The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

ការស្ទង់មតិ NIDA របស់ថៃ បង្ហាញថា ការគាំទ្រគណបក្សភូមិចៃថៃរបស់ អនុធីន ធ្លាក់ចុះ ខណៈគណបក្សប្រជាជនបន្តនាំមុខ

ការស្ទង់មតិ NIDA របស់ថៃ បង្ហាញថា ការគាំទ្រគណបក្សភូមិចៃថៃរបស់ អនុធីន ធ្លាក់ចុះ ខណៈគណបក្សប្រជាជនបន្តនាំមុខ
ភ្នំពេញ, ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៦៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation កាលពីថ្ងៃទី៥ ខែក្កដា កន្លងទៅ​ បានឱ្យដឹងអំពីការស្ទង់មតិរបស់ NIDA Poll បង្ហាញថា ការគាំទ្រគណបក្សភូមិចៃថៃរបស់ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល ធ្លាក់ចុះ ខណៈគណបក្សប្រជាជនបន្តនាំមុខ។


«គណបក្សប្រជាជនបន្តនាំមុខក្នុងការស្ទង់មតិរបស់ NIDA ខណៈដែលការគាំទ្រគណបក្សភូមិចៃថៃធ្លាក់ចុះ» នេះជាចំណងជើងអត្ថបទដែល សារព័ត៌មាន The Nation បានចុះផ្សាយ និងបានបញ្ជាក់ខ្លឹមសារថា គណបក្សប្រជាជន (People’s Party) នៅតែជាគណបក្សនយោបាយដែលមានប្រជាប្រិយភាពបំផុតរបស់ប្រទេសថៃ នៅក្នុងការស្ទង់មតិប្រចាំត្រីមាសទី២ ឆ្នាំ២០២៦ របស់ NIDA Poll ខណៈដែលគណបក្សភូមិចៃថៃ (Bhumjaithai) របស់ នាយករដ្ឋមន្ត្រីថៃ លោក អនុទីន ចាន់វីរៈគុល បាត់បង់ការគាំទ្រ ហើយគណបក្សភឿថៃ (Pheu Thai) កំពុងដេញតាមពីក្រោយយ៉ាងប្រកៀកសម្រាប់ចំណាត់ថ្នាក់លេខ២។

ប្រភព និង រូបភាព៖ សារព័ត៌មាន The Nationប្រភព និង រូបភាព៖ សារព័ត៌មាន The Nation
ការស្ទង់មតិប្រជាប្រិយភាពនយោបាយប្រចាំត្រីមាសទី២ នេះ ចេញផ្សាយដោយមជ្ឈមណ្ឌលស្រាវជ្រាវស្ទង់មតិ NIDA Poll នៃវិទ្យាស្ថានជាតិរដ្ឋបាលអភិវឌ្ឍន៍ (NIDA) ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី២ ខែកក្កដា ក្នុងចំណោមមនុស្សប្រហែល ២,៥០០ នាក់ ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅនៅទូទាំងប្រទេស។ ការស្ទង់មតិនេះបានគ្របដណ្តប់លើអ្នកឆ្លើយសំណួរនៅគ្រប់តំបន់ កម្រិតអប់រំ មុខរបរ និងកម្រិតប្រាក់ចំណូល ដោយប្រើវិធីសាស្ត្រសម្ភាសន៍តាមទូរស័ព្ទ និងការជ្រើសរើសគំរូតាមបែបវិទ្យាសាស្ត្រ (multi-stage sampling)។

