National
• 1 hour ago• Lim_Rothanaksambath
ធនាគារជាតិនៃកម្ពុជា សហការ GFTN រៀបចំវេទិកាហិរញ្ញវត្ថុអន្តរជាតិ «Black Swan Summit Cambodia 2026» ជាលើកដំបូងនៅភ្នំពេញ

ភ្នំពេញ, ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ធនាគារជាតិនៃកម្ពុជា (NBC) សហការជាមួយ ស្ថាប័នបណ្តាញបច្ចេកវិទ្យា និងហិរញ្ញវត្ថុសកល (Global Finance & Technology Network - GFTN) នឹងរៀបចំវេទិកាកំពូលលំដាប់អន្តរជាតិ «Black Swan Summit Cambodia 2026» ជាលើកដំបូងបំផុត នៅក្នុងរាជធានីភ្នំពេញ ចាប់ពី ថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។
ព្រឹត្តិការណ៍ហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្រិតអន្តរជាតិនេះ នឹងប្រមូលផ្តុំទៅដោយថ្នាក់ដឹកនាំស្ថាប័ន អ្នករៀបចំគោលនយោបាយ និងអ្នកជំនាញជាន់ខ្ពស់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន (ASEAN) ព្រមទាំងបណ្តាប្រទេសប្រើប្រាស់ភាសាបារាំង (Francophonie) ដើម្បីផ្លាស់ប្តូរទស្សនទាន ជជែកពិភាក្សា និងស្វែងយល់ពីបច្ចុប្បន្នភាពនៃប្រព័ន្ធហិរញ្ញវត្ថុសកល។
ប្រធានបទស្នូលដែលនឹងត្រូវលើកយកមកពិភាក្សានៅក្នុងវេទិកានេះ រួមមាន៖ ទិសដៅវិវត្តនៃប្រព័ន្ធទូទាត់សងប្រាក់ (Payment Systems Evolution) សំដៅដល់ការធ្វើទំនើបកម្ម និងនវានុវត្តន៍នៃប្រព័ន្ធទូទាត់ឌីជីថល, ទ្រព្យនិម្មិត (Virtual Assets) ការគ្រប់គ្រង ឱកាស និងបច្ចេកវិទ្យាជុំវិញទ្រព្យឌីជីថល និង ការតភ្ជាប់ហិរញ្ញវត្ថុឆ្លងដែន (Cross-Border Financial Connectivity) ឆ្ពោះទៅការពង្រឹងកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ និងប្រព័ន្ធទូទាត់រវាងបណ្តាប្រទេសក្នុងតំបន់ និងសកលលោក។

វេទិកានេះត្រូវគេរំពឹងថា នឹងក្លាយជាកាតាលីករយ៉ាងសំខាន់សម្រាប់ថ្នាក់ដឹកនាំស្ថាប័ន និងអ្នកដឹកនាំក្រុមការងារ ក្នុងការទាញយកចំណេះដឹង បទពិសោធន៍ និងបច្ចេកវិទ្យាថ្មីៗ ដើម្បីយកទៅអនុវត្តផ្ទាល់ក្នុងស្ថាប័ន និងបង្កើតជាសមិទ្ធផលជាក់ស្តែង ឆ្លើយតបនឹងការរីកចម្រើននៃសេដ្ឋកិច្ចឌីជីថល។
ចុះឈ្មោះចូលរួម ដោយឥតគិតថ្លៃ (Free Registration) សម្រាប់សមាជិកគ្រប់រូបនៃក្រុមការងារ និងស្ថាប័ននានា ដោយគ្រាន់តែចុះឈ្មោះតាមគេហទំព័រផ្លូវការ https://www.cambodia.blackswansummit.com/registration
គួរឱ្យដឹងផងដែរថា ព្រឹត្តិការណ៍នេះ មិនត្រឹមតែលើកកម្ពស់មុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយរុញច្រានប្រព័ន្ធហិរញ្ញវត្ថុកម្ពុជាឱ្យកាន់តែមានភាពស៊ីសង្វាក់គ្នាជាមួយទីផ្សារតំបន់ និងពិភពលោកផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
