National
• 1 week ago• Lim_Rothanaksambath
បណ្ឌិត្យសភានគរបាលកម្ពុជាចុះ MoU ជាមួយមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង ពង្រឹងប្រតិបត្តិការបង្ក្រាបបទល្មើសទំនើប

ភ្នំពេញ, ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៦៖ ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីអនុវត្តច្បាប់ និងពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើវិស័យបណ្តុះបណ្តាល និងការស្រាវជ្រាវ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានដឹកនាំគណៈប្រតិភូចូលរួមពិធីបើកសម្ពោធជាផ្លូវការ «បណ្ឌិត្យសភានគរបាលអន្តរជាតិហុងកុង (ថ្មី)» និងបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍អន្តរជាតិនេះ មានការចូលរួមពីថ្នាក់ដឹកនាំ និងគណៈប្រតិភូជាន់ខ្ពស់មកពី ២៤ ស្ថាប័នបណ្តុះបណ្តាល នៃ ១៧ ប្រទេស ជុំវិញពិភពលោក រួមមានតំបន់ទ្វីបអាស៊ី មជ្ឈិមបូព៌ា អឺរ៉ុប និងអាមេរិកខាងជើង។
ក្នុងដំណើរបេសកកម្មការងារនេះ គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា បានសម្រេចនូវសមិទ្ធផល និងសកម្មភាពសំខាន់ៗជាច្រើន។ តួយ៉ាង គណៈប្រតិភូបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ញើញចូលរួមអបអរសាទរការបើកសម្ពោធ «បណ្ឌិត្យសភានគរបាលអន្តរជាតិហុងកុង (ថ្មី)» ដែលស្ថិតនៅចំណុះមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង។
ជាមួយគ្នានោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន បានចុះហត្ថលេខាលើ MoU ជាមួយមហាវិទ្យាល័យនគរបាលទីក្រុងហុងកុង សំដៅលើកកម្ពស់ និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការក្នុងវិស័យបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមន្ត្រីនគរបាល និងការងារស្រាវជ្រាវវិទ្យាសាស្ត្រនគរបាល។ ភាគីទាំងពីរបានចែករំលែកបទពិសោធលើកម្មវិធីបណ្តុះបណ្តាល និងបានជជែកពិភាក្សាអំពីការផ្តល់អាហារូបករណ៍ ព្រមទាំងកិច្ចការងារសហប្រតិបត្តិការផ្សេងៗទៀត។
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក ក្រសួងមហាផ្ទៃ Ministry of Interior Cambodiaក្រៅពីពិធីចុះហត្ថលេខា គណៈប្រតិភូកម្ពុជាក៏បានចូលរួមស្វែងយល់ និងផ្លាស់ប្តូរបទពិសោធលើការបង្ហាញសកម្មភាពប្រតិបត្តិការបង្ក្រាបបទល្មើសជាក់ស្តែងរបស់កងកម្លាំងនគរបាលហុងកុង ដែលផ្តោតលើជំនាញឯកទេសសំខាន់ៗចំនួន ៤ គឺ៖
1. កិច្ចការពារថ្នាក់ដឹកនាំ (VIP Protection)៖ យុទ្ធវិធី និងស្តង់ដារសន្តិសុខក្នុងការការពារសុវត្ថិភាពឥស្សរជនជាន់ខ្ពស់។
2. ប្រតិបត្តិការរំដោះចំណាប់ខ្មាំង (Hostage Rescue)៖ បច្ចេកទេសអន្តរាគមន៍រហ័ស និងសុវត្ថិភាពក្នុងស្ថានភាពគ្រោះថ្នាក់។
3. ការប្រឆាំងការចាប់ជំរិត (Anti-Kidnapping)៖ យន្តការស៊ើបអង្កេត និងបង្ក្រាបបទល្មើសចាប់ជំរិតទារប្រាក់។
4. ការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមអនឡាញ និងបញ្ញាសិប្បនិម្មិត (Online Scam-AI)៖ ការប្រើប្រាស់បច្ចេកវិទ្យាទំនើបដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យាដែលកំពុងរីករាលដាលក្នុងតំបន់ និងសកលលោក។
ក្រោមការដឹកនាំរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន និងការចង្អុលបង្ហាញពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បណ្ឌិត្យសភានគរបាលកម្ពុជា បាននិងកំពុងធ្វើទំនើបកម្មកម្មវិធីសិក្សា និងពង្រីកបណ្តាញសហប្រតិបត្តិការអន្តរជាតិយ៉ាងសកម្ម ដើម្បីប្រែក្លាយស្ថាប័ននេះឱ្យទៅជាគ្រឹះស្ថានឧត្តមសិក្សានគរបាលដែលមានស្តង់ដារតំបន់ និងអន្តរជាតិ។
ការដាក់បញ្ចូលជំនាញប្រយុទ្ធប្រឆាំងបទល្មើស Online Scam-AI ក្នុងកិច្ចសហប្រតិបត្តិការនេះ គឺឆ្លើយតបយ៉ាងចំទិសដៅទៅនឹងបញ្ហាប្រឈមសន្តិសុខមិនមែនប្រពៃណី (Non-Traditional Security) ដែលបណ្តាប្រទេសក្នុងតំបន់អាស៊ី ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់បង្ក្រាបយ៉ាងតឹងរ៉ឹងបំផុត៕
រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network



