National

• 3 hours ago• Lim_Rothanaksambath

កម្ពុជា បង្ហាញរាយការណ៍ការខូចខាតប្រាសាទព្រះវិហារ ៥៦២កន្លែង និងអំពាវនាវឱ្យស្ដារសុវត្ថិភាពតំបន់បេតិកភណ្ឌ ក្នុងកិច្ចប្រជុំ ICC-ព្រះវិហារ លើកទី១១

កម្ពុជា បង្ហាញរាយការណ៍ការខូចខាតប្រាសាទព្រះវិហារ ៥៦២កន្លែង និងអំពាវនាវឱ្យស្ដារសុវត្ថិភាពតំបន់បេតិកភណ្ឌ ក្នុងកិច្ចប្រជុំ ICC-ព្រះវិហារ លើកទី១១
ភ្នំពេញ, ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦៖ គណៈកម្មាធិការសម្របសម្រួលអន្តរជាតិសម្រាប់ការអភិរក្ស និងការលើកតម្លៃប្រាសាទព្រះវិហារ (ICC-Preah Vihear) បានរៀបចំកិច្ចប្រជុំបច្ចេកទេសលើកទី១១ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខា ខេត្តសៀមរាប ដើម្បីពិនិត្យ តាមដាន និងវាយតម្លៃលើការងារអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានបេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ និងប្រាសាទកោះកេរ។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា រួមជាមួយសហប្រធាន លោកស្រី LI Qiaozhi អនុប្រធាននាយកដ្ឋានកិច្ចការបរទេសនៃរដ្ឋបាលបេតិកភណ្ឌវប្បធម៌ជាតិចិន និង លោក Vijay Shankar PRASAD លេខាទី២ នៃស្ថានទូតឥណ្ឌាប្រចាំកម្ពុជា។

កិច្ចប្រជុំនេះមានការចូលរួមពីតំណាងរដ្ឋសមាជិកចំនួន ៥ ប្រទេស គឺ បែលហ្សិក បារាំង ជប៉ុន ថៃ និងសហរដ្ឋអាមេរិក, អ្នកជំនាញការអាដហុក, អាជ្ញាធរជាតិអប្សរា, អាជ្ញាធរជាតិសំបូរព្រៃគុក ,មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ព្រមទាំងអ្នកស្រាវជ្រាវជាតិ និងអន្តរជាតិសរុបប្រមាណ ១៥០ រូប។

ក្នុងកិច្ចប្រជុំនាពេលព្រឹក អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ បានរាយការណ៍អំពីលទ្ធផលនៃបេសកកម្មផ្តល់យោបល់របស់អ្នកជំនាញការអន្តរជាតិ UNESCO-ICOMOS ដែលបានចុះពិនិត្យ និងវាយតម្លៃផ្ទាល់កាលពីថ្ងៃទី១-៦ ខែមីនា ឆ្នាំ២០២៦។ ក្នុងនោះ ជម្លោះប្រដាប់អាវុធនាពេលកន្លងមក (ថ្ងៃទី២៤-២៨ ខែកក្កដា និងថ្ងៃទី៧-២៧ ខែធ្នូ ឆ្នាំ២០២៥) បានបង្កការខូចខាតដល់ប្រាសាទព្រះវិហារចំនួន ៥៦២ កន្លែង ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជុំវិញ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគមន៍ប្រជាជនក្នុងតំបន់។

បច្ចុប្បន្ន របាយការណ៍វាយតម្លៃផ្លូវការនេះត្រូវបានបង្ហោះ និងផ្សព្វផ្សាយជាសាធារណៈនៅលើគេហទំព័ររបស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក UNESCO។
តាមរយៈកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរជាតិព្រះវិហារ អង្គការ UNESCO មូលនិធិ ALIPH ក្រសួងវប្បធម៌បារាំង និងរាជរដ្ឋាភិបាលកម្ពុជា លទ្ធផលសំខាន់ៗត្រូវបានសម្រេច៖

