International

• 2 hours ago• Lim_Rothanaksambath

ពលរដ្ឋឥណ្ឌូណេស៊ីរិះគន់ថា Miss Globe Thailand 2026 «គ្មានភាពស្មោះត្រង់» ក្រោយបកស្រាយរឿងពាក់សារុងបាទីកមិនចំបញ្ហាស្នូល

ពលរដ្ឋឥណ្ឌូណេស៊ីរិះគន់ថា Miss Globe Thailand 2026 «គ្មានភាពស្មោះត្រង់» ក្រោយបកស្រាយរឿងពាក់សារុងបាទីកមិនចំបញ្ហាស្នូល


ភ្នំពេញ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦៖ ភាពចម្រូងចម្រាសជុំវិញបញ្ហាអត្តសញ្ញាណវប្បធម៌នៅក្នុងតំបន់អាស៊ីអាគ្នេយ៍នៅតែបន្តកើតឡើងជារឿយៗ ខណៈដែលថ្មីៗនេះមហាជន និងអ្នកលេងបណ្តាញសង្គមក្នុងប្រទេសឥណ្ឌូណេស៊ី បានចេញមុខតវ៉ាយ៉ាងខ្លាំងប្រឆាំងនឹង Miss Globe Thailand 2026 ដែលបានស្លៀកសំពត់សារុងក្រណាត់បាទីក (Batik) និងប្រកាសថា វាជាសម្លៀកបំពាក់ប្រពៃណីថៃភាគខាងត្បូង។

យោងតាមការបង្ហោះរបស់ទំព័រហ្វេសប៊ុកផ្លូវការ បុរាណាចារ្យ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា «កើតករណី Miss Globe ថៃបន្ទាប់ពីលួចស្បៃខ្មែររួច បន្តលួចស្លៀកសារុងក្រណាត់បាទីកឥណ្ឌូណេស៊ី រួចប្រកាសជាសម្លៀកបំពាក់ថៃភាគខាងត្បូង។ ជនជាតិឥណ្ឌូនេស៊ីចេញតវ៉ាថា សំពត់របៀបនេះមានតែនៅ ឥណ្ឌូណេស៊ីតែប៉ុណ្ណោះ ហើយមានតែនៅកោះជ្វាភាគខាងលិចតែប៉ុណ្ណោះ នៅតំបន់នោះគេប្រើប្រាស់សំពត់នេះតែក្នុងពិធីមង្គលការតែប៉ុណ្ណោះ មិនយកមកស្លៀកលេងទេ ។ ខណៈថៃអះអាងថា ជាវប្បធម៌រួម ថៃធ្លាប់ចុះឈុតកេបាយ៉ារួមជាឥណ្ឌូណេស៊ី ដូចនេះថៃមានសិទ្ធប្រើ។ មតិជនជាតិឥណ្ឌូនេស៊ីហៅថៃជា ជាប្រទេសចោរ និង រំលឹកពីហេតុការណ៍ដែល មីយ៉ាន់ម៉ានិងកម្ពុជា ចេញតវ៉ា»។

គិតត្រឹមពេលនេះ គណនី Instagram ផ្លូវការរបស់ Suttida Iadpoo Miss Globe Thailand 2026 មានខំមិនតវ៉ាជាង២០០០ ខណៈដែលគណនី IG ផ្លូវការ Miss Universe Thailand ក៏បានបិទមុខងារសម្រាប់ការបញ្ចេញមតិ ដើម្បីគេចចេញពីការរិះគន់យ៉ាងក្ដៅគគុកពីសំណាក់មហាជនអន្តរជាតិ។

ជុំវិញរឿងចម្រូងចម្រាសផ្នែកវប្បធម៌នេះ គណនី IG ផ្លូវការ Pageant Dispatches បានបង្ហោះសារមួយ កាលពីថ្ងៃទី២៥ ខែតុលា កន្លងទៅ ដោយបានបញ្ជាក់ថា Miss Globe Thailand 2026 កញ្ញា Suttida Iadpoo (សុទ្ធីដា អៀដភូ) បានចេញសេចក្តីថ្លែងការណ៍បំភ្លឺជុំវិញបញ្ហាចម្រូងចម្រាសពាក់ព័ន្ធនឹងឈុតប្រពៃណីដែលនាងបានស្លៀក បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកលេងអ៊ីនធឺណិតជនជាតិឥណ្ឌូណេស៊ី។

គណនី IG ផ្លូវការ Pageant Dispatches ឱ្យដឹងបន្តថា សេចក្តីបំភ្លឺនេះត្រូវបានធ្វើឡើងដោយ Suttida Iadpoo តាមរយៈគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាង។ នៅក្នុងសេចក្តីថ្លែងការណ៍នោះ នាងបានពន្យល់ថា ឈុតនេះត្រូវបានជ្រើសរើសដើម្បីតំណាងឱ្យខេត្តភូកេត ដោយមានគោលបំណងលើកតម្កើងអត្តសញ្ញាណ និងបេតិកភណ្ឌវប្បធម៌របស់ខេត្តភូកេត ក្នុងនាមជាតំបន់ដែលមានឥទ្ធិពលវប្បធម៌សម្បូរបែប និងចម្រុះ។

