The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ឥណ្ឌូណេស៊ី ប្រកាសបន្តវេនរៀបចំសន្និសីទ ISC-3 ឆ្នាំ២០២៧ បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើម្ចាស់ផ្ទះឆ្នាំនេះ

ឥណ្ឌូណេស៊ី ប្រកាសបន្តវេនរៀបចំសន្និសីទ ISC-3 ឆ្នាំ២០២៧ បន្ទាប់ពីកម្ពុជាសម្រេចបានជោគជ័យត្រចះត្រចង់ក្នុងការធ្វើម្ចាស់ផ្ទះឆ្នាំនេះ
ភ្នំពេញ, ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦៖ ប្រទេសកម្ពុជា បានបង្ហាញនូវសមត្ថភាពដ៏ខ្ពង់ខ្ពស់ក្នុងការដឹកនាំវេទិកាអន្តរជាតិ ដោយបានបញ្ចប់ការរៀបចំសន្និសីទប្រធានសភាអន្តរសភាលើកទី២ (ISC-2) ប្រកបដោយផ្លែផ្កា និងសម្រេចបាននូវ «សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ»។ ជាការបន្តនិរន្តរភាពនៃយន្តការនេះ ប្រទេសឥណ្ឌូណេស៊ី ត្រូវបានប្រកាសជាផ្លូវការថា នឹងទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៣ (ISC-3) នៅឆ្នាំ២០២៧ ខាងមុខ។

នៅក្នុងបទ​សម្ភាសន៍​ផ្ទាល់ជា​មួយអ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ឯកឧត្តម ស៊ុលតង់ បាកទីយ៉ា ណាចាមូឌីន (Sultan Baktiar Najamudin) ប្រធានព្រឹទ្ធ​សភា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសកម្ពុជា ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំ និងធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទនេះឡើងយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តម​ប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានគូសបញ្ជាក់ថា វេទិកាសារជាថ្មីនេះបានគ្របដណ្តប់លើប្រធានបទសំខាន់ៗជាច្រើន ដែលពិភពលោកកំពុងត្រូវការ ដែលរួមមាន ការកសាងសន្តិភាព និងការដោះស្រាយជម្លោះ៖ ជំរុញយន្តការការទូតសភាដើម្បីដោះស្រាយបញ្ហានយោបាយភូមិសាស្ត្រ និងជម្លោះផ្សេងៗដោយសន្តិវិធី។

ទាក់ទងនឹងបរិស្ថាន និងកិច្ចសហប្រតិបត្តិការតំបន់ គឺការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងការកសាងពិភពលោកមួយ ដែលមានស្ថិរភាពជាងមុន និងសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ដោយភាគីឥណ្ឌូណេស៊ីបានបញ្ជាក់ជំហរគាំទ្រទាំងស្រុងចំពោះខ្លឹមសារនៃសេចក្តីថ្លែងការណ៍នេះ ដោយចាត់ទុកថាជាឯកសារទិសដៅដ៏ត្រឹមត្រូវក្នុងការសង្គ្រោះ និងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សកលលោក។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មានប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងព័ត៌មាន
យោងតាម​បទ​សម្ភាសន៍ជាមួយឯកឧត្តមប្រធានព្រឹទ្ធសភាឥណ្ឌូណេស៊ី បានលើកឡើងថា អគ្គលេខាធិការដ្ឋាន ISC និងព្រឹទ្ធសភាឥណ្ឌូណេស៊ី បានប្រកាសថា ឥណ្ឌូណេស៊ី នឹងទទួលវេនធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី៣ នៅឆ្នាំ២០២៧។ ឯកឧត្តមបានបន្ថែមថា នេះមិនត្រឹមតែជាកិត្តិយសដ៏ខ្ពង់ខ្ពស់សម្រាប់ប្រទេសឥណ្ឌូណេស៊ីប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការទទួលខុសត្រូវ និងជាប្រឡងប្រជែងដ៏ធំមួយក្នុងការបង្កើនឥទ្ធិពល និងពង្រីកវិសាលភាពនៃវេទិកា ISC ឱ្យកាន់តែធំទូលាយ។ ឯកឧត្ដមប្រធានព្រឹទ្ធសភាបានបញ្ជាក់ទៀតថា​ បច្ចុប្បន្ន មានប្រទេសជាសមាជិកប្រមាណ ៣១ប្រទេសបានចូលរួម ហើយភាគីឥណ្ឌូណេស៊ី បានបង្ហាញក្តីរំពឹងទុក និងគោលដៅធំថា នឹងទាក់ទាញប្រទេសចូលរួមឱ្យបានកើនឡើងរហូតដល់លើសពី ៥០ប្រទេស នៅក្នុងព្រឹត្តិការណ៍ឆ្នាំ២០២៧ ខាងមុខ។

បច្ចុប្បន្ន វេទិកានេះមានប្រទេសជាសមាជិកចំនួន ៣១ ប៉ុន្តែសម្រាប់ឆ្នាំ២០២៧ ខាងមុខ ឥណ្ឌូណេស៊ីបានដាក់គោលដៅទាក់ទាញប្រទេសចូលរួមឱ្យបានកើនឡើងដល់លើសពី ៥០ប្រទេស។ នេះគឺជាមហិច្ឆតាក្នុងការបង្កើនសម្លេងនៃសភានៅលើឆាកអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ជោគជ័យរបស់កម្ពុជានៅក្នុងឆ្នាំ២០២៦នេះ មិនត្រឹមតែលើកកម្ពស់មុខមាត់ជាតិលើឆាកអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតជាគំរូដ៏ល្អសម្រាប់ប្រទេសឥណ្ឌូណេស៊ី ក្នុងការត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះនៅឆ្នាំបន្តបន្ទាប់ទៀតផងដែរ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2