The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

វិទ្យាស្ថានស្ដង់ដាកម្ពុជា អនុម័តស្ដង់ដាអន្តរជាតិ ISO ចំនួន ១៤ លើវិស័យធំ ៣ ដើម្បីពង្រឹងគុណភាពផលិតផលជាតិ

វិទ្យាស្ថានស្ដង់ដាកម្ពុជា អនុម័តស្ដង់ដាអន្តរជាតិ ISO ចំនួន ១៤ លើវិស័យធំ ៣ ដើម្បីពង្រឹងគុណភាពផលិតផលជាតិ
ភ្នំពេញ, ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦៖ ក្នុងគោលដៅលើកកម្ពស់គុណភាពផលិតផល និងសេវាកម្មនៅក្នុងប្រទេសកម្ពុជាឱ្យស្របតាមបទដ្ឋានអន្តរជាតិ វិទ្យាស្ថានស្ដង់ដាកម្ពុជា (ISC) នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានសម្រេចត្រៀមបញ្ជូនស្ដង់ដាអន្តរជាតិ (ISO) ចំនួន ១៤ បន្ថែមទៀត ទៅកាន់ក្រុមប្រឹក្សាស្ដង់ដាជាតិ ដើម្បីអនុម័តជាស្ដង់ដាកម្ពុជា (CS)។

ការសម្រេចនេះត្រូវបានធ្វើឡើងតាមរយៈកិច្ចប្រជុំបន្តបន្ទាប់នៃគណៈកម្មការបច្ចេកទេសចំនួន ៣ ផ្សេងគ្នា កាលពីចុងខែសីហា ឆ្នាំ២០២៦ កន្លងទៅនេះ៖

១. វិស័យវាយនភ័ណ្ឌ៖ ពង្រឹងទំនុកចិត្តលើគុណភាពសម្លៀកបំពាក់

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការបច្ចេកទេសទី១២ (គ.ប.១២) ដឹកនាំដោយ លោក តី ឈីឃាង នាយកវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា (CGTI) បានពិភាក្សាលើស្ដង់ដាអន្តរជាតិចំនួន ០៦ (រួមមាន ISO 6938, ISO 3071 និងស៊េរី ISO 12945)។
ស្ដង់ដាទាំងនេះផ្តោតសំខាន់លើការកំណត់អត្តសញ្ញាណសរសៃអំបោះ, ការវាស់ស្ទង់កម្រិត pH ក្នុងវាយនភ័ណ្ឌ, ការសាកល្បងភាពធន់នៃផ្ទៃក្រណាត់ចំពោះការបែកព្រុយ ឬការសឹករិចរិល, ការអនុម័តស្ដង់ដាទាំងនេះ នឹងជួយឱ្យវិស័យកាត់ដេរកម្ពុជាកាន់តែមានភាពប្រកួតប្រជែងខ្ពស់លើទីផ្សារអន្តរជាតិ។

២. វិស័យគ្រឿងសម្អាង៖ ធានាសុវត្ថិភាពដល់អ្នកប្រើប្រាស់

នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការបច្ចេកទេសទី៩ (គ.ប.៩) ដឹកនាំដោយ លោក លុក សាភី តំណាងក្រសួងសុខាភិបាល បានពិនិត្យលើស្ដង់ដាចំនួន ០៥ រួមមាន៖ ISO 23674, ISO 23821, ISO 21392, ISO 12787 និង ISO 16212។
ការងារនេះផ្ដោតលើវិធីសាស្ត្រវិភាគរកសារធាតុបារត និងលោហៈធ្ងន់ក្នុងគ្រឿងសម្អាង, ការត្រួតពិនិត្យមីក្រូជីវសាស្ត្រ ដើម្បីធានាថាផលិតផលសម្រស់ដែលចរាចរលើទីផ្សារ មិនបង្កគ្រោះថ្នាក់ដល់សុខភាពស្បែក និងសុខុមាលភាពរបស់អ្នកប្រើប្រាស់។


៣. វិស័យឌីជីថល៖ បង្កើនសន្តិសុខទិន្នន័យលើប្រព័ន្ធ Cloud

នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ គណៈកម្មការបច្ចេកទេសទី១១ (គ.ប.១១) ដឹកនាំដោយ លោក លី លុច បានពិភាក្សាលើស្ដង់ដា ISO/IEC ចំនួន ០៣ រួមមាន ISO/IEC 27017, ISO/IEC 27018 និង ISO 7637-1។
ស្ដង់ដាទាំងនេះមានសារៈសំខាន់បំផុតសម្រាប់យុគសម័យសេដ្ឋកិច្ចឌីជីថល ដោយផ្តោតលើ ISO/IEC 27017 & 27018 ផ្តោតលើការការពារសុវត្ថិភាព និងឯកជនភាពទិន្នន័យនៅលើប្រព័ន្ធផ្ទុកទិន្នន័យសកល) និង ISO 7637-1 សំដៅដល់សុវត្ថិភាពឧបករណ៍អេឡិចត្រូនិកក្នុងយានយន្ត។

photo_2_2026-08-31_16-19-40.jpgphoto_2_2026-08-31_16-19-40.jpg

អង្គប្រជុំនៃគណៈកម្មការទាំង៣ បានសម្រេចឯកភាពទាំងស្រុងលើការបកប្រែពាក្យបច្ចេកទេស និងខ្លឹមសារពីភាសាអង់គ្លេសមកជាភាសាខ្មែរ ដោយមានការផ្ទៀងផ្ទាត់យ៉ាងម៉ត់ចត់ពីសំណាក់រាជបណ្ឌិត្យសភាកម្ពុជា។ បន្ទាប់ពីនេះ ស្ដង់ដាទាំង ១៤ នឹងត្រូវដាក់ជូនក្រុមប្រឹក្សាស្ដង់ដាជាតិ ដើម្បីសម្រេចអនុម័តជាផ្លូវការជា «ស្ដង់ដាកម្ពុជា»។

ការខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានស្ដង់ដាកម្ពុជានាពេលនេះ គឺជាសញ្ញាណវិជ្ជមានក្នុងការជួយឱ្យសហគ្រាសក្នុងស្រុក អាចផលិតទំនិញមានគុណភាពស្មើមុខស្មើមាត់ជាមួយបរទេស និងផ្តល់ទំនុកចិត្តខ្ពស់ដល់ប្រជាពលរដ្ឋកម្ពុជាក្នុងការប្រើប្រាស់ផលិតផលដែលមានស្ដង់ដាត្រឹមត្រូវ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2