The Khmer Daily Network Logo

National

4 hours agoLim_Rothanaksambath

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចាប់ដៃ Lotus Group ជំរុញវិស័យប្រដាល់អាជីព និងឆ្ពោះទៅកាន់អូឡាំពិក ឆ្នាំ២០២៨

សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ចាប់ដៃ Lotus Group ជំរុញវិស័យប្រដាល់អាជីព និងឆ្ពោះទៅកាន់អូឡាំពិក ឆ្នាំ២០២៨
ភ្នំពេញ, ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦៖ ក្នុងបេសកកម្មពង្រឹងសមត្ថភាពកីឡាករ និងឈានទៅរកកម្រិតអាជីពលំដាប់អន្តរជាតិ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា (CBF) បានប្រកាសពីគម្រោងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ជាមួយក្រុមហ៊ុន Lotus Group ដើម្បីអភិវឌ្ឍវិស័យប្រដាល់សកល និងត្រៀមលក្ខណៈសម្រាប់ការប្រកួតជម្រុះកីឡាអូឡាំពិក ឆ្នាំ២០២៨ នៅសហរដ្ឋអាមេរិក។

កិច្ចពិភាក្សាដ៏មានសារៈសំខាន់នេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ រវាង ឯកឧត្តម ប៊ុយ សុភ័ណ្ឌ ប្រធានសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា និង លោក Vladimir Palancica អគ្គនាយកក្រុមហ៊ុន Lotus Group និងជាប្រធាន BRICS House ប្រចាំព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះក៏មានការចូលរួមពីអគ្គលេខាធិការ ក្រុមគ្រូបង្វឹក និងកីឡាករជម្រើសជាតិផងដែរ។

គោលបំណងសំខាន់នៃកិច្ចសហប្រតិបត្តិការនេះ គឺដើម្បីជំរុញឱ្យកីឡាករប្រដាល់សកលកម្ពុជាមានឱកាសឈានជើងចូលក្នុងសង្វៀនអាជីពអន្តរជាតិ និងបង្កើនប្រព័ន្ធគ្រប់គ្រងកីឡាករឱ្យមានស្តង់ដារ។ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស ការហ្វឹកហាត់ និងធនធានចាំបាច់ដល់ក្រុមជម្រើសជាតិ ដើម្បីប្រកួតប្រជែងដណ្តើមកៅអីក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៨ នៅទីក្រុង Los Angeles សហរដ្ឋអាមេរិក។

តាមរយៈ BRICS House កម្ពុជារំពឹងថា នឹងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្រូបង្វឹក និងកីឡាករល្បីៗមកពីបណ្តាប្រទេសជាសមាជិក BRICS ដែលមានវិស័យកីឡាខ្លាំងក្លា។

ក្នុងជំនួបនោះ ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា ការចាប់ដៃគូជាមួយ Lotus Group នឹងក្លាយជាចំណុចរបត់ថ្មីមួយសម្រាប់កីឡាប្រដាល់សកលកម្ពុជា។ ឯកឧត្តមសង្កត់ធ្ងន់ថា៖ «ការត្រៀមខ្លួនតាំងពីពេលនេះ គឺជាយុទ្ធសាស្ត្រចាំបាច់បំផុត ដើម្បីធានាថា កីឡាករកម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការប្រកួតជម្រុះកម្រិតពិភពលោក»។

ចំណែក លោក Vladimir Palancica បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ Lotus Group ក្នុងការនាំយកធនធាន និងបណ្តាញអន្តរជាតិមកជួយជ្រោមជ្រែងកីឡាករកម្ពុជា ឱ្យមានឱកាសបង្ហាញសមត្ថភាពលើឆាកអន្តរជាតិកាន់តែច្រើន។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESSប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក នាយកដ្ឋានរៀបចំព្រឹត្តិការណ៍និងស្ថិតិកីឡា - DOESS
គួររំលឹកផងដែរថា សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា ក្រោមការដឹកនាំរបស់ឯកឧត្តម ប៊ុយ សុភ័ណ្ឌ បាននិងកំពុងធ្វើកំណែទម្រង់យ៉ាងសកម្ម ទាំងលើការបណ្តុះបណ្តាលយុវជន និងការស្វែងរកដៃគូឯកជន ដើម្បីធានានិរន្តរភាព និងភាពជោគជ័យនៃវិស័យកីឡាមួយនេះ។

ការចុះហត្ថលេខាលើ MOU ជាផ្លូវការ រវាងស្ថាប័នទាំងពីរ គ្រោងនឹងធ្វើឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដែលនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់វិស័យកីឡានៅកម្ពុជា៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3