National
• 6 days ago• Lim_Rothanaksambath
លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការ OIF មកដល់កម្ពុជា ដើម្បីចូលរួមដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំចំនួន ២

ភ្នំពេញ, ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៦៖ លោកជំទាវ Louise Mushikiwabo អគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) បានធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមរៀបចំ និងដឹកនាំកិច្ចប្រជុំសំខាន់ៗក្នុងព្រឹត្តិការណ៍ការទូតជាប្រវត្តិសាស្ត្រនៃការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (20th Francophonie Summit)។
នៅក្នុងឱកាសនៃការអញ្ជើញមកដល់របស់ប្រមុខអង្គការ OIF ឯកឧត្តម លុយ ដាវីត ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋបារាំង និងជាអនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ បានអញ្ជើញទទួលស្វាគមន៍លោកជំទាវ Louise Mushikiwabo និងគណៈប្រតិភូយ៉ាងកក់ក្តៅបំផុតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ការអញ្ជើញមកដល់នាពេលនេះ គឺជាការចាប់ផ្តើមនៃបេសកកម្មផ្លូវការរបស់លោកជំទាវអគ្គលេខាធិការ OIF ក្នុងការសហការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នៅក្នុងរាជធានីភ្នំពេញ។
ក្នុងអំឡុងពេលបេសកកម្មនៅកម្ពុជា លោកជំទាវ Louise Mushikiwabo នឹងអញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំសំខាន់ៗចំនួន ២ រួមមាន៖ កិច្ចប្រជុំលើកទី៤៨ នៃសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី (Conférence ministérielle de la Francophonie - CMF) ដែលជាកិច្ចប្រជុំរៀបចំរបៀបវារៈ និងរៀបចំសេចក្តីសម្រេចចិត្តផ្សេងៗ និង កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ (Sommet de la Francophonie) ដែលជាជំនួបកំពូលថ្នាក់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសប្រើប្រាស់ភាសាបារាំងជុំវិញពិភពលោក។
ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ការទូតអន្តរជាតិដ៏ធំនេះ មិនត្រឹមតែជាមហាកិត្តិយស និងជាមោទនភាពជាតិសម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសបង្ហាញពីសមត្ថភាព បដិសណ្ឋារកិច្ច ព្រមទាំងវប្បធម៌ និងអត្តសញ្ញាណខ្មែរទៅកាន់ឆាកអន្តរជាតិផងដែរ៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



