The Khmer Daily Network Logo

National

3 hours agoLim_Rothanaksambath

ធុរជន និងអ្នកមានឥទ្ធិពលផ្នែកបច្ចេកវិទ្យា នឹងមកកម្ពុជាចូលរួមមហាសន្និបាតពិភពលោក GX Summit 2026 នៅចុងខែកញ្ញា

ធុរជន និងអ្នកមានឥទ្ធិពលផ្នែកបច្ចេកវិទ្យា នឹងមកកម្ពុជាចូលរួមមហាសន្និបាតពិភពលោក GX Summit 2026 នៅចុងខែកញ្ញា
ភ្នំពេញ, ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្ដល់ការអនុញ្ញាតជាគោលការណ៍ក្នុងការរៀបចំមហាសន្និបាតពិភពលោក GX Summit 2026 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។ ការសម្រេចនេះ បង្ហាញពីមហិច្ឆតារបស់កម្ពុជាក្នុងការបង្កើនឥទ្ធិពលលើឆាកអន្តរជាតិ និងការទាក់ទាញវិនិយោគិន ក៏ដូចជាភ្ញៀវទេសចរកម្រិតខ្ពស់ពីជុំវិញពិភពលោក។

កិច្ចប្រជុំកំពូលកម្រិតពិភពលោកនេះ ទទួលបានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជាពិសេសតាមរយៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការក្នុងការសម្របសម្រួល និងជំរុញឱ្យព្រឹត្តិការណ៍នេះលេចចេញជារូបរាងឡើង។

GX Summit ត្រូវបានគេស្គាល់ថាជាវេទិកាលំដាប់អន្តរជាតិ ដែលប្រមូលផ្ដុំដោយថ្នាក់ដឹកនាំធុរកិច្ច វិនិយោគិន អ្នកបង្កើតថ្មី និងអ្នកមានឥទ្ធិពលលើវិស័យបច្ចេកវិទ្យា និងសេដ្ឋកិច្ចមកពីបណ្ដាប្រទេសជាច្រើន។ ការរៀបចំនៅកម្ពុជានឹងក្លាយជាឱកាសមាសក្នុងការបង្ហាញពីសក្ដានុពលសេដ្ឋកិច្ច ស្ថិរភាពនយោបាយ និងបរិយាកាសវិនិយោគដ៏មានអំណោយផលរបស់ប្រទេស។

កិច្ចប្រជុំកំពូលកម្រិតពិភពលោក GX Summit ក៏ជាឱកាសទាក់ទាញក្រុមហ៊ុនយក្សៗឱ្យមកសិក្សាពីឱកាសវិនិយោគដោយផ្ទាល់នៅកម្ពុជា និងជំរុញវិស័យទេសចរណ៍បែបធុរកិច្ច ដែលនាំមកនូវចំណូលខ្ពស់ដល់សណ្ឋាគារ សេវាកម្មដឹកជញ្ជូន និងម្ហូបអាហារ។
បន្ថែមពីលើនោះ កម្ពុជា ក៏អាចពង្រឹងកិត្យានុភាពកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោក បន្ទាប់ពីជោគជ័យនៃកិច្ចប្រជុំអាស៊ាន និងការប្រកួតកីឡាស៊ីហ្គេម។

តាមរយៈការតាមដានសកម្មភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកតែងតែសង្កត់ធ្ងន់លើការធ្វើទំនើបកម្មសេដ្ឋកិច្ច និងការនាំយកព្រឹត្តិការណ៍ធំៗមកកាន់កម្ពុជា ដើម្បីផ្សព្វផ្សាយពី "ច្បាប់វិនិយោគថ្មី" និង "សក្ដានុពលតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ"៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1