National

3 hours agoLim_Rothanaksambath

កម្ពុជា ត្រៀមស្វាគមន៍អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិនានាជុំវិញពិភពលោក ក្នុងនាមម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពី ICCOS-2026

កម្ពុជា ត្រៀមស្វាគមន៍អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិនានាជុំវិញពិភពលោក ក្នុងនាមម្ចាស់ផ្ទះសន្និសីទអន្តរជាតិស្តីពី ICCOS-2026
ភ្នំពេញ, ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦៖ ព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជាស្រេចក្នុងការត្រៀមស្វាគមន៍មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាល អ្នករៀបចំគោលនយោបាយ ស្ថាប័នអនុវត្តច្បាប់ និយ័តករហិរញ្ញវត្ថុ អ្នកជំនាញសន្តិសុខបច្ចេកវិទ្យា ក្រុមហ៊ុនបច្ចេកវិទ្យា គ្រឹះស្ថានសិក្សាស្រាវជ្រាវ អង្គការសង្គមស៊ីវិល និងដៃគូអន្តរជាតិនានាមកពីជុំវិញសកលលោក ក្នុងនាមជាម្ចាស់ផ្ទះរៀបចំសន្និសីទអន្តរជាតិស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS-2026) ក្រោមប្រធានបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

សន្និសីទអន្តរជាតិនេះ នឹងត្រូវរៀបចំឡើងរយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបើកជាផ្លូវការនៃសន្និសីទអន្តរជាតិនេះ នឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទនេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា»។ មូលហេតុដែលត្រូវរៀបចំឡើង គឺដោយសារតែការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានវិវត្តទៅជាវិបត្តិសាកល ដោយផ្លាស់ប្ដូរពីការឆបោកតាមបែបប្រពៃណីទៅជាសហគ្រាសឧក្រិដ្ឋកម្មឆ្លងដែនដ៏ស្មុគស្មាញ។ បណ្ដាញទាំងនេះក៏មានពាក់ព័ន្ធនឹងការជួញដូរមនុស្ស ការសម្អាតប្រាក់ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗខុសគោលដៅ ដូចជា បញ្ញាសិប្បនិម្មិត (AI) បច្ចេកវិទ្យាក្លែងបន្លំរូបភាព និងសម្លេង (Deepfake) និងរូបិយប័ណ្ណគ្រីបតូ (Cryptocurrencies) ដែលបង្កើតបានជាបញ្ហាប្រឈមពហុវិមាត្រ គ្មានប្រទេសណាមួយអាចដោះស្រាយប្រកបដោយប្រសិទ្ធភាពតែម្នាក់ឯងបានឡើយ។ សន្និសីទនេះមានគោលបំណងសម្រេចឱ្យបាននូវគោលបំណង ចំនួន៣ គឺ៖

Inline image
១. ស្វែងយល់ឱ្យកាន់តែស៊ីជម្រៅអំពីការវិវត្តនៃប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញរបស់បណ្តាញឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ សិក្សាវិភាគអំពីលក្ខណៈ ឫសគល់នៃបញ្ហា កត្តាជំរុញ និងផលប៉ះពាល់នៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការផ្សារភ្ជាប់របស់វាជាមួយបណ្តាញឧក្រិដ្ឋកម្មឆ្លងដែន ផលប៉ះពាល់ដល់សន្តិសុខ និងសង្គម ក៏ដូចជាតួនាទីរបស់បច្ចេកវិទ្យាថ្មីៗ ដែលជួយសម្រួលដល់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា
២. ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការសម្របសម្រួល និងភាពជាដៃគូពហុភាគី ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ លើកកម្ពស់ការចែករំលែកព័ត៌មាន កិច្ចសហការរវាងស្ថាប័នអនុវត្តច្បាប់ ការស៊ើបអង្កេតផ្នែកហិរញ្ញវត្ថុ កិច្ចខិតខំប្រឹងប្រែងក្នុងការបង្ការបទល្មើសបច្ចេកវិទ្យា និងការពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធរវាងរដ្ឋាភិបាល វិស័យឯកជន គ្រឹះស្ថានសិក្សាស្រាវជ្រាវ និងអង្គការអន្តរជាតិ
៣. លើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍ និងបង្កើតការអំពាវនាវឱ្យមានសកម្មភាពរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៖ លើកកម្ពស់ឱ្យកាន់តែរឹងមាំនូវក្របខ័ណ្ឌច្បាប់និងបទប្បញ្ញត្តិ វិធានការបង្ការប្រកបដោយប្រសិទ្ធភាព ភាពធន់ផ្នែកប្រព័ន្ធសាយប័រ ការបង្កើនការយល់ដឹងសាធារណៈនិងអក្ខរកម្មឌីជីថល ការការពារជនរងគ្រោះ និងសម្របសម្រួលនូវអភិក្រម «រដ្ឋាភិបាលទាំងមូល» និង «សង្គមទាំងមូល»។

តាមរយៈគេហទំព័រផ្លូវការ សន្និសីទនេះ នឹងអនុម័តលើឯកសារលទ្ធផលមួយ ដែលនឹងផ្តល់នូវក្របខ័ណ្ឌសម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការចែករំលែកព័ត៌មាន ការកសាងសមត្ថភាព ការបង្ការ ការអនុវត្តច្បាប់ ការការពារជនរងគ្រោះ និងការឆ្លើយតបស្របគ្នាចំពោះការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែនដែលប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា៕

​រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2