National

6 hours agoLim_Rothanaksambath

NPA បន្តគាំទ្រកម្ពុជា ក្នុងបេសកកម្មកសាងប្រទេសគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទោះបីថវិកាសកម្មភាពមីនសកលលោកជួបការប្រឈម

NPA បន្តគាំទ្រកម្ពុជា ក្នុងបេសកកម្មកសាងប្រទេសគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ទោះបីថវិកាសកម្មភាពមីនសកលលោកជួបការប្រឈម
ភ្នំពេញ, ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦៖ អង្គការជំនួយប្រជាពលរដ្ឋន័រវេស (Norwegian People's Aid - NPA) បានបញ្ជាក់ជាថ្មីនូវជំហរយ៉ាងមុតមាំក្នុងការបន្តឈរជាមួយកម្ពុជា និងគាំទ្របេសកកម្មមនុស្សធម៌របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការកសាងប្រទេសមួយដែលគ្មានផលប៉ះពាល់ដោយសារយុទ្ធភណ្ឌគ្រឿងផ្ទុះ ព្រមទាំងធានាសុវត្ថិភាព និងកាត់បន្ថយគ្រោះថ្នាក់ជូនប្រជាពលរដ្ឋ។

ការប្តេជ្ញាចិត្តនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អាជ្ញាធរមីន ជាមួយ លោក Rune Kristian Dale-Andresen នាយកផ្នែកអន្តរជាតិ និង លោក Hans Peter Risser នាយកប្រចាំប្រទេស នៃអង្គការជំនួយប្រជាពលរដ្ឋន័រវេស (NPA) កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ នាទីស្នាក់ការអាជ្ញាធរមីន រាជធានីភ្នំពេញ។

នៅក្នុងជំនួបនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ NPA ដែលបានឈរជាមួយកម្ពុជាអស់រយៈពេលជាច្រើនទសវត្សរ៍មកនេះ។ ឯកឧត្តមបានគូសបញ្ជាក់ថា NPA បាន និងកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ជាដៃគូយុទ្ធសាស្ត្រក្នុងការគាំទ្រវិស័យសកម្មភាពមីននៅកម្ពុជា។

ប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក លី ធុជ - Ly Thuchប្រភព និងរូបភាព៖ ទំព័រហ្វេសប៊ុក លី ធុជ - Ly Thuch
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈអាជ្ញាធរមីន ប្តេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឱ្យកាន់តែជិតស្និទ្ធជាមួយ NPA ដើម្បីជួយសម្រេចបាននូវបេសកកម្មមនុស្សធម៌របស់សម្តេចធិបតី ក្នុងការលុបបំបាត់គ្រោះថ្នាក់ពីយុទ្ធភណ្ឌគ្រឿងផ្ទុះ។

ជាការឆ្លើយតប លោក Rune Kristian Dale-Andresen បានបញ្ជាក់ថា NPA តែងតែចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងវិស័យសកម្មភាពមីន។ លោកបានសង្កត់ធ្ងន់ថា ទោះបីជាវិស័យសកម្មភាពមីននៅទូទាំងពិភពលោកកំពុងប្រឈមនឹងការកាត់បន្ថយថវិកាគាំទ្រយ៉ាងណាក៏ដោយ ក៏កម្ពុជានៅតែជាប្រទេសអាទិភាពដែល NPA បន្តផ្តល់ការគាំទ្រយ៉ាងពេញទំហឹង៕

រាយការណ៍ដោយ សារព័ត៌មាន The Khmer Daily Network
End image 1
End image 2