម. និងមានប្រហោងទ្វារស្ពាន(រន្ធតាដេវ)ចំនួន២៨ប្រឡោះ។

ក្នុងដំណើរអញ្ជើញចុះបេសកកម្មនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៏បានអញ្ជើញទៅពិនិត្យ និងទស្សនាប្រាសាទព្រហ្មកិល ដែលជាអតីតមន្ទីរពេទ្យបុរាណ (អរោគយសាលា) សាងសង់ក្នុងសម័យអង្គរ។ បច្ចុប្បន្ន អាជ្ញាធរស្រុកចុងកាល់ និងអាជ្ញាធរខេត្តឧត្តរមានជ័យ កំពុងរៀបចំ និងអភិវឌ្ឍន៍តំបន់ប្រាសាទព្រហ្មកិលនេះ ឱ្យក្លាយជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏មានប្រជាប្រិយភាពមួយប្រចាំខេត្ត ដើមបីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្ត៕

​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3