National

1 hour agoLim_Rothanaksambath

អាជ្ញាធរខេត្តសៀមរាប ជំរុញកសាង Muslim-Friendly Siem Reap ដើម្បីទាក់ទាញទីផ្សារអាស៊ាន និងទេសចរមជ្ឈិមបូព៌ាមកកម្ពុជា

អាជ្ញាធរខេត្តសៀមរាប ជំរុញកសាង Muslim-Friendly Siem Reap ដើម្បីទាក់ទាញទីផ្សារអាស៊ាន និងទេសចរមជ្ឈិមបូព៌ាមកកម្ពុជា
ភ្នំពេញ, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦៖ រដ្ឋបាលខេត្តសៀមរាប សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «និន្នាការ និងតម្រូវការរបស់ទេសចរណ៍មូស្លីម» កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងគោលបំណងជំរុញការយល់ដឹងពីឥរិយាបថ និងតម្រូវការរបស់ទីផ្សារទេសចរណ៍មូស្លីមអន្តរជាតិ ព្រមទាំងតម្រង់ទិសប្រតិបត្តិករទេសចរណ៍ក្នុងស្រុក ឱ្យត្រៀមលក្ខណៈរៀបចំសេវាកម្មឆ្លើយតប ប្រកបដោយគុណភាព ដើម្បីប្រែក្លាយខេត្តសៀមរាបទៅជា Muslim-Friendly Siem Reap។

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ង៉ូវ សេងកាក់ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណ:អភិបាលខេត្តសៀមរាប ដោយមានការចូលរួមពីមន្ត្រីរាជការអាជ្ញាធរពាក់ព័ន្ធ ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន យុវជន និងសិក្ខាកាមជាច្រើនរូប។

លោកអភិបាលរងខេត្ត បានគូសបញ្ជាក់ថា ខេត្តសៀមរាបមានសក្តានុពលដ៏ទាក់ទាញមិនអាចកាត់ថ្លៃបាន ទាំងផ្នែកបេតិកភណ្ឌវប្បធម៌ ប្រវត្តិសាស្ត្រ ធម្មជាតិ និងតំបន់រមណីយដ្ឋានអង្គរ។ ទោះជាយ៉ាងណា ដើម្បីឆ្លើយតបទៅនឹងការផ្លាស់ប្តូរនៃឥរិយាបថទេសចរណ៍សកល វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ចាំបាច់ត្រូវធ្វើពិពិធកម្មផលិតផលសេវាកម្មរបស់ខ្លួន។
លោកបានផ្តល់អនុសាសន៍ឱ្យប្រតិបត្តិករទេសចរណ៍ យកចិត្តទុកដាក់លើចំណុចគន្លឹះសំខាន់ៗសម្រាប់បម្រើភ្ញៀវទេសចរមូស្លីម រួមមាន៖ ការរៀបចំ និងទទួលស្គាល់ស្តង់ដារអាហារ Halal ដែលត្រឹមត្រូវតាមពុទ្ធិសាសនានិគមមូស្លីម, ការរៀបចំបន្ទប់ ឬទីតាំងសមរម្យសម្រាប់ថ្វាយបង្គំនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន និងតំបន់ទេសចរណ៍សំខាន់ៗ និង ស្វែងយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ និងក្បួនច្បាប់នៃការបដិសណ្ឋារកិច្ចចំពោះភ្ញៀវមូស្លីម។

ការរៀបចំវគ្គបណ្តុះបណ្តាលនេះ គឺជាយុទ្ធសាស្ត្រដ៏សំខាន់មួយក្នុងការបើកច្រកទីផ្សារទេសចរណ៍ថ្មីៗសម្រាប់ខេត្តសៀមរាប ជាពិសេសការទាក់ទាញភ្ញៀវទេសចរមកពីបណ្តាប្រទេសដែលមានប្រជាជនមូស្លីមច្រើនក្នុងតំបន់អាស៊ាន ដូចជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ព្រមទាំងទីផ្សារដែលមានកម្លាំងទិញខ្ពស់មកពី បណ្តាប្រទេសតំបន់មជ្ឈិមបូព៌ា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administrationប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
រដ្ឋបាលខេត្តសៀមរាប បានអះអាងពីការប្តេជ្ញាចិត្តក្នុងការបន្តសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងទេសចរណ៍ និងវិស័យឯកជន ដើម្បីលើកកម្ពស់គុណភាពសេវាកម្ម អនាម័យ សុវត្ថិភាព ភាពស្អាត និងបដិសណ្ឋារកិច្ចកម្រិតខ្ពស់ ដើម្បីធានាថាភ្ញៀវទេសចរគ្រប់ជាតិសាសន៍ និងសាសនា ទទួលបានបទពិសោធន៍ដ៏កក់ក្តៅ និងប្រកបដោយផាសុកភាព។

យោងតាមរបាយការណ៍ Global Muslim Travel Index – GMTI បានឱ្យដឹងថា ទីផ្សារទេសចរណ៍មូស្លីមសកលលោក ត្រូវបានព្យាករថា នឹងកើនឡើងដល់ជិត ២៣០ លាននាក់ ជាមួយនឹងការចំណាយសរុបប្រមាណជាង ២២០ ប៊ីលានដុល្លារអាមេរិក ក្នុងមួយឆ្នាំៗ។

យុទ្ធសាស្ត្រអភិវឌ្ឍន៍ទេសចរណ៍របស់ ក្រសួងទេសចរណ៍កម្ពុជា ក៏បានកំណត់យកMuslim-Friendly Tourism ជាទិសដៅអាទិភាពមួយក្នុងការស្តារ និងជំរុញកំណើនទេសចរណ៍ឡើងវិញ។ ការហោះហើរត្រង់ជាប្រចាំរវាងទីក្រុងគូឡាឡាំពួរ-សៀមរាប និងហ្សាកាតា-ភ្នំពេញ/សៀមរាប តាមរយៈអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) នាពេលបច្ចុប្បន្ន កំពុងក្លាយជាកាតាលីករដ៏សំខាន់ក្នុងការសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរមូស្លីមមកកាន់កម្ពុជា។

ការត្រៀមលក្ខណៈសម្បត្តិ និងការយល់ដឹងស៊ីជម្រៅអំពី «និន្នាការទេសចរណ៍មូស្លីម» មិនត្រឹមតែជាការបើកឱកាសអាជីវកម្មថ្មីសម្រាប់ប្រតិបត្តិករទេសចរណ៍នៅខេត្តសៀមរាបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាជំហានយុទ្ធសាស្ត្រក្នុងការកសាងភាពចម្រុះនៃទីផ្សារទេសចរណ៍កម្ពុជា ឱ្យមានចីរភាព និងសមត្ថភាពប្រកួតប្រជែងខ្ពស់នៅក្នុងតំបន់ និងលើឆាកអន្តរជាតិ៕


រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration
ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration