The Khmer Daily Network Logo

National

1 day agoLim_Rothanaksambath

រាជរដ្ឋាភិបាល ដាក់ចេញយន្តការចាំបាច់សម្រួលការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុន Minebea បន្តពង្រីកការវិនិយោគ

រាជរដ្ឋាភិបាល ដាក់ចេញយន្តការចាំបាច់សម្រួលការធ្វើធុរកិច្ច និងការវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុន Minebea បន្តពង្រីកការវិនិយោគ
ភ្នំពេញ, ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Yoshihisa Kainuma (យ៉ូស៊ីហ៊ីសា កៃនូម៉ា) អគ្គនាយកប្រតិបត្តិក្រុមហ៊ុន MinebeaMitsumi Inc. និង សហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ នៅវិមានសន្តិភាព។

លោកអគ្គនាយកប្រតិបត្តិក្រុមហ៊ុន បានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងតែផ្តល់ការគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការអាជីវកម្មរបស់ ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជារហូតទទួលបានសមិទ្ធផល និងជោគជ័យ ជាទីមោទនៈ ដូចសព្វថ្ងៃនេះ។

លោកអគ្គនាយកប្រតិបត្តិ ក៏បានគោរពជម្រាបជូនសម្ដេចធិបតីអំពីវឌ្ឍនភាពអាជីវកម្ម និងគម្រោងសម្ពោធរោងចក្រថ្មីនៅកម្ពុជា ព្រមទាំងផែនការក្នុងការពង្រីកការវិនិយោគបន្ថែមទៀត របស់ក្រុមហ៊ុននៅកម្ពុជា។ ភាពជោគជ័យ និងការរីកចម្រើនរបស់ក្រុមហ៊ុន ជាកត្តាទាក់ទាញវិនិយោគិនជប៉ុនផ្សេងទៀតឱ្យមកបណ្ដាក់ទុននៅកម្ពុជា ហើយក្រុមហ៊ុននៅតែមានជំនឿទុកចិត្តលើបរិយាកាស និងស្ថិរភាពនៃការវិនិយោគនៅកម្ពុជា។ ក្រុមហ៊ុន នឹងប្រារព្ធពិធីអបអរសាទរខួបទី១៥ឆ្នាំ នៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅកម្ពុជា នាខែធ្នូខាងមុខ។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវសេចក្ដីសោមនស្សរីករាយចំពោះវឌ្ឍនភាព និងភាពជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. នៅកម្ពុជា ដោយបានគូសបញ្ជាក់ថា ជោគជ័យរបស់ក្រុមហ៊ុន MinebeaMitsumi Inc. ក៏ជាជោគជ័យរបស់កម្ពុជាផងដែរ។

រាជរដ្ឋាភិបាល នឹងបន្តគាំទ្រ ធានាបរិយាកាសអំណោយផលសម្រាប់វិនិយោគិន និងបន្តធានាបរិយាកាសវិនិយោគប្រកបដោយភាពធន់ និងភាពប្រកួតប្រជែងខ្ពស់។

សម្ដេចធិបតី បានលើកឡើងអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការចាំបាច់នានា ដើម្បីសម្របសម្រួលដល់ការធ្វើធុរកិច្ច និង ការវិនិយោគនៅកម្ពុជា រួមមាន៖ ការធ្វើកំណែទម្រង់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC), ការជំរុញ គាំទ្រដល់វិស័យសហគ្រាសធុនតូច និងមធ្យម (SMEs) ឱ្យកាន់តែរឹងមាំ និងការផ្តល់ការលើកទឹកចិត្តតាមរយៈការអនុគ្រោះពន្ធលើវិស័យសក្ដានុពល និងយុទ្ធសាស្ត្ររបស់កម្ពុជា។
ទន្ទឹមជាមួយគ្នានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក៏បានអនុញ្ញាតឱ្យ លោក យ៉ូស៊ីហ៊ីសា កៃនូម៉ា (Yoshihisa KAINUMA) អគ្គនាយកក្រុមហ៊ុន MinebeaMitsumi Co., Ltd ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃនេះដូចគ្នា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Samdech Hun Sen of Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក Samdech Thipadei Hun Manet, Prime Minister of Cambodia និង Samdech Hun Sen of Cambodia
ក្នុងនោះ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យសម្ដេចតេជោ បានឱ្យដឹងថា សម្ដេចតេជោ បានសម្ដែងនូវការពេញចិត្តនៅពេលដែលឃើញក្រុមហ៊ុន Minebea បានពង្រីកនូវការវិនិយោគជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា និងរីករាយចំពោះរបាយការណ៍ដែលជាវឌ្ឍនភាពរបស់ក្រុមហ៊ុន Minebea ទោះបីជាប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ក៏មិនបានធ្វើឱ្យប៉ះពាល់ដល់ការវិនិយោគ ឬប្រតិបត្តិការនៃក្រុមហ៊ុននោះឡើយ។
សម្ដេច រីករាយពេលដែលឃើញវឌ្ឍនភាពនៃក្រុមហ៊ុនមានការរីកចម្រើន ដែលបង្ហាញពីភាពធន់របស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ទោះបីជាមានឧបសគ្គខ្លះ ក៏ប៉ុន្តែមិនបានឱ្យក្រុមហ៊ុនជួបនូវផលប៉ះពាល់ឡើយ។ ផ្ទុយទៅវិញ ក្រុមហ៊ុនចង់ពង្រីកលទ្ធភាព នៃការវិនិយោគបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។

គួរឱ្យដឹងផងដែរថា មកដល់ពេលនេះ ក្រុមហ៊ុន MinebeaMitsumi Inc. បានបើករោងចក្រ ២ កន្លែង នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងខេត្តពោធិ៍សាត់ ដែលបានចូលរួមចំណែកនៅក្នុងការបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន។ នៅក្នុងខេត្តពោធិ៍សាត់ ក្រុមហ៊ុនកំពុងតែបង្កើតរោងចក្រថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ ហើយការវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺជាការវិនិយោគដ៏ទុកចិត្ត ហើយលោកគ្មានការបារម្ភអ្វីនោះឡើយ ចំពោះបញ្ហាជម្លោះព្រំដែនកម្ពុជានិងថៃ៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2