National

• 2 hours ago• Lim_Rothanaksambath

កម្ពុជា បញ្ជាក់ជំហរឥតងាករេចំពោះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» និងជំរុញឱ្យអនុវត្តយន្តការ JBC, GBC និង RBC ក្នុងឱកាសខួប ១ឆ្នាំ

កម្ពុជា បញ្ជាក់ជំហរឥតងាករេចំពោះ «កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ» និងជំរុញឱ្យអនុវត្តយន្តការ JBC, GBC និង RBC ក្នុងឱកាសខួប ១ឆ្នាំ


ភ្នំពេញ, ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ក្នុងឱកាសអបអរសាទរខួប ១ឆ្នាំ នៃការចុះហត្ថលេខាលើ «សេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ» ឬកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដោយបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ និងឥតងាករេររបស់កម្ពុជា ចំពោះការរក្សាសន្តិភាពយូរអង្វែង ការគោរពបទឈប់បាញ់ និងការដោះស្រាយវិវាទព្រំដែនជាមួយភាគីថៃដោយសន្តិវិធី។

កិច្ចព្រមព្រៀងសន្តិភាពប្រវត្តិសាស្ត្រនេះ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ដោយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់ លោក Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ធ្វើជាសាក្សី។

នៅក្នុងសេចក្តីថ្លែងការណ៍ផ្លូវការ ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់នូវចំណុចសំខាន់ៗចំនួន ៤៖

១. ការគោរពបទឈប់បាញ់ និងច្បាប់អន្តរជាតិ៖ កម្ពុជាបន្តប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការប្រកាន់ខ្ជាប់នូវបទឈប់បាញ់ និងអនុវត្តស្មារតីនៃសេចក្តីថ្លែងការណ៍រួមដោយសុឆន្ទៈ ដោយផ្តោតលើការដោះស្រាយវិវាទព្រំដែន និងការខណ្ឌសីមាព្រំដែនដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងចៀសវាងដាច់ខាតនូវការគំរាមកំហែង ការប្រើប្រាស់កម្លាំង ឬសកម្មភាពបង្កហេតុណាមួយ។
២. ការជំរុញយន្តការទ្វេភាគីផ្លូវការ៖ កម្ពុជាទទួលស្គាល់ និងផ្តល់តម្លៃខ្ពស់លើតួនាទីរបស់ គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC), គណៈកម្មាធិការព្រំដែនទូទៅ (GBC), និង គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ថាជាយន្តការទ្វេភាគីដ៏សំខាន់ និងស្របច្បាប់ក្នុងការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងព្រំដែន។
៣. កិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ៖ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តធ្វើការយ៉ាងជិតស្និទ្ធ និងស្ថាបនាល្អជាមួយភាគីថៃ ដោយមានការគាំទ្រ និងចូលរួមជាបន្តបន្ទាប់ពីសហរដ្ឋអាម៉េរិក អាស៊ាន (ASEAN) ព្រមទាំងសហគមន៍អន្តរជាតិ ដើម្បីធានាថាស្មារតីនៃកិច្ចព្រមព្រៀងនេះត្រូវបានអនុវត្តយ៉ាងពេញលេញ និងស្មោះត្រង់។
៤. ការការពារប្រជាពលរដ្ឋ និងការកសាងទំនុកចិត្ត៖ កម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសហរដ្ឋអាម៉េរិក ម៉ាឡេស៊ី និងអាស៊ាន ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួលកិច្ចសន្ទនា។ ទន្ទឹមនឹងនេះ កម្ពុជាប្តេជ្ញាធ្វើការជាមួយភាគីថៃ ដើម្បីពង្រឹងទំនុកចិត្តគ្នា ការពារប្រជាជនស៊ីវិល សម្រួលដល់ការវិលត្រឡប់ដោយសុវត្ថិភាពរបស់ជនភៀសសឹក និងលើកកម្ពស់ស្ថិរភាព ព្រមទាំងវិបុលភាពនៅតាមបណ្តោយព្រំដែនរួមនៃប្រទេសទាំងពីរ។

សេចក្តីថ្លែងការណ៍នេះ ត្រូវបានគេមើលឃើញថា ជាការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈនយោបាយ និងជំហរការទូតដ៏ចាស់ទុំរបស់កម្ពុជា ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី និងការស្វែងរកសន្តិភាពពិតប្រាកដជូនប្រជាជនទាំងពីរ កម្ពុជា-ថៃ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2