National
• 1 hour ago• Lim_Rothanaksambath
រដ្ឋបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំរួមលើកដំបូងនៃកម្មវិធី ISD II ជំរុញការផ្តល់សេវាសាធារណៈតាមបែបឌីជីថលដល់ពលរដ្ឋ

ភ្នំពេញ, ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរួមលើកទី១ របស់គណៈកម្មការប្រតិបត្តិថ្នាក់ខេត្ត ក្នុងក្របខ័ណ្ឌនៃ «កម្មវិធីធ្វើឱ្យប្រសើរឡើងដល់ការផ្តល់សេវាជូនប្រជាពលរដ្ឋនៅប្រទេសកម្ពុជា ដំណាក់កាលទី២» ឬហៅកាត់ថា (ISD II) ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈជូនពលរដ្ឋនៅមូលដ្ឋានឱ្យកាន់តែល្អប្រសើរ។
កិច្ចប្រជុំដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី០៣ ខែកញ្ញា ម្សិលមិញនេះ នៅសាលាខេត្តបន្ទាយមានជ័យ ត្រូវបានដឹកនាំដោយ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមពីតំណាងលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (NCDDS) ទីភ្នាក់ងារអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (GIZ) និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ (LuxDev) ព្រមទាំងតំណាងមកពីខេត្តគោលដៅចំនួន ៤ គឺ បន្ទាយមានជ័យ បាត់ដំបង សៀមរាប និងស្ទឹងត្រែង។
កិច្ចប្រជុំពេញមួយថ្ងៃនេះ បានផ្ដោតលើចំណុចយុទ្ធសាស្ត្រសំខាន់ៗចំនួន ៣ រួមមាន៖ ការពង្រឹងរចនាសម្ព័ន្ធ លើកកម្ពស់ការយល់ដឹងអំពីតួនាទី និងភារកិច្ចរបស់គណៈកម្មការប្រតិបត្តិថ្នាក់ខេត្ត និងគណៈកម្មការគ្រប់គ្រងកម្មវិធី, ការដោះស្រាយបញ្ហាប្រឈម ដោយពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងការផ្តល់សេវារបស់រដ្ឋបាលក្រុង-ស្រុកគោលដៅ ដើម្បីស្វែងរកដំណោះស្រាយគាំទ្រផ្នែកប្រតិបត្តិ និង ផែនការសកម្មភាពឆ្នាំ២០២៦ ដោយកំណត់សកម្មភាពអាទិភាព និងលទ្ធផលរំពឹងទុក (Milestones) ដើម្បីធានាថាការអនុវត្តកម្មវិធីដើរតាមទិសដៅដែលបានគ្រោងទុក។
កម្មវិធី ISD ដំណាក់កាលទី២ គឺជាកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា (NCDDS) ជាមួយដៃគូអភិវឌ្ឍន៍ (GIZ និង LuxDev) ដែលមានរយៈពេល ៤ឆ្នាំ។ គោលដៅចម្បងនៃដំណាក់កាលនេះ គឺផ្តោតលើការផ្តល់សេវាដែលមិនទុកនរណាម្នាក់ចោលក្រោយ ការបញ្ចូលលក្ខខណ្ឌឆ្លើយតបនឹងបរិស្ថានក្នុងសេវាសាធារណៈ និងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីធ្វើឱ្យសេវាកាន់តែរហ័ស និងមានតម្លាភាព។
ឯកឧត្តម អ៊ុ រាត្រី បានសង្កត់ធ្ងន់ថា ភាពជោគជ័យនៃកម្មវិធីនេះ អាស្រ័យលើភាពជាម្ចាស់របស់ស្ថាប័នថ្នាក់ក្រោមជាតិ និងការសម្របសម្រួលគ្នាឱ្យបានស្អិតរមួតរវាងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network