Inline image
ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍នេះត្រូវបានគេមើលឃើញថា មិនបានដោះស្រាយចំបញ្ហាស្នូលនោះទេ។ គ្មានការទទួលស្គាល់យ៉ាងច្បាស់លាស់ថា ឈុតដែលនាងស្លៀកគឺជាបេតិកភណ្ឌវប្បធម៌របស់ប្រទេសឥណ្ឌូណេស៊ីនោះទេ ប៉ុន្តែផ្ទុយទៅវិញ វាតែងតាំងការទាមទារថ្មីមួយថា ឈុតដែលនាងស្លៀក គឺជាវប្បធម៌ភូកេតពិតប្រាកដដែលកើតចេញពីឥទ្ធិពលវប្បធម៌ ដែលនេះជារឿងមិនត្រឹមត្រូវទេ។

Pageant Dispatches បានសង្កត់ធ្ងន់ថា បើមើលពីទិដ្ឋភាពរូបរាងវិញ ឈុតនេះត្រូវបានគេកំណត់សម្គាល់ថាជា អាវកេបាយ៉ា កាទីនី (Kebaya Kartini) ដែលជាអាវកេបាយ៉ាប្រភេទប៉ាក់ ជាប់ទាក់ទងនឹងវីរបុរសជាតិ R.A. Kartini និងក្រណាត់បាទិក (Batik) ដែលមានលំនាំ សាវ៉ាត បេង៉ាន់ទីន (Sawat Pengantin) មកពីទីក្រុងឈីរេបូន (Cirebon) ប្រទេសឥណ្ឌូណេស៊ី ដែលតាមទស្សនវិជ្ជា តំណាងឱ្យភាពស្មោះត្រង់ និងភាពស្មោះស្ម័គ្រក្នុងអាពាហ៍ពិពាហ៍។

អ្នកតាមដានបានកត់សម្គាល់ថា សេចក្តីបំភ្លឺនេះមិនបានរួមបញ្ចូលការទទួលស្គាល់ណាមួយអំពីប្រភពដើមនៃអាវកេបាយ៉ា និងក្រណាត់បាទិកដែលនាងបានស្លៀកនោះទេ។ កញ្ញា Suttida Iadpoo, Miss Globe Thailand 2026 គ្រាន់តែចេញសេចក្តីថ្លែងការណ៍ទូទៅថា នាងគោរពបេតិកភណ្ឌវប្បធម៌ទាំងរបស់ប្រទេសថៃ និងប្រទេសឥណ្ឌូណេស៊ីតែប៉ុណ្ណោះ។

Miss Globe Thailand 2026 បានបង្ហាញការសុំទោសដោយប្រើប្រាស់ពាក្យសម្តីដែលមានលក្ខខណ្ឌផងដែរថា៖ «ប្រសិនបើការបង្ហោះរបស់ខ្ញុំ ឬចំណងជើងរបស់វាបានបង្កឱ្យមានការយល់ច្រឡំខុសណាមួយទាក់ទងនឹងប្រភពដើមនៃឈុតនេះ ខ្ញុំសូមអភ័យទោសដោយស្មោះចំពោះការច្របូកច្របល់នេះ»។

ការប្រើប្រាស់ពាក្យថា «ប្រសិនបើ» និង «ការច្របូកច្របល់» ត្រូវបានគេចាត់ទុកថាជាទម្រង់នៃការសុំទោសដែលគ្មានភាពស្មោះត្រង់ និងមានភាពមិនច្បាស់លាស់ ដោយសារតែវាជាការសុំទោសចំពោះភាពច្របូកច្របល់របស់សាធារណជន ជាជាងការសុំទោសចំពោះអំពើនៃការដាក់បញ្ចូលវប្បធម៌ខុសប្រភពដើមដោយខ្លួនឯង។
គួរជម្រាបឱ្យដឹងផងដែរថា រឿងចម្រូងចម្រាសនេះបានចាប់ផ្តើម នៅពេលដែល Miss Globe Thailand 2026 បានបង្ហោះរូបថតរបស់ខ្លួនឯងពាក់អាវកេបាយ៉ា និងក្រណាត់បាទិក ជាមួយចំណងជើងថា «Thai»។ ការបង្ហោះនេះត្រូវបានផ្សព្វផ្សាយបន្តដោយទំព័រហ្វេសប៊ុក Miss Universe Thailand ដែលបានពិពណ៌នាថា ខ្សែក្រវាត់ក្រណាត់បាទិក គឺជានិមិត្តសញ្ញានៃបេតិកភណ្ឌវប្បធម៌របស់ខេត្តភូកេត។

យ៉ាងណាមិញ គណនី IG ផ្លូវការ Pageant Dispatches បានបញ្ជាក់នៅប្រយោគចុងក្រោយថា ក្រណាត់បាទិកត្រូវបានអង្គការយូណេស្កូ (UNESCO) ទទួលស្គាល់ថាជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ប្រទេសឥណ្ឌូណេស៊ី ចាប់តាំងពីថ្ងៃទី ២ ខែតុលា ឆ្នាំ ២០០៩ មកម្ល៉េះ។ ពាក្យនេះផ្ទាល់មានប្រភពមកពីភាសាជ្វា គឺពាក្យ «amba» (សរសេរ) និង «titik» (ចំណុច)៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2