The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

មោទនភាពជាតិ! អង្ករកម្ពុជា ២ ប្រភេទឈ្នះពានរង្វាន់រសជាតិដ៏អស្ចារ្យ “Great Taste Awards 2026” នៅចក្រភពអង់គ្លេស

មោទនភាពជាតិ! អង្ករកម្ពុជា ២ ប្រភេទឈ្នះពានរង្វាន់រសជាតិដ៏អស្ចារ្យ “Great Taste Awards 2026” នៅចក្រភពអង់គ្លេស
ភ្នំពេញ, ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦៖ ផលិតផលអង្ករក្រអូបរបស់កម្ពុជា បានបន្តសាងកេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិជាថ្មីម្តងទៀត បន្ទាប់ពីក្រុមហ៊ុនក្នុងស្រុកចំនួន ២ បានទទួលការទទួលស្គាល់ និងឈ្នះពានរង្វាន់នៅក្នុងព្រឹត្តិការណ៍ Great Taste Awards ឆ្នាំ២០២៦ នៅចក្រភពអង់គ្លេស ដែលជាពានរង្វាន់ដ៏មានឥទ្ធិពលបំផុតមួយក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈលំដាប់ពិភពលោក។

យោងតាមការចុះផ្សាយរបស់ស្ថានទូតចក្រភពអង់គ្លេសប្រចាំកម្ពុជា កាលពីពេលថ្មីៗនេះ បានឱ្យដឹងថា ក្រុមហ៊ុនដែលទទួលបានជោគជ័យដ៏អស្ចារ្យនេះ រួមមាន៖

១. ក្រុមហ៊ុន Primalis Corporation៖ ត្រូវបានគណៈកម្មការផ្តល់ពិន្ទុខ្ពស់ និងកោតសរសើរចំពោះ «អង្ករផ្កាម្លិះលំដាប់ខ្ពស់» (Premium Jasmine Rice) ដែលមានលក្ខណៈពិសេសត្រង់ភាពផ្អែមស្រាលពីធម្មជាតិ និងរសជាតិដ៏ឈ្ងុយឆ្ងាញ់លើសគេ។

២. ក្រុមហ៊ុន Khmer Foods Group៖ ទទួលបានការទទួលស្គាល់សម្រាប់អង្ករផ្កាម្លិះ ផ្ការំដួល ក្រោមស្លាកសញ្ញា «ម៉ាកក្រយ៉ា» (Kraya Brand) ដែលត្រូវបានគណៈកម្មការវាយតម្លៃថា មានគុណភាពខ្ពស់ និងរសជាតិដ៏ល្អឥតខ្ចោះ។

ជ័យលាភីនេះ គឺជាលទ្ធផលកើតចេញពីកិច្ចខិតខំប្រឹងប្រែងក្រោម កម្មវិធីភាពជាដៃគូពាណិជ្ជកម្មចក្រភពអង់គ្លេស (UK Trade Partnership - UKTP)។ កម្មវិធីនេះបានដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រដល់អាជីវកម្មក្នុងស្រុករបស់កម្ពុជា តាមរយៈការផ្តល់ជំនួយបច្ចេកទេស ការពង្រឹងសមត្ថភាពផលិត និងការបើកច្រកផ្លូវសម្រាប់ផលិតផលខ្មែរឱ្យឈានជើងចូលទៅក្នុងទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារដ៏ធំនៅអឺរ៉ុប និងចក្រភពអង់គ្លេស។

ស្ថានទូតចក្រភពអង់គ្លេសបានសម្តែងនូវសេចក្តីសោមនស្សរីករាយជាខ្លាំង ដោយបានបញ្ជាក់ថា៖ «សមិទ្ធផលទាំងនេះបង្ហាញពីកេរ្តិ៍ឈ្មោះអន្តរជាតិកាន់តែខ្លាំងឡើងរបស់អង្ករកម្ពុជា និងផលវិជ្ជមាននៃការគាំទ្រអាជីវកម្មក្នុងស្រុកឱ្យឈានដល់ទីផ្សារពិភពលោក»។
គួរបញ្ជាក់ផងដែរថា ពានរង្វាន់ Great Taste Awards ត្រូវបានគេស្គាល់ថាជា «ពានរង្វាន់អូស្ការ» នៃពិភពម្ហូបអាហារ។ រាល់ផលិតផលដែលបានឈ្នះ គឺត្រូវឆ្លងកាត់ការភ្លក់ និងវាយតម្លៃយ៉ាងម៉ឺងម៉ាត់ពីសំណាក់អ្នកជំនាញម្ហូបអាហារ មេចុងភៅល្បីៗ និងអ្នករិះគន់អាហាររាប់រយនាក់ ដែលនេះសបញ្ជាក់ថា អង្ករផ្ការំដួល និងអង្ករផ្កាម្លិះរបស់កម្ពុជា ពិតជាមានគុណស្តង់ដារខ្ពស់ដែលអាចប្រកួតប្រជែងជាមួយផលិតផលមកពីជុំវិញពិភពលោកបាន។

តាមរយៈជោគជ័យនេះ គេរំពឹងថាការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងតំបន់អឺរ៉ុបនឹងមានការកើនឡើងបន្ថែមទៀត ដែលវានឹងជួយលើកកម្ពស់ជីវភាពកសិករខ្មែរ និងសេដ្ឋកិច្ចជាតិទាំងមូល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2