National

• 1 day ago• Lim_Rothanaksambath

កម្ពុជា ចូលរួមកិច្ចប្រជុំសំខាន់ៗ ៣ ក្នុងក្របខ័ណ្ឌ IPU នៅតង់សានី និងប្រកាសត្រៀមធ្វើម្ចាស់ផ្ទះប្រជុំ APA ឆ្នាំ២០២៧

កម្ពុជា ចូលរួមកិច្ចប្រជុំសំខាន់ៗ ៣ ក្នុងក្របខ័ណ្ឌ IPU នៅតង់សានី និងប្រកាសត្រៀមធ្វើម្ចាស់ផ្ទះប្រជុំ APA ឆ្នាំ២០២៧


ភ្នំពេញ, ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៦៖ គណៈប្រតិភូសភាកម្ពុជា ដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំក្របខ័ណ្ឌការងារចំនួន ៣ ក្នុងបរិបទនៃមហាសន្និបាតនៃសហភាពអន្តរសភា (IPU) លើកទី១៥៣ នាទីក្រុងអារ៉ូសា សាធារណរដ្ឋតង់សានី។

ក្នុងឱកាសនោះ កម្ពុជាបានប្រកាសពីការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសភាតំបន់អាស៊ី (APA) នៅឆ្នាំ២០២៧ និងបានជំរុញឱ្យពង្រឹងការទូតសភាដើម្បីរក្សាសន្តិភាព និងស្ថិរភាពសកល។

គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយ ឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃព្រឹទ្ធសភា រួមមាន សមាសភាពជាន់ខ្ពស់អមដំណើរដូចជា លោកជំទាវ ខេង សំវ៉ាដា អនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា, ឯកឧត្តម ទី សុគន្ធ លេខាធិការគណៈកម្មការទី៥ នៃរដ្ឋសភា, ឯកឧត្តម វ៉ា វាសនា នាយកខុទ្ទកាល័យរងឯកឧត្តមអនុប្រធានទី១ នៃព្រឹទ្ធសភា ព្រមទាំងមន្ត្រីបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងរដ្ឋសភា។

តួយ៉ាង នៅថ្ងៃទី៥ ខែតុលា គណៈប្រតិភូកម្ពុជាបានចូលរួមកិច្ចប្រជុំក្រុមភូមិសាស្ត្រសំខាន់ៗចំនួន ២ រួមមាន៖ កិច្ចប្រជុំក្រុមភូមិសាស្ត្រ ASEAN+3 ដែលដឹកនាំដោយប្រធានប្រតិភូសភាវៀតណាម និង កិច្ចប្រជុំក្រុមភូមិសាស្ត្រនយោបាយតំបន់អាស៊ី-ប៉ាស៊ីហ្វិក (Asia-Pacific Group) ដែលដឹកនាំដោយប្រធានប្រតិភូសភាប៊ូតង់។

កិច្ចប្រជុំទាំង ២ បានផ្តោតលើការពិនិត្យរបាយការណ៍សកម្មភាពការងារចន្លោះសម័យមហាសន្និបាត IPU លើកទី១៥២ (ខែមេសា ឆ្នាំ២០២៦) រហូតមកដល់ខែតុលា ឆ្នាំ២០២៦ នេះ។ បន្ថែមពីនេះ អង្គប្រជុំបានពិភាក្សាលើការរៀបចំជ្រើសរើសបេក្ខភាពសម្រាប់បំពេញកន្លែងទំនេរក្នុងគណៈកម្មការនានារបស់ IPU ដើម្បីដាក់ជូនមហាសន្និបាត IPU លើកទី១៥៣ បោះឆ្នោតសម្រេច។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ព្រឹទ្ធសភាកម្ពុជា Senate of Cambodia
ដោយឡែក នៅរសៀលថ្ងៃដដែល គណៈប្រតិភូកម្ពុជាបានបន្តចូលរួមកិច្ចប្រជុំទី៣ គឺ កិច្ចប្រជុំក្រុមសម្របសម្រួលសភាតំបន់អាស៊ី (Asian Parliamentary Coordinating Group) ក្រោមការដឹកនាំរបស់ប្រធានសភាបារ៉ែន ដែលជាប្រធានសភាអាស៊ី។ កិច្ចប្រជុំនេះបានសង្កត់ធ្ងន់លើការលើកកម្ពស់ «ការទូតសភា» (Parliamentary Diplomacy) និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ ជាពិសេសក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិ និងជម្លោះកាន់តែធ្ងន់ធ្ងរ។

នៅក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ងី ច័ន្ទ្រផល បានគូសបញ្ជាក់នូវចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន២ គឺ៖

ទី១. ការទទួលធ្វើជាម្ចាស់ផ្ទះប្រជុំ APA ឆ្នាំ២០២៧៖ ឯកឧត្តមបានជម្រាបជូនអង្គប្រជុំអំពីការទទួលធ្វើជាម្ចាស់ផ្ទះរបស់សភាកម្ពុជា ក្នុងការរៀបចំ កិច្ចប្រជុំគណៈកម្មការអចិន្ត្រៃយ៍របស់សភាតំបន់អាស៊ី (APA) ស្តីពីសង្គម និងវប្បធម៌ នៅក្នុងឆ្នាំ២០២៧ ខាងមុខ។

ទី២. ការជំរុញវប្បធម៌សន្ទនា និងសន្តិសុខនាវាចរណ៍៖ ឯកឧត្តមបានលើកឡើងពីតួនាទីដ៏សំខាន់របស់ស្ថាប័នសភាក្នុងការទប់ស្កាត់ និងបង្ការជម្លោះ ដោយផ្អែកលើការលើកកម្ពស់កិច្ចសន្ទនា និងការគោរពច្បាប់អន្តរជាតិ។ ការលើកឡើងនេះធ្វើឡើងនៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈបន្ទាន់ (Urgent Agenda Item) ដែលស្នើឡើងដោយប្រទេសបារ៉ែន ពាក់ព័ន្ធនឹង សេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរណ៍៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2