National

• 5 hours ago• Lim_Rothanaksambath

ស្ថានទូតជប៉ុន រៀបចំពិធីស្វាគមន៍គណៈប្រតិភូធុរកិច្ច JETRO និង JAXA មកកាន់កម្ពុជា ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យាជប៉ុន និងធុរកិច្ចកម្ពុជា

ស្ថានទូតជប៉ុន រៀបចំពិធីស្វាគមន៍គណៈប្រតិភូធុរកិច្ច JETRO និង JAXA មកកាន់កម្ពុជា ដើម្បីផ្សារភ្ជាប់បច្ចេកវិទ្យាជប៉ុន និងធុរកិច្ចកម្ពុជា


ភ្នំពេញ, ថ្ងៃទី៣0 ខែកញ្ញា ឆ្នាំ២០២៦៖ ទំនាក់ទំនងសេដ្ឋកិច្ច និងបច្ចេកវិទ្យារវាងកម្ពុជា និងជប៉ុន បានឈានដល់ជំហានថ្មីមួយទៀត ដោយផ្តោតលើការប្រកួតប្រជែងបែបឌីជីថល និងចីរភាពបរិស្ថាន តាមរយៈការភ្ជាប់បច្ចេកវិទ្យាជឿនលឿនរបស់ជប៉ុន ជាមួយឱកាសធុរកិច្ចនៅកម្ពុជា។

តួយ៉ាង កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ កន្លងទៅ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីលៀងសាយភោជន៍ទទួលបដិសណ្ឋារកិច្ចយ៉ាងអធិកអធម ដើម្បីស្វាគមន៍ ដំណើរបេសកកម្មធុរកិច្ចនៃអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ទីភ្នាក់ងាររុករកអវកាសជប៉ុន (JAXA) នៅរាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា និងតំណាងវិស័យឯកជនយ៉ាងច្រើនកុះករ រួមមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ឯកឧត្តម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ តំណាងជាន់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍, អ្នកឧកញ៉ា​ ឡាវ​ កាង​ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា​ តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ច អាស៊ានសម្រាប់កម្ពុជា, លោក WAKABAYASHI Kohei ប្រធានតំណាងអង្គការ JETRO ប្រចាំភ្នំពេញ និងលោក OCHIAI Osamu នាយកមជ្ឈមណ្ឌលស្រាវជ្រាវសង្កេតការណ៍ផែនដីនៃទីភ្នាក់ងារ JAXA។

លោក មិស៊ូមិ តាកាហ៊ីតុ (MISUMI Takahito) ភារធារីស្តីទីស្ថានទូតជប៉ុន បានគូសបញ្ជាក់ថា មុនពិធីលៀងសាយភោជន៍នេះ ភាគីទាំងពីរបានរៀបចំកម្មវិធីស៊ីមប៉ូស្យូម និងជំនួបផ្គូផ្គងធុរកិច្ច (Business Matching) ដោយបានពិភាក្សាយ៉ាងផុសផុលលើប្រធានបទសំខាន់ៗដែលបម្រើឱ្យកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព រួមមាន៖ បច្ចេកវិទ្យាផ្កាយរណប, បញ្ញាសិប្បនិម្មិត (AI), បច្ចេកវិទ្យាកាត់បន្ថយការបំភាយកាបូន (Decarbonization) ព្រមទាំងគំនិតផ្ដើមក្រោម «យន្តការឥណទានរួម» (Joint Crediting Mechanism - JCM) ដូចជាវិធីសាស្ត្រគ្រប់គ្រងទឹកកសិកម្ម AWD (Alternate Wetting and Drying) ដើម្បីកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់។

ភារធារីស្តីទីស្ថានទូតជប៉ុន បានមានប្រសាសន៍ថា៖ «តាមរយៈការពិភាក្សានេះ ខ្ញុំសង្ឃឹមថា អ្នកចូលរួមទាំងអស់បានទទួលស្គាល់នូវសក្តានុពលដ៏អស្ចារ្យនៃបច្ចេកវិទ្យា និងដំណោះស្រាយជឿនលឿនរបស់ជប៉ុន ព្រមទាំងបានពិចារណាថា តើបច្ចេកវិទ្យាទាំងនោះអាចរួមចំណែកយ៉ាងដូចម្តេច ក្នុងការដោះស្រាយបញ្ហាសង្គមនៅកម្ពុជា និងការសម្រេចបាននូវគោលដៅអព្យាក្រឹតភាពកាបូន (Carbon Neutrality) ត្រឹមឆ្នាំ២០៥០»។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា និង KDNប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា និង KDN
លោក មិស៊ូមិ តាកាហ៊ីតុ បានបន្ថែមទៀតថា ដើម្បីប្រែក្លាយសក្តានុពលទាំងនេះឱ្យទៅជាលទ្ធផលជាក់ស្តែង វាទាមទារមិនត្រឹមតែការទទួលបានបច្ចេកវិទ្យាជឿនលឿនប៉ុណ្ណោះទេ ប៉ុន្តែចាំបាច់ត្រូវស្វែងរកដៃគូដែលមានទំនុកចិត្ត។ ក្រុមហ៊ុនជប៉ុន ដែលមកបំពេញបេសកកម្មនាពេលនេះ កំពុងស្វែងរកដៃគូ «បង្កើតថ្មីរួមគ្នា» (Co-creation) ជាមួយក្រុមហ៊ុន និងអង្គភាពកម្ពុជា ដើម្បីបង្កើតទំនាក់ទំនងផ្តល់ផលប្រយោជន៍ទៅវិញទៅមក និងដោះស្រាយបញ្ហាសង្គមជាក់ស្តែង។

ជាមួយគ្នានេះ ភាគីជប៉ុនក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់កិច្ចសម្រួល និងការគាំទ្រដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការធុរកិច្ច និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3