National
• 4 days ago• Lim_Rothanaksambath
បង្ហាញប្រព័ន្ធ Hotline បែបឌីជីថលរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដែលដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់២៤ម៉ោងលើ២៤ម៉ោង

ភ្នំពេញ, ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើរស្របទៅតាមការវិវត្តនៃបច្ចេកវិទ្យា និងដើម្បីបង្កើនប្រសិទ្ធភាពសេវាសាធារណៈ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានប្រកាសជាផ្លូវការពីការធ្វើទំនើបកម្ម និងកែសម្រួលប្រព័ន្ធទំនាក់ទំនង Hotlines របស់ខ្លួនឱ្យទៅជាប្រព័ន្ធឌីជីថលទំនើប ដោយដំណើរការបម្រើសេវាជូនប្រជាពលរដ្ឋ និងសាធារណជន ២៤ម៉ោងលើ២៤ម៉ោង។
យោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា កាលពីពេលកន្លងមក អង្គភាពធ្លាប់បានបង្កើតប្រព័ន្ធទំនាក់ទំនង Hotline តាមរយៈទូរស័ព្ទសម្រាប់ទទួលព័ត៌មាន និងសំណូមពរផ្សេងៗ ក៏ប៉ុន្តែ ដើម្បីឆ្លើយតបឱ្យទាន់ពេលវេលាទៅនឹងស្ថានភាពសង្គមបច្ចុប្បន្ន និងការរីកចម្រើននាពេលអនាគតនៃព្រះរាជាណាចក្រកម្ពុជា អគ្គនាយកដ្ឋានបានសម្រេចកែសម្រួល និងអភិវឌ្ឍប្រព័ន្ធទំនាក់ទំនងនេះ ឱ្យក្លាយជាប្រព័ន្ធឌីជីថលទាន់សម័យ។
ប្រព័ន្ធទំនាក់ទំនងដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានដាក់ចេញ រួមមាន៖ លេខទូរស័ព្ទ (HOTLINE) (+855) 68 386 699, (+855) 78 386 699, (+855) 87 386 699 និង www.immigration.gov.kh, www.facebook.com/GDIOfficial និង hotline@immigration.gov.kh ។
ការធ្វើទំនើបកម្មប្រព័ន្ធ Hotline ឌីជីថលនេះ ធ្វើឡើងក្នុងគោលបំណងធានាឱ្យបាននូវដំណើរការការងារកាន់តែរលូន ឆាប់រហ័ស ងាយស្រួល និងទាន់ហេតុការណ៍ក្នុងការទទួលព័ត៌មាន សំណួរ សំណូមពរ ឬការរាយការណ៍ផ្សេងៗពីសំណាក់ប្រជាពលរដ្ឋ និងសាធារណជន មិនថាជាតិ ឬអន្តរជាតិនោះឡើយ។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានអំពាវនាវ និងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណៈជនទាំងអស់ មេត្តាជ្រាបជាដំណឹង និងអាចធ្វើការទំនាក់ទំនងមកកាន់ប្រព័ន្ធ Hotline ឌីជីថលថ្មីនេះបានជុំវិញនាឡិកា (២៤ម៉ោង/៧ថ្ងៃ) ដើម្បីទទួលបាននូវព័ត៌មាន ក៏ដូចជាកិច្ចអន្តរាគមន៍ និងសេវាចាំបាច់នានាប្រកបដោយទំនុកចិត្ត និងប្រសិទ្ធភាពខ្ពស់៕
ប្រភព៖ https://www.facebook.com/share/p/1PxZMXzRN8/
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network