• ការបោសសម្អាតយុទ្ធភណ្ឌ (CMAC)៖ បានបោសសម្អាតលើផ្ទៃដីប្រមាណ ៧០ ហិកតា ដោយរកឃើញរណ្តៅគ្រាប់ ៦២៥ កន្លែង, គ្រាប់លើដី ៧៣០ គ្រាប់, គ្រាប់កប់ក្នុងដី ២៤៧ គ្រាប់ និងមីន ៤ គ្រាប់។
• ការរក្សាទុក និងទល់ទ្រប្រាសាទ៖ បានប្រមូល និងចុះបញ្ជីបំណែកថ្មប្រាសាទបាក់បែកចំនួន ៨៤,៨០០ ដុំ, ទល់ទ្ររចនាសម្ព័ន្ធប្រាសាទដែលមានហានិភ័យខ្ពស់ចំនួន ២៣ ទីតាំង, ដំឡើងឧបករណ៍តាមដានបម្រែបម្រួលប្រាសាទ ៥០ កន្លែង, សាងសង់ដំបូលគ្រប ៤ កន្លែង និងស្តារប្រព័ន្ធបង្ហូរទឹកបុរាណប្រវែងជិត ២៥០ ម៉ែត្រ។
• កិច្ចការបន្ទាន់បន្ត៖ នៅមានរចនាសម្ព័ន្ធប្រាសាទចំនួន ២៥ កន្លែងទៀត ដែលត្រូវការទល់ទ្របន្ទាន់ ព្រមទាំងតម្រូវឱ្យសាងសង់រោងរក្សាទុកបំណែកថ្ម និងប្រព័ន្ធរំដោះទឹកបន្ថែម។

Inline image
អង្គប្រជុំបានពិនិត្យមើលវឌ្ឍនភាពការងារនៅតំបន់បេតិកភណ្ឌកោះកេរ រួមមាន៖ បញ្ចប់ការជួសជុលតួប៉មប្រាសាទក្រហម និងខ្លោងទ្វារខាងត្បូង ក្រោមការគាំទ្រពីមូលនិធិ ALIPH, បន្តការសិក្សាស្រាវជ្រាវគ្រឹះប្រាសាទបល្ល័ង្កត្បូង និងរៀបចំផែនការអភិរក្សខ្លោងទ្វារខាងលិចប្រាសាទក្រចាប់ និងប្រាសាទប្រាំ, សិក្សាអំពីការរស់នៅរបស់មនុស្សនៅកោះកេរដោយវិទ្យាស្ថាន Max Planck (អាល្លឺម៉ង់) និងការសិក្សាសំណង់បុរាណវិទ្យាដោយសាកលវិទ្យាល័យ Yale (សហរដ្ឋអាមេរិក)។


Inline image
លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានគូសបញ្ជាក់យ៉ាងច្បាស់ថា «តំបន់បេតិកភណ្ឌពិភពលោកប្រាសាទព្រះវិហារ ត្រូវតែបន្តបម្រើមុខងារផ្នែកវប្បធម៌ និងបេតិកភណ្ឌរបស់ខ្លួន ហើយតំបន់នេះមិនត្រូវបាន និងមិនធ្លាប់ត្រូវបានប្រើប្រាស់សម្រាប់គោលបំណងយោធាឡើយ»។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋមន្ត្រី បានរំលេចអំពីសេចក្តីសម្រេច Decision 48 COM 7 របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ (ខែកក្កដា ឆ្នាំ២០២៦) ដែលសម្តែងក្តីព្រួយបារម្ភចំពោះការខូចខាតបេតិកភណ្ឌពិភពលោកដោយសារជម្លោះ។ លោកជំទាវ បានសម្តែងក្តីសង្ឃឹមថា គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនទ្វេភាគី (JBC) នឹងបន្តការងារបោះបង្គោលព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីឱ្យប្រជាជនកម្ពុជាភៀសសឹកប្រមាណ ២០, ០០០ នាក់ អាចត្រឡប់ទៅកាន់ភូមិឋានវិញ។

ទន្ទឹមនឹងនេះ អង្គប្រជុំបានស្នើសុំឱ្យភាគីថៃផ្តល់ព័ត៌មាន និងទិន្នន័យពាក់ព័ន្ធនឹងទិសដៅនៃការបាញ់ប្រហារ និងការទម្លាក់គ្រាប់បែក (រួមទាំងគ្រាប់បែកចង្កោម/Cluster Munitions) ដើម្បីជាមូលដ្ឋានក្នុងប្រតិបត្តិការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្តារសុវត្ថិភាពក្នុងតំបន់ប្រាសាទឡើងវិញ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3