National

1 hour agoLim_Rothanaksambath

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសំបុត្រ ២០០សន្លឹក ជូនបងប្អូនខ្មែរនៅជប៉ុន គាំទ្រកីឡាករគុនខ្មែរក្នុងព្រឹត្តិការណ៍ K-1 WORLD MAX

សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភសំបុត្រ ២០០សន្លឹក ជូនបងប្អូនខ្មែរនៅជប៉ុន គាំទ្រកីឡាករគុនខ្មែរក្នុងព្រឹត្តិការណ៍ K-1 WORLD MAX
ភ្នំពេញ, ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦៖ កីឡាករគុនខ្មែរឆ្នើម ២រូប គឺ លន បញ្ញា និង ធន់ ម៉េងហុង ត្រៀមខ្លួនរួចជាស្រេចក្នុងការលើកទង់ជាតិកម្ពុជាឱ្យខ្ពស់ត្រដែតលើសង្វៀនកម្រិតពិភពលោក K-1 WORLD MAX 2026 នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។ អ្វីដែលកាន់តែពិសេសនោះ គឺការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ថ្នាក់ដឹកនាំកម្ពុជា ចំពោះបងប្អូនជនរួមជាតិដែលកំពុងរស់នៅក្រៅប្រទេស។

តាមរយៈការប្រកាសឱ្យដឹងលើទំព័រហ្វេសប៊ុកផ្លូវការ ឯកឧត្តម ឧត្តមសេនីយ៍ទោ ខូវ ឆាយ គឺជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងជាអគ្គលេខាធិការសហព័ន្ធគុនខ្មែរអន្តរជាតិ នៅព្រឹកថ្ងៃទី៨ ខែសីហានេះ បានឱ្យដឹងដំណឹងហដ៏រីករាយថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តល់ការឧបត្ថម្ភដ៏ថ្លៃថ្លានូវសំបុត្រចូលទស្សនាចំនួន ២០០សន្លឹក ជូនដល់បងប្អូនពលករ សិស្ស និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងស្នាក់នៅ និងធ្វើការក្នុងប្រទេសជប៉ុន។

ការឧបត្ថម្ភសំបុត្រចំនួន ២០០សន្លឹកនេះ មិនត្រឹមតែជាការផ្តល់ឱកាសឱ្យពលរដ្ឋខ្មែរបានចូលទស្សនាការប្រកួតដ៏ជក់ចិត្តដោយឥតគិតថ្លៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសក្ខីភាពនៃការគិតគូរ និងក្តីនឹក រលឹកដ៏ជ្រាលជ្រៅរបស់សម្តេចទាំងទ្វេ ចំពោះកូនចៅខ្មែរដែលកំពុងបំពេញការងារ និងសិក្សានៅឆ្ងាយពីមាតុភូមិ។ ទន្ទឹមនឹងនេះ វត្តមានរបស់អ្នកគាំទ្រខ្មែរនៅលើផ្ទៃសង្វៀនផ្ទាល់ នឹងក្លាយជាកម្លាំងចិត្តដ៏មហិមាសម្រាប់កីឡាករ លន បញ្ញា និង ធន់ ម៉េងហុង ក្នុងការតំណាងឱ្យកម្ពុជា ដើម្បីបង្ហាញពីសមត្ថភាព និងភាពអស្ចារ្យនៃ «គុនខ្មែរ» នៅលើឆាកអន្តរជាតិ។

ព្រឹត្តិការណ៍ K-1 WORLD MAX 2026 នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៦ ចាប់ពីម៉ោង ១១:០០ ព្រឹកតទៅ (ម៉ោងនៅប្រទេសជប៉ុន) នៅទីតាំងTOKYO NATIONAL YOYOGI STADIUM 2ND GYMNASIUM ទីក្រុងតូក្យូ ប្រទេសជប៉ុន។

សម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរនៅប្រទេសជប៉ុន ដែលមានបំណងចង់ចូលរួមគាំទ្រ និងទទួលសំបុត្រឧបត្ថម្ភនេះ សូមធ្វើការទំនាក់ទំនងទៅកាន់ លោក កៅ និរោធន៍ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន តាមរយៈលេខទូរស័ព្ទ៖ 080-3362-6168។

ដោយឡែក សម្រាប់អ្នកគាំទ្រនៅក្នុងប្រទេសកម្ពុជា ក៏អាចចូលរួមទស្សនា និងផ្តល់កម្លាំងចិត្តតាមរយៈការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍បាយ័ន BTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ BTV ផងដែរ។

នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលបង្ហាញពីការរួបរួមគ្នារបស់គ្រួសារខ្មែរ ក្រោមស្មារតីសាមគ្គីភាព និងមោទកភាពជាតិ ទោះបីស្ថិតក្នុងទីកន្លែងណាក៏ដោយ។ ជោគជ័យរបស់កីឡាករគុនខ្មែរ គឺជាកិត្តិយសរបស់ជាតិទាំងមូល៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1