National

• 1 hour ago• Lim_Rothanaksambath

កម្ពុជា ត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ «ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026» នៅទីលានជល់ដំរី សៀមរាប

កម្ពុជា ត្រៀមរៀបចំមហាព្រឹត្តិការណ៍ប្រដាល់អន្តរជាតិ «ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026» នៅទីលានជល់ដំរី សៀមរាប


ភ្នំពេញ, ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ អនុញ្ញាតឱ្យគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) សហការជាមួយស្ថានីយទូរទស្សន៍ Town Full HDTV និងស្ថាប័នប្រដាល់អន្តរជាតិ FIGHT CLUBBING របស់ប្រទេសអ៊ីតាលី រៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់កម្រិតពិភពលោក «ភិមានអាកាស KUN KHMER × FIGHT CLUBBING 2026»។

ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខ ចាប់ពីម៉ោង ៧:០០ យប់តទៅ នៅទីលានជល់ដំរី ក្នុងទឹកដីបេតិកភណ្ឌប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប។

យោងតាមកិច្ចប្រជុំត្រៀមរៀបចំកាលពីព្រឹកថ្ងៃចន្ទ ទី៥ ខែតុលា ឆ្នាំ២០២៦ នាទីស្តីការសាលាខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ និងជាប្រធាន NOCC បានឱ្យដឹងថា ព្រឹត្តិការណ៍ដ៏ធំនេះនឹងមានការប្រកួតលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីង (Kickboxing) សរុបចំនួន ៧ គូ។ ក្នុងនោះ កំពូលកីឡាករប្រដាល់ល្បីៗរបស់កម្ពុជា នឹងត្រូវតតាំងជាមួយកីឡាករអន្តរជាតិមកពី ៦ ប្រទេស រួមមាន៖ អ៊ីតាលី បារាំង រូម៉ានី ទុយណេស៊ី តួគីយេ និងសេណាហ្គាល់។

មហាព្រឹត្តិការណ៍នេះ នឹងត្រូវផ្សាយបន្តផ្ទាល់តាមកញ្ចក់ទូរទស្សន៍ TOWN FULLHD TV និងផ្សាយបន្តផ្ទាល់ជាសកលតាមរយៈ DAZN ដែលជាបណ្តាញទូរទស្សន៍កីឡាដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេស ទៅកាន់ជាង ២០០ ប្រទេស និងដែនដី ជុំវិញពិភពលោក។

បន្ថែមពីនេះ នៅក្នុងតំបន់ព្រឹត្តិការណ៍ ក៏មានការដាក់ស្តង់ពិព័រណ៍ផលិតផលក្នុងស្រុក ដូចជា ទឹកបរិសុទ្ធ និងភេសជ្ជៈប៉ូវកម្លាំង ដោយ ដាច់ខាតមិនអនុញ្ញាតឱ្យមានការផ្សព្វផ្សាយ ឬលក់គ្រឿងស្រវឹង និងជាតិអាល់កុលឡើយ។

ឯកឧត្តមបណ្ឌិតទេសរដ្ឋមន្ត្រី ថោង ខុន បានគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះមិនត្រឹមតែលើកកម្ពស់ និងអភិវឌ្ឍមរតកយុទ្ធគុនដូនតាខ្មែរនៅលើឆាកអន្តរជាតិនោះទេ ប៉ុន្តែថែមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយអរិយធម៌ វប្បធម៌ និងសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ស្របតាមចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការបង្ហាញកម្ពុជាជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព សន្តិសុខ និងស្ថិរភាពពេញលេញ។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Olympic Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Olympic Cambodia
ដើម្បីធានាឱ្យមហាព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងសមស្របតាមបទដ្ឋានបេតិកភណ្ឌប្រវត្តិសាស្ត្រ ឯកឧត្ដមបណ្ឌិត ថោង ខុន បានដាក់ចេញនូវអនុសាសន៍ និងវិធានការគន្លឹះចំនួន ៩ ចំណុច៖

1. សន្តិសុខ និងសណ្តាប់ធ្នាប់៖ ស្នើសុំរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរមានសមត្ថកិច្ច សម្របសម្រួលសន្តិសុខ សណ្តាប់ធ្នាប់ ការងារសង្គ្រោះ និងបង្ការអគ្គិភ័យឱ្យបានម៉ឺងម៉ាត់។
2. ការរៀបចំទីតាំង៖ ស្នើសុំអាជ្ញាធរជាតិអប្សរា សម្របសម្រួលការរៀបចំ និងតម្លើងសម្ភារៈបរិក្ខារនៅទីលានជល់ដំរី។
3. ការផ្សព្វផ្សាយទេសចរណ៍៖ ស្នើក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាសិក្សាទីផ្សារទេសចរណ៍ សហការរៀបចំ «កញ្ចប់ទេសចរណ៍» ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាការប្រកួតយុទ្ធគុនបុរាណខ្មែរ។
4. ការសម្រួលដល់ប្រជាពលរដ្ឋ៖ ជូនអនុសាសន៍ដល់រដ្ឋបាលខេត្ត ពិចារណារៀបចំ «រថយន្តក្រុងដឹកជញ្ជូន» ជូនប្រជាពលរដ្ឋនៅតាមភូមិរង់ចាំ បានមកចូលរួមទស្សនាដោយផ្ទាល់។
5. ការគោរពបទដ្ឋានបេតិកភណ្ឌ៖ ស្ថានីយទូរទស្សន៍ Town ត្រូវគោរព និងអនុវត្តតាមគោលការណ៍ណែនាំរបស់អាជ្ញាធរជាតិអប្សរាយ៉ាងម៉ឺងម៉ាត់។
6. ត្រឹមត្រូវតាមប្រវត្តិសាស្ត្រ៖ សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពិនិត្យសម្លៀកបំពាក់ប្រពៃណី សិល្បៈសម្តែង និងវីដេអូប្រវត្តិសាស្ត្រ ឱ្យបានត្រឹមត្រូវ និងមានប្រភពច្បាស់លាស់។
7. បេសកកម្មសិក្សាប្រវត្តិគុនខ្មែរ៖ រៀបចំកម្មវិធីទស្សនកិច្ចជូនប្រតិភូ FIGHT CLUBBING និងទូរទស្សន៍ DAZN ដើម្បីសិក្សាពីដើមកំណើតគុនខ្មែរតាមរយៈចម្លាក់លៀនលើជញ្ជាំង និងខឿនប្រាសាទបុរាណ ដោយមានមគ្គុទ្ទេសក៍ជំនាញច្បាស់លាស់។
8. ស្តង់ពិព័រណ៍យុទ្ធគុន៖ ស្ថានីយ៍ទូរទស្សន៍ Town គួររៀបចំស្តង់បង្ហាញយុទ្ធោបករណ៍ និងសម្លៀកបំពាក់យុទ្ធគុនដូនតាខ្មែរ ជូនភ្ញៀវជាតិ និងអន្តរជាតិទស្សនា។
9. ការស្លៀកពាក់បែបប្រពៃណី៖ ណែនាំ និងរៀបចំឱ្យអ្នកចូលរួមទាំងអស់ (មហាជន ភ្ញៀវកិត្តិយស កីឡាករ និងគណៈអធិបតី) ស្លៀកសម្លៀកបំពាក់បែបប្រពៃណីខ្មែរ ឱ្យសមស្របនឹងទីតាំងប្រវត្តិសាស្ត្រទីលានជល់ដំរី តាំងពីសម័យអង្គរ។


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3