The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រសួងការងារ និងអង្គការ ILO កំណត់ផែនការថ្មីលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ក្នុងវិស័យនេសាទ

ក្រសួងការងារ និងអង្គការ ILO កំណត់ផែនការថ្មីលើកកម្ពស់សិទ្ធិ និងសុវត្ថិភាពពលករទេសន្តរប្រវេសន៍ក្នុងវិស័យនេសាទ
ភ្នំពេញ, ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រឹងដល់កិច្ចការពារសិទ្ធិពលករ និងជំរុញការធ្វើទេសន្តរប្រវេសន៍ដោយសុវត្ថិភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយអង្គការអន្តរជាតិខាងការងារ (ILO) រៀបចំកិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់ ដើម្បីពិនិត្យវឌ្ឍនភាព និងអនុម័តផែនការសកម្មភាពថ្មីសម្រាប់ឆ្នាំ២០២៦-២០២៧ ក្នុងក្របខ័ណ្ឌកម្មវិធី "សិទ្ធិជនទេសន្តរប្រវេសន៍ការងារនេសាទនៅអាស៊ីអាគ្នេយ៍" (Ship to Shore Rights South East Asia)។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តឡើងកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីភាព ឯកឧត្តម សេង ស ក្តារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ។

កិច្ចប្រជុំគណៈកម្មការប្រឹក្សាយោបល់នេះ បានផ្តោតសំខាន់លើចំណុចគន្លឹះចំនួន ៣ គឺ ការពិនិត្យឡើងវិញនូវសមិទ្ធផលដែលសម្រេចបានក្នុងអំឡុងឆ្នាំ២០២៥-២០២៦, ពិភាក្សា និងផ្តល់ការយល់ព្រមលើសេចក្តីព្រាងផែនការការងារសម្រាប់ឆ្នាំ២០២៦-២០២៧ និង ចែករំលែកមេរៀន និងបទពិសោធន៍ល្អៗរវាងភាគីពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពការងារនាពេលខាងមុខ។


ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ សេង ស ក្តា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយ និងបទប្បញ្ញត្តិជាច្រើន ដើម្បីធានាថាពលករខ្មែរដែលទៅធ្វើការនៅក្រៅប្រទេសទទួលបានការការពារសិទ្ធិ និងអត្ថប្រយោជន៍ពេញលេញ។ លោកបានបន្ថែមថា ការគ្រប់គ្រងទេសន្តរប្រវេសន៍ការងាររបស់កម្ពុជា គឺធ្វើឡើងដោយអនុលោមតាមអនុសញ្ញាអន្តរជាតិ និងកតិកាសញ្ញានៃអង្គការសហប្រជាជាតិយ៉ាងខ្ជាប់ខ្ជួន។

កម្មវិធីនេះត្រូវបានអនុវត្តនៅកម្ពុជាជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ ចាប់ផ្តើមពីខែសីហា ឆ្នាំ២០២១ ដល់ខែធ្នូ ឆ្នាំ២០២៤ (រយៈពេល ៤ឆ្នាំ) និង ដំណាក់កាលទី២កំពុងអនុវត្ត ចាប់ផ្តើមពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៨។

សូមជម្រាបថា កិច្ចប្រជុំដ៏មានអត្ថន័យនេះ មានការចូលរួមពីតំណាងសរុប ៥៧នាក់ (ស្រី ១៧នាក់) រួមមានមន្ត្រីជាន់ខ្ពស់ពីក្រសួង-ស្ថាប័នពាក់ព័ន្ធ, លោក ប្រាយអាន ហ្វរណារី (Bryan Fornari) ប្រធានផ្នែកកិច្ចសហប្រតិបត្តិការនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា, តំណាងអង្គការ ILO, ភ្នាក់ងារអង្គការសហប្រជាជាតិ, សមាគមនិយោជក, សហជីព និងអង្គការសង្គមស៊ីវិលនានា៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2