នៅពេលសួរថា តើពួកគេនឹងគាំទ្រនរណាជានាយករដ្ឋមន្ត្រីនៅថ្ងៃនេះ លោក ណាត់ថាផុង រឿងប៉ាន់យ៉ាវុធ នៃគណបក្សប្រជាជន បានជាប់ចំណាត់ថ្នាក់លេខមួយជាមួយនឹងសំឡេង ២៦,០៨% តាមពីក្រោយដោយលោក អនុទិន ឆានវីរៈគុល (Anutin Charnvirakul) នៃគណបក្សភូមិចៃថៃ ទទួលបាន ២១,៦៨%។
លោក អភិសិទ្ធិ វេជ្ជាជីវៈ (Abhisit Vejjajiva) នៃគណបក្សប្រជាធិបតេយ្យ ជាប់ចំណាត់ថ្នាក់លេខ៣ ទទួលបាន ១១,៨០% នាំមុខបន្តិចបន្តួចលើលោកស្រី យុទ្ធជៈណាន់ វង្សសាវ៉ាត់ (Yodchanan Wongasawat) នៃគណបក្សភឿថៃ ដែលទទួលបាន ១១,៦៤% ខណៈដែល ១០,២៤% និយាយថា ពួកគេមិនទាន់រកឃើញបេក្ខជនដែលសមស្របនៅឡើយទេ។

ការគាំទ្ររបស់លោក ណាត់ថាផុង ក្នុងនាមជាបេក្ខជននាយករដ្ឋមន្ត្រីដែលពេញចិត្តបំផុត បានថយចុះពី ៣០,៦០% ក្នុងត្រីមាសទីមួយ មកត្រឹម ២៦,០៨% ក្នុងការស្ទង់មតិចុងក្រោយ ប៉ុន្តែលោកនៅតែរក្សាតំណែងកំពូលដដែល។ ចំណែកការគាំទ្ររបស់លោក អនុទិន បានធ្លាក់ចុះកាន់តែខ្លាំងពី ២៩,៤០% មកត្រឹម ២១,៦៨% ដែលធ្វើឱ្យគម្លាតរវាងជម្រើសនាយករដ្ឋមន្ត្រីឈានមុខគេទាំងពីរ កាន់តែរីកធំ។

នេះបង្ហាញឱ្យឃើញថា ការគាំទ្រគណបក្សភូមិចៃថៃធ្លាក់ចុះយ៉ាងខ្លាំង បើធៀបនឹងការស្ទង់មតិត្រីមាសទីមួយ។ ការប្រែប្រួលខ្លាំងជាងគេ ត្រូវបានគេមើលឃើញនៅក្នុងការគាំទ្រគណបក្ស។ គណបក្សប្រជាជននៅតែឈរយ៉ាងរឹងមាំក្នុងចំណាត់ថ្នាក់លេខ១ ជាមួយនឹងសំឡេង ៣៤,៨០% ខណៈដែលគណបក្សភូមិចៃថៃបានធ្លាក់ចុះមកត្រឹម ១៧,០០%។

បើធៀបនឹងការស្ទង់មតិត្រីមាសទីមួយរបស់ NIDA Poll គណបក្សប្រជាជនបានធ្លាក់ចុះបន្តិចបន្តួចប៉ុណ្ណោះពី ៣៥,៨០% មក ៣៤,៨០% ខណៈដែលគណបក្សភូមិចៃថៃបានឃើញការធ្លាក់ចុះយ៉ាងគំហុកពី ២៦,៦០% មកត្រឹម ១៧,០០%។

សារព័ត៌មានថៃ The Nation បញ្ជាក់ទៀតថា ទោះបីជាការស្ទង់មតិនេះបានបង្ហាញថា គណបក្សប្រជាជននៅតែបន្តគ្រប់គ្រងប្រជាប្រិយភាពនយោបាយជាតិក៏ដោយ ប៉ុន្តែការប្រកួតប្រជែងនៅពីក្រោយវាកំពុងមានការផ្លាស់ប្តូរ។ គណបក្សភូមិចៃថៃនៅតែស្ថិតក្នុងចំណាត់ថ្នាក់លេខពីរ ប៉ុន្តែការគាំទ្ររបស់វាបានចុះខ្សោយយ៉ាងខ្លាំង ខណៈដែលគណបក្សភឿថៃបានស្តារសន្ទុះឡើងវិញ ហើយឥឡូវនេះមានកម្រិតគាំទ្រស្ទើរតែស្មើនឹងគណបក្សភូមិចៃថៃ នៅក្នុងចំណូលចិត្តរបស់ប្រជាជន៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3