National

6 hours agoLim_Rothanaksambath

កម្ពុជាចូលរួមកិច្ចប្រជុំសកល FAO ស្តីពី «សុខភាពតែមួយ» ដើម្បីពង្រឹងប្រព័ន្ធកសិកម្ម-ចំណីអាហារ និងសន្តិសុខសុខភាព

កម្ពុជាចូលរួមកិច្ចប្រជុំសកល FAO ស្តីពី «សុខភាពតែមួយ» ដើម្បីពង្រឹងប្រព័ន្ធកសិកម្ម-ចំណីអាហារ និងសន្តិសុខសុខភាព
ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ អង្គការចំណីអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) បានប្រមូលផ្តុំថ្នាក់ដឹកនាំពិភពលោក អ្នកជំនាញ ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ក្នុង «សន្និសីទសកលស្តីពីសកម្មភាពសុខភាពតែមួយក្នុងប្រព័ន្ធកសិកម្ម-ចំណីអាហារ» (Global Conference on Actions on One Health in Agrifood Systems) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្នាក់ការកណ្តាល FAO ក្នុងទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

សន្និសីទថ្នាក់សកលនេះ រៀបចំឡើងក្រោមប្រធានបទ «សុខភាពតែមួយក្នុងប្រព័ន្ធកសិកម្ម-ចំណីអាហារ៖ សុខភាពរបស់មនុស្សគ្រប់រូប ការទទួលខុសត្រូវរបស់មនុស្សគ្រប់រូប និងសកម្មភាពរបស់មនុស្សគ្រប់រូប» (One Health in Agrifood Systems: Everyone’s Health, Responsibility and Action)។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodia
ជាការពិត សុខភាពរបស់មនុស្ស សត្វ រុក្ខជាតិ និងប្រព័ន្ធអេកូឡូស៊ី មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ ដូចគ្នានឹងប្រព័ន្ធកសិកម្ម-ចំណីអាហារដែលទ្រទ្រង់ជីវិតមនុស្សទូទាំងពិភពលោក។ សន្និសីទនេះផ្តល់នូវវេទិកាសកលក្នុងការបំប្លែងវិធីសាស្ត្រ «សុខភាពតែមួយ» (One Health approach) ទៅជាសកម្មភាពជាក់ស្តែង តាមរយៈការកសាងកិច្ចសហប្រតិបត្តិការអន្តរវិស័យ ការបង្កើតថ្មី ការផ្លាស់ប្តូរចំណេះដឹង និងការវិនិយោគប្រកបដោយចីរភាព ដើម្បីទប់ស្កាត់ហានិភ័យ និងពង្រឹងភាពស៊ាំនៃប្រព័ន្ធកសិកម្ម-ចំណីអាហារ។

ព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាសកលនេះ ដោយមានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ លោកជំទាវបណ្ឌិត យក់ សម្បត្តិ គឺជារដ្ឋលេខាធិការ ក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអន្តរក្រសួងស្តីពីសុខភាពតែមួយ (IMCC-OH) អមដំណើរដោយ លោកស្រី Rebekah Bell តំណាងអង្គការ FAO ប្រចាំកម្ពុជា។

ការចូលរួមរបស់កម្ពុជា ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» តាមរយៈកិច្ចសហការ និងការសម្របសម្រួលពហុវិស័យ។ ក្រោមការដឹកនាំរបស់ IMCC-OH កម្ពុជានឹងបន្តប្រមូលផ្តុំវិស័យពាក់ព័ន្ធ ដើម្បីដោះស្រាយការគំរាមកំហែងសុខភាពដែលទើបកើតមាន ពង្រឹងការទប់ស្កាត់ និងការត្រៀមបម្រុង ព្រមទាំងលើកកម្ពស់ដំណោះស្រាយប្រកបដោយចីរភាព ឆ្លើយតបទាំងផ្នែកសុខភាពមនុស្ស សត្វ រុក្ខជាតិ និងបរិស្ថាន។

ជំនួបកម្រិតសកលនេះ ជាកលានុវត្តភាពយ៉ាងសំខាន់សម្រាប់កម្ពុជា ក្នុងការចែករំលែកបទពិសោធន៍ជាតិ ផ្លាស់ប្តូរចំណេះដឹង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធអន្តរជាតិ ដើម្បីគាំទ្រដល់អាទិភាព «សុខភាពតែមួយ» នៅកម្ពុជា និងចូលរួមចំណែកដល់សន្តិសុខសុខភាព ប្រព័ន្ធកសិកម្ម-ចំណីអាហារដែលមានភាពស៊ាំ និងការអភិវឌ្ឍប្រកបដោយចីរភាព៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodia
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក FAO Cambodia