National

• 2 hours ago• Lim_Rothanaksambath

កម្ពុជា ទាមទារឱ្យភាគីថៃដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC និងប្រគល់វត្ថុបុរាណដែលយកចេញពីប្រាសាទខ្នារត្រឡប់មកវិញ

កម្ពុជា ទាមទារឱ្យភាគីថៃដោះស្រាយបញ្ហាព្រំដែនតាមយន្តការ JBC និងប្រគល់វត្ថុបុរាណដែលយកចេញពីប្រាសាទខ្នារត្រឡប់មកវិញ
ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ បដិសេធដាច់អហង្ការនូវការចោទប្រកាន់ដដែលៗពីសំណាក់អាជ្ញាធរយោធាថៃ ដែលថា កម្ពុជាបានប្រើប្រាស់ប្រាសាទបុរាណសម្រាប់គោលដៅយោធា ព្រមទាំងបានធ្វើការតវ៉ាយ៉ាងខ្លាំងក្លាចំពោះសកម្មភាពឯកតោភាគីឥតច្បាប់របស់ថៃ នៅតាមរមណីយដ្ឋានបេតិកភណ្ឌវប្បធម៌កម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានគូសបញ្ជាក់ថា ការចោទប្រកាន់ដែលគ្មានមូលដ្ឋានច្បាស់លាស់ទាំងនេះ គឺជាការបំប៉ោង និងបំភ្លៃការពិត ដើម្បីបង្វែរដានពីការខូចខាត និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដែលបង្កឡើងដោយកងកម្លាំងប្រដាប់អាវុធថៃ មកលើសម្បត្តិបេតិកភណ្ឌវប្បធម៌ខ្មែរនាពេលកន្លងមក។

កម្ពុជា បានបញ្ជាក់សារជាថ្មីថា ប្រាសាទបុរាណ និងរមណីយដ្ឋានបុរាណវិទ្យាទាំងឡាយ គឺជាទីសក្ការបូជាខាងសាសនា ជាកន្លែងអភិរក្ស ការស្រាវជ្រាវ ការអប់រំ និងទេសចរណ៍ដែលជាអត្តសញ្ញាណវប្បធម៌ និងប្រវត្តិសាស្ត្រដ៏មានតម្លៃ មិនមែនជា «មូលដ្ឋានយោធា» នោះឡើយ។ ក្នុងនាមជារដ្ឋភាគីនៃ អនុសញ្ញាក្រុងឡាអេ ឆ្នាំ១៩៥៤ (1954 Hague Convention) ស្តីពីការការពារសម្បត្តិវប្បធម៌ក្នុងករណីមានជម្លោះប្រដាប់អាវុធ និង អនុសញ្ញាបេតិកភណ្ឌពិភពលោក ឆ្នាំ១៩៧២ (1972 World Heritage Convention) កម្ពុជា តែងតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការការពារបេតិកភណ្ឌរបស់ខ្លួនស្របតាមច្បាប់អន្តរជាតិ។

ជាមួយគ្នានេះដែរ កម្ពុជាបានសម្តែងការតវ៉ាយ៉ាងខ្លាំងក្លាចំពោះវត្តមានបន្តរបស់កងទ័ពថៃ និងសកម្មភាពឯកតោភាគីនានាដែលធ្វើឡើងដោយគ្មានការយល់ព្រមពីកម្ពុជា នៅតាមបណ្តាប្រាសាទបុរាណជាប់ព្រំដែន រួមមាន ប្រាសាទតាមាន់ធំ, ប្រាសាទតាក្របី, ប្រាសាទខ្នារ និងស្ថានីយបុរាណវិទ្យាផ្សេងទៀត។ សកម្មភាពឯកតោភាគីទាំងនោះមានដូចជា ការបោសសំអាតមីន, ការកសាងហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញអគ្គិសនី, ការរៀបចំគម្រោងជួសជុល និងសាងសង់សំណង់ផ្សេងៗ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងវប្បធម៌ និងវិចិត្រសិល្ប:
ក្នុងសេចក្តីថ្លែងការណ៍ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានរំលឹកឡើងវិញនូវការខូចខាតយ៉ាងធ្ងន់ធ្ងរដែលបានកើតមានឡើងលើ ប្រាសាទព្រះវិហារ និងប្រាសាទបុរាណដទៃទៀត ក្នុងអំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធកាលពីខែកក្កដា និងខែធ្នូ ឆ្នាំ២០២៥ កន្លងទៅ ដែលទាមទារឱ្យមានការប្រុងប្រយ័ត្ន ការទទួលខុសត្រូវ និងការគោរពឱ្យបានពេញលេញនូវអនុសញ្ញាអន្តរជាតិ។

តាមរយៈសេចក្តីថ្លែងការណ៍នេះ កម្ពុជាបានអំពាវនាវ និងទាមទារឱ្យភាគីថៃបញ្ឈប់ភ្លាមៗនូវការចោទប្រកាន់គ្មានមូលដ្ឋាន និងរាល់សកម្មភាពឯកតោភាគីនៅតាមរមណីយដ្ឋានបេតិកភណ្ឌកម្ពុជា។ គោរពអធិបតេយ្យ និងបូជនីយភាពទឹកដីរបស់កម្ពុជា ហើយដោះស្រាយបញ្ហាប្រឈមតាមផ្លូវសន្តិវិធី និងយន្តការទ្វេភាគីដែលមានស្រាប់ រួមទាំងគណៈកម្មការចម្រុះខណ្ឌសីមា និងបាញ់ព្រំដែនដីគោក (JBC) និង ប្រគល់ត្រឡប់មកវិញនូវវត្ថុបុរាណ ដែលត្រូវបានដកហូតចេញពីប្រាសាទក្នារ ហើយយកទៅកាន់ប្រទេសថៃ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសង្កត់ធ្ងន់ថា៖ «ប្រាសាទបុរាណរបស់កម្ពុជា គឺជាផ្នែកមួយមិនអាចខ្វះបាននៃអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌរួមនៃមនុស្សជាតិ។ ពួកគេត្រូវតែទទួលបានការការពារ មិនមែនយកទៅធ្វើនយោបាយ, ត្រូវតែថែរក្សា មិនមែនកេងចំណេញ, និងត្រូវតែទទួលបានការគោរព មិនមែនរងនូវសកម្មភាពឯកតោភាគី ឬការប្រឈមមុខដាក់គ្នាតាមផ្លូវយោធានោះឡើយ»៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2