National
• 2 hours ago• Lim_Rothanaksambath
ក្រសួងមហាផ្ទៃ បញ្ជូនមន្ត្រីជំនាញអន្តោប្រវេសន៍ ចូលរួមវគ្គបណ្តុះបណ្តាល «ស៊ើបអង្កេតឌីជីថល និងសម្ភាសន៍ IIP» នៅហ្វីលីពីន ពង្រឹងការបង្ក្រាបបទល្មើស

ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងបង្កើនប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសឆ្លងដែន ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា បានបញ្ជូនមន្ត្រីជំនាញអន្តោប្រវេសន៍ឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាលថ្នាក់តំបន់ ស្តីពី «កម្មវិធីសម្ភាសន៍ស៊ើបអង្កេត» (Investigative Interviewing Programme - IIP) ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។
ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានអន្តោប្រវេសន៍ តំណាងកម្ពុជារួមមាន លោកវរសេនីយ៍ទោ គឹម សាង នាយរងការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិ និង លោកអនុសេនីយ៍ឯក អ៊ុក រ័ត្នបញ្ញា នាយផ្នែកការិយាល័យទិដ្ឋាការចូល បានចូលរួមក្នុងវគ្គសិក្សាដ៏សំខាន់នេះ។
វគ្គបណ្តុះបណ្តាល IIP នេះ ត្រូវបានរៀបចំឡើងក្រោមការសហការយ៉ាងជិតស្និទ្ធរវាង ការិយាល័យអន្តោប្រវេសន៍ហ្វីលីពីន (Bureau of Immigration) និង ក្រសួងមហាផ្ទៃអូស្ត្រាលី (Australian Department of Home Affairs) ដោយមានសិក្ខាកាមចូលរួមសរុបចំនួន ១៦ រូប មកពីបណ្តាប្រទេសចំនួន ៩ ក្នុងតំបន់អាស៊ាន។

ការបញ្ជូនមន្ត្រីជំនាញទៅដុសខាត់សមត្ថភាពលើជំនាញសម្ភាសន៍ និងស៊ើបអង្កេតនាពេលនេះ គឺត្រូវបានធ្វើឡើងស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តតាមបទបញ្ជា និងវិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កន្លងមក សម្តេចធិបតី ធ្លាប់បានបញ្ជាក់ជំហរយ៉ាងច្បាស់ៗថា «កម្ពុជាមិនអនុញ្ញាតឱ្យឧក្រិដ្ឋជន ឬជនខុសច្បាប់ប្រើប្រាស់ទឹកដីកម្ពុជា ជាទីតាំងធ្វើសកម្មភាពឆបោក ឬប្រព្រឹត្តបទល្មើសបង្កអសន្តិសុខដល់តំបន់ និងពិភពលោកឡើយ។ អាជ្ញាធរត្រូវតែបន្តបោសសម្អាត បង្ក្រាប និងបណ្ដេញចេញដោយគ្មានការលើកលែង ដើម្បីការពារកិត្តិយស និងសន្តិសុខជាតិ»។
ផ្អែកលើស្មារតីនេះ និងក្រោមការដឹកនាំតម្រង់ទិសដោយផ្ទាល់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា កម្លាំងសមត្ថកិច្ចកម្ពុជាបាននិងកំពុងខិតខំប្រឹងប្រែងបង្រ្កាប និងលុបបំបាត់ឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា (Cybercrime) ស្រាវជ្រាវដល់មេខ្លោង និងបានជួយសង្គ្រោះជនរងគ្រោះដែលត្រូវគេបោកបញ្ឆោត ឱ្យទទួលបានសេរីភាព និងត្រឡប់ទៅស្រុកកំណើតវិញដោយសុវត្ថិភាពជាបន្តបន្ទាប់។
ការទទួលបានចំណេះដឹងថ្មីៗពីវគ្គ IIP នេះ នឹងជួយបង្កើនសមត្ថភាពមន្ត្រីអន្តោប្រវេសន៍កម្ពុជានៅតាមច្រកទ្វារអន្តរជាតិ ក្នុងការកំណត់មុខសញ្ញា និងបង្ការទប់ស្កាត់បទល្មើសបានកាន់តែមានប្រសិទ្ធភាពខ្ពស់៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



