National

• 2 hours ago• Lim_Rothanaksambath

កម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្ស និងអំពាវនាវឱ្យដោះស្រាយបញ្ហាពលរដ្ឋភៀសសឹក ក្នុងសម័យប្រជុំ HRC លើកទី៦៣

កម្ពុជា បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តលើកកម្ពស់សិទ្ធិមនុស្ស និងអំពាវនាវឱ្យដោះស្រាយបញ្ហាពលរដ្ឋភៀសសឹក ក្នុងសម័យប្រជុំ HRC លើកទី៦៣
ភ្នំពេញ, ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស បានចេញសេចក្តីប្រកាសព័ត៌មានផ្លូវការ គូសបញ្ជាក់ពីលទ្ធផលនៃការចូលរួមយ៉ាងសកម្មរបស់កម្ពុជា នៅក្នុងសម័យប្រជុំទៀងទាត់លើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ខែកញ្ញា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៦។

នៅក្នុងអំឡុងពេលនៃសម័យប្រជុំប្រវត្តិសាស្ត្រនេះ តំណាងកម្ពុជាបានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនាអន្តរកម្ម កិច្ចពិភាក្សាជាក្រុម និងកិច្ចពិភាក្សាទូទៅ ដោយបានថ្លែងសេចក្តីថ្លែងការណ៍សរុបចំនួន ២០ គ្របដណ្តប់លើវិស័យសិទ្ធិមនុស្សយ៉ាងទូលំទូលាយ រួមមាន សិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌ សិទ្ធិអភិវឌ្ឍន៍ ការលុបបំបាត់វិសមភាព ការអប់រំសិទ្ធិមនុស្ស ហិរញ្ញប្បទានអាកាសធាតុ ការទប់ស្កាត់ការជួញដូរមនុស្ស ការឃុំខ្លួនដោយបំពាន ការបាត់ខ្លួនដោយបង្ខំ ស្ត្រីនិងកុមារក្នុងស្ថានភាពជម្លោះ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ពាក់ព័ន្ធនឹងកិច្ចសន្ទនាអន្តរកម្មជាមួយ លោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កាលពីថ្ងៃទី២ ខែតុលា កម្ពុជាបានបញ្ជាក់ជាថ្មីពីស្មារតីសហប្រតិបត្តិការប្រកបដោយលក្ខណៈស្ថាបនា ស្របតាមអាណត្តិរបស់លោក។ ជាមួយគ្នានេះ កម្ពុជាបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដោយផ្អែកលើអង្គហេតុជាក់លាក់ ព័ត៌មានដែលបានផ្ទៀងផ្ទាត់ ភាពមិនលំអៀង ច្បាប់ជាធរមាន និងដំណើរការនីតិវិធីត្រឹមត្រូវ។

Inline image
ចំណុចសំខាន់មួយទៀតនៃសេចក្តីថ្លែងការណ៍ កម្ពុជាបានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែសកម្ម និងស្ថាបនា ក្នុងការចូលរួមជាមួយគ្រប់ភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយឱ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ ទៅកាន់លំនៅឋានដើមវិញ ប្រកបដោយសុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងដោយគ្មានការរារាំង អនុលោមតាមច្បាប់អន្តរជាតិ។

លើសពីនេះ កម្ពុជាក៏បានរួមបក្សសម្ព័ន្ធជាមួយបណ្តាប្រទេសសមាជិកអាស៊ាន និងដៃគូអន្តរជាតិ ក្នុងការជំរុញឱ្យមានសកម្មភាពកាន់តែខ្លាំងលើការកសាងសមត្ថភាព ជំនួយបច្ចេកទេស ការប្រឆាំងការរើសអើងពូជសាសន៍ និងពណ៌សម្បុរ សិទ្ធិទទួលបានទឹកស្អាត បញ្ហាប្រាក់ឈ្នួលស្មើគ្នា ការប្រឆាំងភេរវកម្ម និងការទទួលបានការថែទាំសុខភាពផ្លូវកាយ និងផ្លូវចិត្តតាមស្តង់ដារខ្ពស់បំផុត។

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមប្រឹក្សាសិទ្ធិមនុស្ស ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) អ្នករាយការណ៍ពិសេស និងដៃគូអន្តរជាតិទាំងអស់ ដើម្បីលើកកម្ពស់សន្តិភាព ការអភិវឌ្ឍប្រកបដោយចីរភាព និងការការពារសិទ្ធិមនុស្សសម្រាប់ប្រជាពលរដ្ឋគ្រប់រូប៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង Neth Pheaktra
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Permanent Mission of the Kingdom of Cambodia to the UN Office at Geneva និង Neth Pheaktra