The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

មជ្ឈមណ្ឌលជាតិ NCHADS បង្កើនការផ្សព្វផ្សាយការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ ឱ្យជ្រាបដល់ចង្កោមយុវជន

មជ្ឈមណ្ឌលជាតិ NCHADS បង្កើនការផ្សព្វផ្សាយការបង្ការមេរោគអេដស៍ និងជំងឺកាមរោគ ឱ្យជ្រាបដល់ចង្កោមយុវជន
ភ្នំពេញ, ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៦៖ ដើម្បីពង្រីកវិសាលភាពនៃការអប់រំ និងទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ និងជំងឺកាមរោគ មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ (NCHADS) បានរៀបចំកិច្ចប្រជុំពិភាក្សាពិសេសមួយជាមួយអ្នកមានប្រជាប្រិយភាពលើបណ្តាញសង្គម (Social Media Influencers) ក្នុងគោលបំណងច្នៃប្រឌិតមាតិកាអប់រំឱ្យចំក្រុមគោលដៅ ជាពិសេសស្រទាប់យុវជន។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅកាលពីថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកសាស្ត្រចារ្យជំនួយ អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិ NCHADS និង លោកវេជ្ជបណ្ឌិត Steve Wignall នាយកបច្ចេកទេសនៃគម្រោង EpiC របស់អង្គការ FHI 360 ប្រចាំប្រទេសកម្ពុជា។ ព្រឹត្តិការណ៍នេះមានការចូលរួមពីមន្ត្រីបច្ចេកទេស អ្នកជំនាញសុខភាព សហគមន៍ និង Influencers សរុបចំនួន ៤៩ នាក់។

នៅក្នុងយុគសម័យបច្ចេកវិទ្យា មជ្ឈមណ្ឌលជាតិ NCHADS បានមើលឃើញពីសក្តានុពលមិនអាចខ្វះបានរបស់អ្នកផលិតមាតិកាលើបណ្តាញសង្គម។ កិច្ចប្រជុំនេះ មានគោលបំណងពង្រឹងចំណេះដឹងផ្នែកវេជ្ជសាស្ត្រ ដោយផ្តល់ព័ត៌មានច្បាស់លាស់ និងបច្ចុប្បន្នភាពចុងក្រោយបង្អស់អំពីការបង្ការ ការធ្វើតេស្តឈាម និងការព្យាបាលមេរោគអេដស៍/ជំងឺកាមរោគ ដល់ Influencers ដើម្បីធានាថាព័ត៌មានដែលពួកគេផ្សព្វផ្សាយទៅកាន់មហាជនគឺជាព័ត៌មានដែលត្រឹមត្រូវតាមបច្ចេកទេស។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Center for HIV/AIDS,Dermatology and STD, Cambodiaប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក National Center for HIV/AIDS,Dermatology and STD, Cambodia
ការផលិតមាតិកាច្នៃប្រឌិត សំដៅដល់សហការគ្នាក្នុងការសរសេរសាច់រឿង និងផលិតវីដេអូអប់រំដែលទាក់ទាញ ដើម្បីជំរុញឱ្យក្រុមយុវជនដែលមានហានិភ័យខ្ពស់ ហ៊ានមកទទួលសេវាសុខភាព ដូចជាការប្រើប្រាស់ថ្នាំបង្ការ (PrEP) និងការធ្វើតេស្តរកមេរោគជាដើម។

ក្រៅពីមន្ត្រីជំនាញរបស់ NCHADS មកពីផ្នែក BCC, STI, VCCT និង AIDS Care កិច្ចប្រជុំនេះក៏មានការចូលរួមយ៉ាងសកម្មពីអ្នកសម្របសម្រួលថ្នាំបង្ការ PrEP នៃមណ្ឌលសុខភាពទួលគោក តំណាងសហគមន៍ចំនួន ១៧ រូប និងអ្នកអប់រំមកពីអង្គការ MHC និង MHSS។ ការប្រមូលផ្តុំនេះ សបញ្ជាក់ឱ្យឃើញពីកិច្ចសហការរវាងរដ្ឋ អង្គការដៃគូ និងវិស័យឯកជន (Influencers) ក្នុងការឆ្លើយតបនឹងបញ្ហាសុខភាពសាធារណៈ។

គួរបញ្ជាក់ឱ្យដឹងផងដែរថា យោងតាមរបាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) កម្ពុជាបាននឹងកំពុងខិតខំសម្រេចឱ្យបាននូវគោលដៅ ៩៥-៩៥-៩៥ នៅឆ្នាំ២០២៥។ ទោះជាយ៉ាងណាក៏ដោយ អត្រាឆ្លងថ្មីក្នុងចំណោមយុវជន ជាពិសេសក្រុមបុរសរួមភេទជាមួយបុរស (MSM) នៅតែជាកង្វល់។ ការប្រើប្រាស់ Influencers គឺជាយុទ្ធសាស្ត្រ "Peer-to-Peer" (ពីមិត្តភក្តិទៅមិត្តភក្តិ) ដែលមានប្រសិទ្ធភាពបំផុតក្នុងការកាត់បន្ថយការរើសអើង និងការភ័យខ្លាចក្នុងការទទួលសេវាសុខភាព៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2