National

• 2 hours ago• Lim_Rothanaksambath

រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្តេជ្ញាពង្រឹងពហុភាគីនិយមឆ្ពោះទៅការចាកចេញពីស្ថានភាព LDC នៅឆ្នាំ២០២៩ ក្នុងខួប ៧១ឆ្នាំនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-UN

រដ្ឋមន្ត្រីការបរទេសកម្ពុជា ប្តេជ្ញាពង្រឹងពហុភាគីនិយមឆ្ពោះទៅការចាកចេញពីស្ថានភាព LDC នៅឆ្នាំ២០២៩ ក្នុងខួប ៧១ឆ្នាំនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-UN
ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ (អ.ស.ប.) ប្រចាំកម្ពុជា បានប្រារព្ធពិធីអបអរសាទរទិវាអង្គការសហប្រជាជាតិ ឆ្នាំ២០២៦ យ៉ាងឱឡារិក ដោយបានរំលឹកពីសមិទ្ធផល និងភាពជាដៃគូដ៏យូរអង្វែងរយៈពេល ៧១ឆ្នាំ នៃការកសាងសន្តិភាព ការស្តារប្រទេស និងការអភិវឌ្ឍប្រកបដោយចីរភាព។

ពិធីអបអរសាទរនេះ បានប្រព្រឹត្តទៅកាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Raffles Le Royal ក្រោមអធិបតីភាព ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និង លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់ ស្ថាប័នជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនរូប។

ថ្លែងក្នុងពិធី ឯកឧត្តម ប្រាក់ សុខុន បានសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះអង្គការសហប្រជាជាតិ ដែលបានរួមចំណែកយ៉ាងសំខាន់មិនអាចខ្វះបាន ក្នុងការកសាងសន្តិភាព ការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញចាប់តាំងពីអតីតកាលរហូតមកដល់បច្ចុប្បន្ន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់យ៉ាងមុតមាំពីមោទនភាពរបស់កម្ពុជា ក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងប្រតិបត្តិការរក្សាសន្តិភាពអន្តរជាតិក្រោមឆ័ត្រ អ.ស.ប. ចាប់តាំងពីឆ្នាំ២០០៦ មក និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះការដោះស្រាយវិវាទដោយសន្តិវិធី ការគោរពច្បាប់អន្តរជាតិ និងការលើកកម្ពស់ពហុភាគីនិយម។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប្រាក់ សុខុន - Prak Sokhonnប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ប្រាក់ សុខុន - Prak Sokhonn
បន្ថែមពីនេះ ឯកឧត្តម ប្រាក់ សុខុន បានសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ អ.ស.ប. ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកមនុស្សធម៌ ជំរុញសកម្មភាពអាកាសធាតុ (Climate Action) និងជាពិសេសគឺការត្រៀមលក្ខណៈឆ្ពោះទៅ «ការចាកចេញដោយរលូន និងប្រកបដោយចីរភាពពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច (LDC Graduation) នៅឆ្នាំ២០២៩» ខាងមុខ។


ចំណែក លោកជំទាវ Vladanka Andreeva អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានគូសបញ្ជាក់ក្នុងសុន្ទរកថារបស់លោកជំទាវថា សាមគ្គីភាពអន្តរជាតិ និងពហុភាគីនិយម គឺជាគន្លឹះដ៏សំខាន់ក្នុងការឆ្លើយតបនឹងបញ្ហាប្រឈមសកលលោកនាពេលបច្ចុប្បន្ន។ លោកជំទាវបានកោតសរសើរចំពោះភាពជាដៃគូដ៏រឹងមាំរវាង អ.ស.ប. រាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងការជំរុញការអភិវឌ្ឍស្ថាប័ន ការពង្រីកសេវាសាធារណៈមូលដ្ឋាន និងគោលការណ៍មិនទុកនរណាម្នាក់ចោល (Leave No One Behind)។

លោកជំទាវ Vladanka Andreeva បានដកស្រង់ព្រះរាជបន្ទូលដ៏មានតម្លៃរបស់ ព្រះករុណា ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ គឺ «ខ្មែររួបរួម ខ្មែរខ្លាំង» ដោយលោកជំទាវបានស្នើសុំយកស្មារតីនេះមកប្រៀបធៀបក្នុងបរិបទសកលថា «ប្រជាជាតិរួបរួម ប្រជាជាតិរឹងមាំ» ដើម្បីបន្តប្តេជ្ញាចិត្តសហការគ្នាឆ្ពោះទៅរកអនាគតដ៏មានភាពធន់ បរិយាបន្ន និងវិបុលភាពរួមគ្នាគ្រប់ៗគ្នា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3