National

• 15 hours ago• Lim_Rothanaksambath

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលការបំភ្លៃនយោបាយ និងបំភ្លឺជុំវិញការមិនចាប់ដៃទណ្ឌិត សម រង្ស៊ី និងការចុះផ្សាយ Jiji Press

ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន ច្រានចោលការបំភ្លៃនយោបាយ និងបំភ្លឺជុំវិញការមិនចាប់ដៃទណ្ឌិត សម រង្ស៊ី និងការចុះផ្សាយ Jiji Press


ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ស្ថានឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេចក្តីថ្លែងការណ៍ផ្លូវការចំនួន ២ ដាច់ដោយឡែកពីគ្នា ដោយធ្វើការប្រតិកម្មតបយ៉ាងម៉ឺងម៉ាត់ និងបានច្រានចោលរាល់ការបកស្រាយបំភាន់ការពិត ព្រមទាំងការរិះគន់វាយប្រហារដោយគ្មានមូលដ្ឋាន ជុំវិញការសម្រេចចិត្តរបស់ ឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ដែលបានបដិសេធមិនចាប់ដៃជាមួយទណ្ឌិត សម រង្ស៊ី ក្នុងពិធីបុណ្យកឋិនទាននៅវត្តខ្មែរសាមគ្គី ខេត្តកាណាហ្គាវ៉ា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ប្រតិកម្មការទូតដ៏ម៉ឺងម៉ាត់នេះ ក៏បានឆ្លើយតបដាច់ខាតចំពោះការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានជប៉ុន Jiji Press កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅ ដែលបានធ្វើបទសម្ភាសន៍ជាមួយ ទណ្ឌិត សម រង្ស៊ី ដោយធ្វើការចោទប្រកាន់មកលើប្រព័ន្ធនយោបាយ និងរាជរដ្ឋាភិបាលកម្ពុជា។

យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានបញ្ជាក់យ៉ាងច្បាស់ថា បន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យកឋិនទាន លោក សម រង្ស៊ី បានដើរមករក ឯកឧត្តមឯកអគ្គរាជទូត និងបានលូកដៃក្នុងបំណងចាប់ដៃ ខណៈដែលក្រុមអ្នកអមដំណើររបស់បុគ្គលរូបនេះត្រូវបានគេរាយការណ៍ថា កំពុងរៀបចំត្រៀមថតរូប។

ក្នុងនាមជាតំណាងផ្លូវការនៃរដ្ឋ និងរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តម ជុំ សុន្ទរី បានសម្រេចចិត្តដោយចេតនាមិនលូកដៃចាប់ដៃឆ្លើយតបវិញ ដោយផ្អែកលើការពិចារណាលើកត្តាគតិយុត្ត និងនយោបាយយ៉ាងហ្មត់ចត់ជាច្រើនចំនុច។

នៅក្នុងសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យ ស្តីពីការសម្រេចចិត្តរបស់ឯកអគ្គរាជទូតមិនចាប់ដៃជាមួយ សម រង្ស៊ី នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបញ្ជាក់ឱ្យដឹងច្បាស់ៗថា ឯកឧត្តមឯកអគ្គរាជទូតបានសម្រេចចិត្តដោយចេតនាមិនលូក ដៃទៅចាប់ដៃវិញ ដោយពិចារណាលើស្ថានភាពផ្លូវច្បាប់ និងនយោបាយរបស់ សម រង្ស៊ី ជាពិសេសការ ដែលបុគ្គលរូបនេះត្រូវបានតុលាការកម្ពុជាផ្តន្ទាទោសក្នុងសំណុំរឿងព្រហ្មទណ្ឌនានា និងការចូលរួម របស់បុគ្គលរូបនេះក្នុងរចនាសម្ព័ន្ធនយោបាយដែលប្រកាសបង្កើតឡើងដោយខ្លួនឯងនៅក្រៅប្រទេស ហើយដែលពុំមានសិទ្ធិអំណាចស្របតាមរដ្ឋធម្មនុញ្ញក្នុងការធ្វើជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ឡើយ។

ស្ថានឯកអគ្គរាជទូត សូមច្រានចោលការបកស្រាយបែបសាមញ្ញថា «ការប៉ុនប៉ងចាប់ដៃនេះត្រូវតែចាត់ ទុកជាកាយវិការរាក់ទាក់ធម្មតារវាងពលរដ្ឋខ្មែរដូចគ្នា។ ទោះបីជាការចាប់ដៃជាទូទៅអាចបង្ហាញពីការ គួរសមក៏ដោយ អត្ថន័យនៃកាយវិការនេះមិនអាចកាត់ផ្តាច់ចេញពីកាលៈទេសៈ និងបរិបទនយោបាយ ដែលកាយវិការនោះកើតឡើងបានឡើយ។ ឯកឧត្តមឯកអគ្គរាជទូត បានយល់យ៉ាងច្បាស់អំពីគោល បំណងនយោបាយដែលអាចមាននៅពីក្រោយការប៉ុនប៉ងចាប់ដៃនេះ ជាពិសេសការត្រៀមថតរូប។ រូបថតបែបនេះអាចត្រូវបានយកទៅប្រើប្រាស់ដោយចេតនា ដើម្បីបង្កើតការយល់ច្រឡំថា ឯកឧត្តម ឯកអគ្គរាជទូត ក្នុងឋានៈផ្លូវការរបស់ឯកឧត្តម បានទទួលស្គាល់ គាំទ្រ ឬយល់ព្រមចំពោះការអះអាង និងសកម្មភាពនយោបាយរបស់ សម រង្ស៊ី។ ការបង្កើតការយល់ឃើញបែបនេះ នឹងជាការបំភាន់ខុសពី ការពិតទាំងស្រុង»។

