The Khmer Daily Network Logo

National

1 hour agoLim_Rothanaksambath

យុទ្ធនាការ «Made in Cambodia» ជំរុញផលិតផលកសិ-កែច្នៃកម្ពុជាឆ្ពោះទៅទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក

យុទ្ធនាការ «Made in Cambodia» ជំរុញផលិតផលកសិ-កែច្នៃកម្ពុជាឆ្ពោះទៅទីផ្សារកម្រិតខ្ពស់ និងផ្សារទំនើបខ្នាតយក្សលំដាប់ពិភពលោក
ភ្នំពេញ, ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦៖ ផលិតផលកសិ-កែច្នៃរបស់កម្ពុជា កំពុងបង្កើនវត្តមានយ៉ាងខ្លាំងក្លានៅលើធ្នើផ្សារទំនើបខ្នាតយក្ស និងលំដាប់ពិភពលោកជាច្រើន ដែលនេះគឺជាផ្លែផ្កានៃការអនុវត្តទិសដៅយុទ្ធសាស្ត្ររបស់ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការជំរុញពិពិធកម្មទីផ្សារ និងលើកកម្ពស់ខ្សែច្រវាក់តម្លៃកសិ-ចំណីអាហារជាតិ។

តាមរយៈយុទ្ធនាការ «Made in Cambodia» ដែលអនុវត្តដោយក្រសួងពាណិជ្ជកម្ម ផលិតផលកម្ពុជាលែងត្រឹមតែជាវត្ថុធាតុដើមទៀតហើយ ប៉ុន្តែបានក្លាយជាផលិតផលសម្រេចដែលមានស្តង់ដាខ្ពស់ អាចប្រកួតប្រជែងក្នុងទីផ្សារលំដាប់ខ្ពស់បានយ៉ាងមានមោទនភាព។
ក្នុងនោះ ក្រុមហ៊ុន Amru Rice ដែលជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់ បាននាំយកអង្ករប្រណីតខ្មែរទៅកាន់ទីផ្សារធំៗជុំវិញពិភពលោក រួមមាន នៅប្រទេសបារាំង អង្ករផ្ការំដួល (Phka Malis) ក្រោមស្លាកយីហោ Comptoir du Grain មានលក់នៅផ្សារទំនើប E.Leclerc។ នៅសហរដ្ឋអាមេរិក អង្ករប្រណីត Emerald River បានបង្ហាញវត្តមាននៅផ្សារទំនើបលក់ដុំខ្នាតយក្ស COSTCO Wholesale។ ដោយឡែក នៅអាស៊ី អង្ករម៉ាក Apsara Rice មានលក់នៅផ្សារទំនើប Cold Storage (សិង្ហបុរី) និងបណ្តាញផ្សារ DFI Retail Group (ហុងកុង)។

ជាមួយគ្នានោះ ផលិតផលកសិ-កែច្នៃផ្សេងទៀតក៏បានបង្ហាញសក្តានុពលខ្ពស់ផងដែរ ដោយ ស្វាយកែច្នៃរបស់ក្រុមហ៊ុន គិរីរម្យ ហ្វ៊ូដ ប្រដាក់សិន (KFP) បានជោគជ័យក្នុងការដាក់លក់ផលិតផលនៅ COSTCO ក្រោមម៉ាកសញ្ញាឯកជន Kirkland Signature ដែលជាម៉ាកល្បីល្បាញបំផុតមួយ។ រីឯក្រុមហ៊ុន Misota បានពង្រីកទីផ្សារទៅកាន់ជប៉ុន (ផ្សារ AEON), បារាំង (ផ្សារ Carrefour និងឱសថស្ថានជាច្រើន), ចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ គ្រាប់ស្វាយចន្ទី ក្រុមហ៊ុន HCST បានបង្កើតប្រវត្តិសាស្ត្រថ្មីដោយនាំចេញទៅកាន់ក្រុមហ៊ុន Whitworths (អង់គ្លេស) និងក្រុមហ៊ុន Boettger (អាល្លឺម៉ង់) ដោយផ្ទាល់។ នៅប្រទេសជប៉ុន គ្រាប់ស្វាយចន្ទីខ្មែរកំពុងមានវត្តមាននៅតាមបណ្តាញផ្សារ FamilyMart រហូតដល់ ១៦,០០០ សាខា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ចម និម្មល Cham Nimulប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ចម និម្មល Cham Nimul
ក្រៅពីអង្ករ និងផ្លែឈើ ផលិតផលដែលមានតម្លៃបន្ថែមខ្ពស់ដូចជា ម្រេចកំពត, ផ្កាអំបិលកំពត-កែប និងស្ករត្នោតកំពង់ស្ពឺ កំពុងទទួលបានការគាំទ្រខ្លាំងនៅអឺរ៉ុប អាមេរិក និងជប៉ុន។ ទន្ទឹមនឹងនោះ គ្រឿងសម្លប្រពៃណី (អាម៉ុក ការី) ទឹកត្រី និងផលិតផលជលផលកែច្នៃ ក៏កំពុងវាយលុកទីផ្សារអូស្ត្រាលី និងអាមេរិកយ៉ាងសកម្មផងដែរ។

សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការប្រែក្លាយអត្តសញ្ញាណ «Product of Cambodia» ឱ្យទៅជាជម្រើសប្រកបដោយទំនុកចិត្តតាមរយៈការពង្រឹងគុណភាព អនាម័យ និងស្តង់ដាសុវត្ថិភាពចំណីអាហារកម្រិតខ្ពស់។

គួរបញ្ជាក់ថា យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល បានចាត់ទុកការជំរុញវិស័យកសិកម្ម និងការកែច្នៃ ជាអាទិភាពគន្លឹះដើម្បីបង្កើនចំណូលជូនកសិករ និងជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំលើឆាកអន្តរជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network