National
• 6 days ago• Lim_Rothanaksambath
កម្មវិធីប្រកួតគំនូរជញ្ជាំង «Freedom 250 Mural Contest» ប្រកាសពន្យារពេលទទួលពាក្យសម្រាប់ខេត្តបាត់ដំបង និងសៀមរាប

ភ្នំពេញ, ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦៖ កម្មវិធី «Freedom 250 Mural Contest» បានប្រកាសពន្យារពេលនៃការទទួលពាក្យចូលរួមប្រកួតប្រជែងរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្តល់ពេលវេលា និងឱកាសកាន់តែទូលំទូលាយដល់យុវជនដែលមានទេពកោសល្យ និងការច្នៃប្រឌិតនៅក្នុង ខេត្តបាត់ដំបង និងខេត្តសៀមរាប ក្នុងការបញ្ចេញស្នាដៃសិល្បៈរបស់ខ្លួន។
កម្មវិធីប្រកួតប្រជែងគំនូរជញ្ជាំងនេះ គឺជាវេទិកាដ៏ពិសេសមួយសម្រាប់យុវជនក្នុងការបង្ហាញទេពកោសល្យផ្នែកសិល្បៈ និងឆ្លុះបញ្ចាំងពីស្មារតីនៃនវានុវត្តន៍ និងភាពច្នៃប្រឌិតរបស់សហរដ្ឋអាមេរិក តាមរយៈការរចនាគំនូរជញ្ជាំង (Mural) ដ៏រស់រវើក ក្រោមប្រធានបទ «ខួបសេរីភាព ២៥០» (Freedom 250)។
កម្មវិធី «Freedom 250 Mural Contest» បើកទូលាយសម្រាប់យុវជនដែលមានទេពកោសល្យ និងគំនិតច្នៃប្រឌិតទាំងអស់ ដែលកំពុងរស់នៅ និងសិក្សានៅក្នុងខេត្តបាត់ដំបង និងខេត្តសៀមរាប ដោយស្នាដៃរចនាគំនូរជញ្ជាំងដែលទទួលបានជ័យលាភី នឹងត្រូវបានជ្រើសរើសយកទៅដាក់តាំងបង្ហាញជាផ្លូវការនៅមជ្ឈមណ្ឌល American Corner ដើម្បីឱ្យសាធារណជនបានទស្សនា។
សម្រាប់ បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចពិនិត្យមើលលក្ខខណ្ឌលម្អិត និងការណែនាំនានានៃការប្រកួត ដើម្បីត្រៀមខ្លួនប្រែក្លាយគំនិតច្នៃប្រឌិតរបស់ខ្លួនឱ្យក្លាយជាការពិត។ ក្នុងនោះ ជ័យលាភីលេខ១ នឹងទទួលបានរង្វាន់ iPad Air 11 រីឯជ័យលាភីលេខ២ និង៣ នឹងទទួលបានរង្វាន់ Google Fitbit Air។
គួររំលឹកថា ឆ្នាំ២០២៦ គឺជាខួបគម្រប់ ២៥០ឆ្នាំ នៃការប្រកាសឯករាជ្យរបស់សហរដ្ឋអាមេរិក (១៧៧៦–២០២៦) ដែលត្រូវបានប្រារព្ធឡើងក្រោមយុទ្ធនាការ «America 250» ឬ «Freedom 250» នៅទូទាំងពិភពលោក រួមទាំងតាមរយៈស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដើម្បីអបអរសាទរប្រវត្តិសាស្ត្រ នវានុវត្តន៍ និងការផ្លាស់ប្តូរវប្បធម៌៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



