The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

ក្រសួងការងារ និង IOM ពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសមាហរណកម្មអតីតពលករ និងការការពារពលករខ្មែរនៅក្រៅប្រទេស

ក្រសួងការងារ និង IOM ពង្រឹងកិច្ចសហប្រតិបត្តិការគាំទ្រសមាហរណកម្មអតីតពលករ និងការការពារពលករខ្មែរនៅក្រៅប្រទេស
ភ្នំពេញ, ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានឯកភាពគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ ដើម្បីគាំទ្រដល់ការធ្វើសមាហរណកម្មសេដ្ឋកិច្ច-សង្គមរបស់អតីតពលករទេសន្តរប្រវេសន៍ និងការការពារសិទ្ធិអ្នកដែលកំពុងបម្រើការងារនៅបរទេស។

នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ កាលពីរសៀលថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងលោកស្រី នេលី ហ្កូសៃនី (Nellie Ghusayni) ប្រធានបេសកកម្ម IOM ប្រចាំកម្ពុជា បានលើកយកចំណុចគន្លឹះសំខាន់ៗមកជជែកពិភាក្សា ដែលផ្ដោតលើការលើកកម្ពស់ជីវភាព និងការផ្ដល់ជំនាញដល់ពលករ។

ចំណុចសំខាន់ៗនៃកិច្ចពិភាក្សាបានផ្តោតសំខាន់លើការធ្វើសមាហរណកម្ម និងការទទួលស្គាល់ជំនាញ ដោយភាគីទាំងពីរបានបង្ហាញវឌ្ឍនភាពនៃគម្រោងស្ដារជីវភាព និងការធ្វើសមាហរណកម្មអតីតពលករ។ ក្នុងនោះ ក្រសួងការងារបានរៀបចំការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន (RPL) និងការបណ្ដុះបណ្ដាលជំនាញវគ្គខ្លីដោយឥតគិតថ្លៃ ដើម្បីជួយឱ្យពួកគេអាចបង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារក្នុងសហគ្រាសក្នុងស្រុកបានយ៉ាងឆាប់រហ័ស។
ការរៀបចំគោលនយោបាយទេសន្តរប្រវេសន៍ការងារ ដោយអង្គការ IOM នឹងបន្តផ្ដល់ជំនួយបច្ចេកទេសដល់ក្រសួងក្នុងការរៀបចំសេចក្ដីព្រាង «គោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារ» ឱ្យកាន់តែមានភាពគ្រប់ជ្រុងជ្រោយ ដើម្បីធានាបាននូវការការពារសិទ្ធិ និងអត្ថប្រយោជន៍របស់ពលករខ្មែរស្របតាមស្តង់ដារអន្តរជាតិ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
ជាមួយគ្នានោះ អង្គការ IOM បានកោតសរសើរចំពោះយន្តការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងកម្លាំងពលកម្មបរទេស និងវិធានការបង្ក្រាបការជួញដូរកម្លាំងពលកម្មក្នុងបទល្មើសអនឡាញ ដែលជាបញ្ហាប្រឈមជាសកលនាពេលបច្ចុប្បន្ន។ កិច្ចសហការនេះ នឹងពង្រីកទៅលើការជួយជ្រោមជ្រែងអតីតពលករឱ្យមានលទ្ធភាពបង្កើតអាជីវកម្មខ្នាតតូចតាមមូលដ្ឋាន ជាពិសេសនៅតាមបណ្ដាខេត្តជាប់ព្រំដែន។

លោកស្រី នេលី ហ្កូសៃនី បានបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ IOM ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងការងារ ដើម្បីផ្សព្វផ្សាយឱកាសការងារឱ្យដល់មូលដ្ឋាន និងបន្តផ្តល់ការបណ្តុះបណ្តាលបច្ចេកទេសដល់ពលករកម្ពុជា។

គួរបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងការងារ និង IOM គឺជាសសរស្តម្ភដ៏សំខាន់មួយក្នុងការគ្រប់គ្រងលំហូរទេសន្តរប្រវេសន៍ឱ្យមានសុវត្ថិភាព របៀបរៀបរយ និងស្របច្បាប់ ដែលឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស និងបង្កើតការងារជូនពលរដ្ឋ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3