The Khmer Daily Network Logo

Environment

3 days agoLim_Rothanaksambath

ផ្ទុះការភ្ញាក់ផ្អើល ពេជ្រ វត្តីសារ៉ាវឌ្ឍី លេចមុខក្នុង MV ថ្មីរបស់ GenZy ខណៈរឿងស្នេហ៍ក្រោយខ្នងហ្វេនមិនទាន់រលត់

ផ្ទុះការភ្ញាក់ផ្អើល ពេជ្រ វត្តីសារ៉ាវឌ្ឍី លេចមុខក្នុង MV ថ្មីរបស់ GenZy ខណៈរឿងស្នេហ៍ក្រោយខ្នងហ្វេនមិនទាន់រលត់
ភ្នំពេញ, ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៦៖ មកទល់ពេលនេះ បវរកញ្ញាល្បីឈ្មោះលំដាប់ប្រទេស កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី និងកម្លោះសង្ហាម្ចាស់ពាន Rapper Fighter រដូវកាលទី២ GenZy នៅមិនទាន់ប្រកាសទទួលស្គាល់ទំនាក់ទំនងគូស្នេហ៍ជាមួយគ្នានោះឡើយ បើទោះបីជាភស្តុតាងផ្សេងៗបានអណ្ដែតឡើងយ៉ាងច្បាស់ និងបានផ្ដោះផ្ដងពាក្យសម្ដីដាក់គ្នាលើបណ្តាញសង្គមជាញឹកញាប់យ៉ាងណាក៏ដោយ។


រឹតតែគួរឱ្យភ្ញាក់ផ្អើល រឿងបង្កាត់ភ្លើងស្នេហ៍ក្រោយខ្នងហ្វេនមិនទាន់រលត់ស្រួលបួលផង ស្រាប់តែថ្មីៗនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលេចមុខជាតួស្រីក្នុង MV បទថ្មីរបស់ GenZy ចំណងជើងថា «ខិល» ជាបទបែបយុវវ័យសម័យថ្មី តាមរបៀបយុវវ័យ Gen Z តែម្ដង។


វត្តមានរបស់បវរកញ្ញាវ័យ ២៧ឆ្នាំ ក្នុង MV ចម្រៀងកម្លោះសង្ហាវ័យ ២៤ឆ្នាំ មកពីខេត្តប៉ៃលិន ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលខ្លាំងមែនទែន និងរឹតតែសង្ស័យលើទំនាក់ទំនងស្នេហាក្រៅឆាករបស់អ្នកទាំងពីរ ក្រោយឃើញសកម្មភាពស្និទ្ធស្នាលយ៉ាងខ្លាំងរបស់ស្រីស្រស់ប្រុសស្អាតក្នុង MV នេះ។


អ្វីដែលហ្វេនចាប់អារម្មណ៍ខ្លាំង ក្នុងបទនេះ វត្តី បានពត់ពេនដងខ្លួនរាំតាមចង្វាក់ភ្លេងយ៉ាងល្វត់ល្វន់ទាក់ភ្នែកមនុស្សគ្រប់គ្នា ជាមួយភាពស្រស់ឆើតឆាយនៃសម្រស់ និងការតុបតែងខ្លួនបែបស៊ីវិល័យផងនោះ ធ្វើឱ្យបទនេះកាន់តែមានរសជាតិ និងភាពរស់រវើកខ្លាំងឡើង ស័ក្តិសមសម្រាប់យុវវ័យសម័យថ្មីស្ដាប់ និងរាំលេងកម្សាន្ត។


គួរឱ្យដឹងផងដែរថា «ខិល» ជាបទចម្រៀងថ្មីមួយទៀតរបស់ GenZy បន្ទាប់ពីឈ្នះតំណែងម្ចាស់ពាន Rapper Fighter រដូវកាលទី២។ ទោះបីមិនសូវបានចេញបទថ្មីញឹកញាប់ដូចតារាចម្រៀងឯទៀតក៏ពិតមែន តែទីផ្សារចម្រៀងរបស់កម្លោះសង្ហា GenZy នៅតែខ្ពស់ខ្លាំងមិនចាញ់តារារ៉េបផ្សេងទៀត ដោយលោកទទួលកម្មវិធីច្រៀងតាមផាប់ និងការប្រគំតន្ត្រីហូរហែ ស្ទើរមិនរលោះថ្ងៃនោះឡើយ៕


ពីសារព័ត៌មាន The Khmer Daily Network