National

• 12 hours ago• Lim_Rothanaksambath

សន្និសីទថ្នាក់ជាតិលើកទី៣ ស្តីពីសេដ្ឋកិច្ចការងារ ជំរុញ «បរិវត្តកម្មទីផ្សារការងារ» ឆ្លើយតបនឹងការចាកចេញពី LDC ឆ្នាំ២០២៩

សន្និសីទថ្នាក់ជាតិលើកទី៣ ស្តីពីសេដ្ឋកិច្ចការងារ ជំរុញ «បរិវត្តកម្មទីផ្សារការងារ» ឆ្លើយតបនឹងការចាកចេញពី LDC ឆ្នាំ២០២៩


ភ្នំពេញ, ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ក្នុងទិសដៅពង្រឹងភាពធន់ និងផលិតភាពនៃកម្លាំងពលកម្មកម្ពុជា ឱ្យស្របតាមការវិវត្តនៃសេដ្ឋកិច្ចតំបន់ និងសកលលោក ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយអង្គការសហប្រជាជាតិ (UN) និងអង្គការអន្តរជាតិខាងការងារ (ILO) បានបើកសន្និសីទថ្នាក់ជាតិស្តីពីសេដ្ឋកិច្ចការងារ លើកទី៣ ឆ្នាំ២០២៦ រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ នេះ នៅសណ្ឋាគារ Shangri-La រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍ថ្នាក់ជាតិនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកស្រី Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា លោកស្រី Xiaoyan Qian នាយិការការិយាល័យ ILO ប្រចាំកម្ពុជា ឡាវ និងថៃ ព្រមទាំងតំណាងនិយោជក កម្មករនិយោជិត និងដៃគូអភិវឌ្ឍន៍សរុបជាង ៣៣០ នាក់។
សន្និសីទឆ្នាំ២០២៦ នេះ រៀបចំឡើងក្រោមប្រធានបទ «បរិវត្តកម្មទីផ្សារការងារ និងអន្តរកាលសេដ្ឋកិច្ចកម្ពុជាក្នុងបរិបទអាស៊ាន៖ ជំនាញ បច្ចេកវិទ្យា និងភាពធន់ ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល»។

ថ្លែងក្នុងពិធីបើក ឯកឧត្តម ហេង សួរ បានគូសបញ្ជាក់ថា វេទិកានេះឆ្លើយតបយ៉ាងចំទិសដៅចំពោះបម្រែបម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច ការប្រកួតប្រជែងផ្នែកឌីជីថល បញ្ញាសិប្បនិម្មិត (AI) និងការរៀបចំខ្សែច្រវាក់ផ្គត់ផ្គង់សកលឡើងវិញ ជាពិសេសគឺការត្រៀមខ្លួនរបស់កម្ពុជា ក្នុងការចាកចេញពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC) យ៉ាងយូរបំផុតត្រឹម ឆ្នាំ២០២៩។

ដើម្បីឆ្លើយតបនឹងបម្រែបម្រួលនេះ ក្រសួងការងារបាននិងកំពុងសស្រាក់សស្រាំរៀបចំឯកសារយុទ្ធសាស្ត្រជាតិចំនួន ២ សម្រាប់ជា «ត្រីវិស័យតម្រង់ទិស» សម្រាប់ទសវត្សរ៍បន្ទាប់ (២០២៦-២០៣៥)៖ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ ឆ្នាំ២០២៦-២០៣៥ និងគោលនយោបាយជាតិស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ឆ្នាំ២០២៦-២០៣៥។

Inline image
ក្នុងនាមរាជរដ្ឋាភិបាល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានកោតសរសើរចំពោះក្រសួងការងារ និងដៃគូដែលបានសហការរៀបចំសន្និសីទប្រចាំឆ្នាំនេះឡើង ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពការងារ។
ឯកឧត្តមមានប្រសាសន៍ថា «សន្និសីទនេះជាការបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស និងទីផ្សារការងារកម្ពុជា ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលចាត់ទុកមនុស្សជា “អាទិភាពគន្លឹះ” ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា»។

ដើម្បីតម្រង់ទិស និងជាយុទ្ធសាស្ត្រក្នុងការធ្វើបរិវត្តកម្មទីផ្សារការងារ និងការកសាងមូលធនមនុស្សដើម្បីធានាភាពប្រកួតប្រជែង និងភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗ ដូចជា៖ ការពង្រឹងប្រព័ន្ធព័ត៌មានទីផ្សារការងារ តាមពេលជាក់ស្តែង និងតាមតំបន់, ការបន្ស៊ីការបណ្តុះបណ្តាលជំនាញឱ្យស្របទៅនឹងតម្រូវការឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់, ការត្រៀមលក្ខណៈចាប់យកកាលានុវត្តភាពពី “បរិវត្តកម្ម” និង “អន្ដរកាលកម្ម”, ការពង្រឹងភាពប្រកួតប្រជែង, ការជំរុញអន្តរកាលពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធ និងការពង្រីកកិច្ចគាំពារសង្គម និងការពង្រឹងចីរភាពហិរញ្ញប្បទាន និងភាពជាដៃគូរវាងរដ្ឋនិងឯកជនក្នុងការអភិវឌ្ឍជំនាញជាដើម៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3