National

3 hours agoLim_Rothanaksambath

នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ៣ថ្ងៃ

នាវាចម្បាំងកងទ័ពជើងទឹកកាណាដា HMCS Regina ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ៣ថ្ងៃ
ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នាវាចម្បាំងកងទ័ពជើងទឹកកាណាដា ១គ្រឿង មានឈ្មោះថា HMCS Regina (FFH334) បានចូលចតប្រកបដោយសុវត្ថិភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចផ្លូវការរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងពិធីទទួលស្វាគមន៍យ៉ាងកក់ក្តៅនៅឯបេនដីនៃកំពង់ផែ ភាគីកងទ័ពជើងទឹកកម្ពុជាត្រូវបានដឹកនាំដោយ លោកឧត្តមនាវីត្រី អ៊ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាម ដោយបានសម្តែងនូវការស្វាគមន៍យ៉ាងស្និទ្ធស្នាលចំពោះគណៈប្រតិភូកងទ័ពជើងទឹកកាណាដា ដែលដឹកនាំដោយ លោកវរនាវីទោ Darren Sleen (Commander Darren Sleen) មេបញ្ជាការនាវា HMCS Regina។

ដំណើរទស្សនកិច្ចរបស់នាវាចម្បាំង HMCS Regina មកកាន់កម្ពុជានាពេលនេះ ធ្វើឡើងក្នុងគោលបំណងពង្រឹង និងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការយោធា និងការផ្លាស់ប្ដូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ កម្ពុជា និងកាណាដា។

ក្នុងអំឡុងពេលស្នាក់នៅរយៈពេល ៣ថ្ងៃនេះ គណៈប្រតិភូនាវាកងទ័ពជើងទឹកកាណាដា មានគម្រោងជួបសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំកងទ័ពជើងទឹកកម្ពុជា និងអាជ្ញាធរខេត្តព្រះសីហនុ ព្រមទាំងមានសកម្មភាពផ្លាស់ប្តូរវប្បធម៌ កីឡា និងការងារបច្ចេកទេសកិច្ចការសមុទ្រមួយចំនួនទៀត។

នាវា HMCS Regina (FFH334) គឺជាប្រភេទនាវាចម្បាំងល្បាតហ្វ្រ៊ីហ្គេត (Halifax-class Frigate) ដ៏ទំនើបមួយរបស់កងទ័ពជើងទឹកភូមិន្ទកាណាដា (Royal Canadian Navy) ដែលមានសមត្ថភាពបំពេញបេសកកម្មចម្រុះ រួមមានការការពារអាកាស ការប្រឆាំងនាវាមុជទឹក និងការល្បាតការពារសន្តិសុខសមុទ្រ។


Inline imageប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងទឹកប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក កងទ័ពជើងទឹក
នាវានេះមានលក្ខណៈបច្ចេកទេសសំខាន់ៗ ដូចជា៖ ទម្ងន់ផ្ទុក (Displacement) ៥,១០០ តោន, ប្រវែងបណ្ដោយ (Length) ១៣៤.៧ ម៉ែត្រ, ប្រវែងទទឹង (Beam) ១៦.៥ ម៉ែត្រ, ជម្រៅទឹក (Draft) ៧.៥ ម៉ែត្រ និង នាយទាហានបញ្ជាការ លោកវរនាវីទោ Darren Sleen (Commander Darren Sleen)។


ការចូលចតរបស់នាវាចម្បាំងកាណាដានៅកម្ពុជានេះ ឆ្លុះបញ្ចាំងពីការបេជ្ញាចិត្តរបស់កាណាដាក្នុងការបង្កើនទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងការលើកកម្ពស់សន្តិសុខ សុវត្ថិភាព និងស្ថិរភាពដែនសមុទ្រ។ ដំណើរទស្សនកិច្ចបែបនេះក៏ជាឱកាសដ៏ល្អសម្រាប់កងទ័ពជើងទឹកកម្ពុជាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការផ្លាស់ប្តូរជំនាញបច្ចេកទេសយោធាសមុទ្រ ដើម្បីរួមចំណែកដល់ការថែរក្សាសន្តិភាពក្នុងតំបន់ និងសកលលោក៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3