មុនពេលចេញសេចក្តីថ្លែងការណ៍រឿងការមិនចាប់ដៃនេះ ស្ថានទូតកម្ពុជាក៏បានចេញសេចក្តីថ្លែងការណ៍ជំទាស់យ៉ាងខ្លាំង ចំពោះអត្ថបទព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មាន Jiji Press ដែលបានចុះផ្សាយកាលពីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមចំណងជើងថា "Japan should support democracy," appeals Cambodian opposition leader in exile ដោយបានចុះផ្សាយការឃោសនានយោបាយរបស់ លោក សម រង្ស៊ី ដែលបានចោទប្រកាន់កម្ពុជាថាជា «របបផ្តាច់ការ» និងអំពាវនាវឱ្យរដ្ឋាភិបាលជប៉ុនគាំទ្រក្រុមប្រឆាំង ព្រមទាំងការអួតអាងពីការបង្កើត «រដ្ឋាភិបាលឯករាជ្យ» នៅទីក្រុងប៉ារីស។

ទាក់ទងនឹងការចុះផ្សាយនេះ ស្ថានទូតកម្ពុជាកាលពីថ្ងៃទី១០ ខែវិច្ឆិកា បានសេចក្តីថ្លែងការណ៍មួយរួចមកហើយ ដោយបានច្រានចោលយ៉ាងដាច់អហង្ការចំពោះការពណ៌នារបស់អត្ថបទព័ត៌មាននេះអំពីប្រព័ន្ធ នយោបាយកម្ពុជា និងកាលៈទេសៈជុំវិញការរំលាយអតីតគណបក្សសង្គ្រោះជាតិ (CNRP)។ ស្ថានទូតកម្ពុជា ចាត់ទុកការផ្សព្វផ្សាយក្នុងលក្ខណៈបែបនេះ អាចនាំឱ្យសាធារណជនមានការយល់ឃើញខុសពីការពិត និងទទួលបានព័ត៌មានតែ ម្ខាងអំពីកិច្ចការនយោបាយផ្ទៃក្នុងរបស់កម្ពុជា ដោយមិនបានយកចិត្តទុកដាក់ចំពោះក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ ស្ថាប័ន តុលាការ និងនីតិវិធីច្បាប់ជាធរមានរបស់ប្រទេស។

Inline image
នៅក្នុងសេចក្តីថ្លែងការណ៍ស្ថានឯកអគ្គរាជទូតបានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជា គឺជារដ្ឋអធិបតេយ្យមួយ ដែលគ្រប់គ្រងដោយផ្អែកលើរដ្ឋធម្មនុញ្ញ ដោយស្ថាប័ននានា ដែលត្រូវបានបង្កើតឡើងស្របតាមរដ្ឋធម្មនុញ្ញ អនុវត្តតួនាទី និងភារកិច្ចរៀងៗខ្លួន ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ដំណើរការនយោបាយ និងការបោះឆ្នោតនៅកម្ពុជា ត្រូវបានអនុវត្តក្នុងក្របខ័ណ្ឌរដ្ឋធម្មនុញ្ញ និងច្បាប់នេះ។ ស្ថានឯកអគ្គរាជទូត ក៏បានរំលឹកផងដែរថា ពាក់ព័ន្ធនឹងការរំលាយអតីតគណបក្សសង្គ្រោះជាតិ ក្នុងឆ្នាំ២០១៧ ត្រូវបានធ្វើឡើងតាមសេចក្តីប្រកាសដោយតុលាការកំពូលនៃព្រះរាជាណាចក្រកម្ពុជា ស្របតាមក្របខ័ណ្ឌច្បាប់ជាធរមាន។

ក្នុងនោះផងដែរ ស្ថានទូតព្រះរាជាណាចក្រកម្ពុជា បានការគោរពយ៉ាងពេញលេញចំពោះសេរីភាពសារព័ត៌មាន និងឯករាជ្យភាពផ្នែកវិចារណកថា ដោយរំពឹងថា ការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងប្រទេសកម្ពុជានឹងត្រូវបានអនុវត្តដោយមានការប្រុងប្រយ័ត្ន និងការយកចិត្តទុកដាក់ខ្ពស់ ដោយធានានូវភាពត្រឹមត្រូវ យុត្តិធម៌ និងការ គិតគូរឱ្យបានសមស្របចំពោះភាពខុសគ្នារវាងការចោទប្រកាន់ផ្នែកនយោបាយ និងអង្គហេតុដែលត្រូវបាន បញ្ជាក់ជាផ្លូវការ។

ស្ថានទូតសូមអំពាវនាវដល់ទីភ្នាក់ងារសារព័ត៌មាន Jiji Press ឱ្យយកចិត្តទុកដាក់ពិចារណាឱ្យបានហ្មត់ចត់ ចំពោះកង្វល់ទាំងនេះ និងធានាថា ទស្សនៈពាក់ព័ន្ធនឹងផ្នែកច្បាប់ រដ្ឋធម្មនុញ្ញ និងផ្លូវការរបស់ស្ថាប័នមាន សមត្ថកិច្ច ត្រូវបានឆ្លុះបញ្ចាំងឱ្យបានសមស្របនៅក្នុងការរាយការណ៍ព័ត៌មានរបស់ខ្លួន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Royal Embassy of Cambodia in Japan-在日本国カンボジア王国大使館
End image 3