The Khmer Daily Network Logo

National

2 hours agoLim_Rothanaksambath

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងពីសកម្មភាពដែលភាគីថៃ បានរំលោភធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ទៅកាន់ OHCHR

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លើកឡើងពីសកម្មភាពដែលភាគីថៃ បានរំលោភធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ ទៅកាន់ OHCHR
ភ្នំពេញ, ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦៖ ទំព័រហ្វេសប៊ុកផ្លូវការ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (Cambodian Human Rights Committee) នៅព្រឹកថ្ងៃទី៨ ខែកក្កដានេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីអំពីលទ្ធផលនៃកិច្ចជំនួបរវាង ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង លោកជំទាវ Matilda Bogner អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (OHCHR)។

ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការនេះ បានបញ្ជាក់ឱ្យដឹងថា កិច្ចជំនួបរវាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង អ្នកតំណាងប្រចាំប្រទេសនៃការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា ត្រូវបានធ្វើឡើងក្នុងគោលបំណង បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាង គ.ស.ម.ក. និង OHCHR លើវិស័យសិទ្ធិមនុស្ស។
ឆ្លៀតក្នុងឱកាសនៃកិច្ចជំនួបនេះ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ក៏បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែន កម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ ជាពិសេសច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ រួមមាន៖

• ការរើសអើងចំពោះពលករទេសន្តរប្រវេសន៍កម្ពុជា ដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ រួមទាំងការគំរាមកំហែង និងប្រើប្រាស់អំពើហិង្សាក្នុងទម្រង់ផ្សេងៗ។
• ការចាប់រំលោភបូកយ៉ាងព្រៃផ្សៃចំពោះពលការិនីខ្មែរចំណាកស្រុកម្នាក់ ពីសំណាក់យោធាថៃនៅពេលត្រឡប់ពីប្រទេសថៃមកប្រទេសកម្ពុជាវិញ។
• ការវាយប្រហារដោយមិនរើសគោលដៅ ចូលជ្រៅមកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយប្រើប្រាស់អាវុធធុនធ្ងន់ គ្រាប់បែកចង្កោម ផ្សែងពុល និងយន្តហោះចម្បាំងប្រភេទ F-16, Gripen និង T-50 បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងសាធារណៈ រួមទាំងប្រាសាទព្រះវិហារ ដែលជាសម្បត្តិបេតិកភណ្ឌពិភពលោក និងបង្កឱ្យមានជនភៀសសឹកជាង ៦៤ម៉ឺននាក់។
• ការព្យាយាមបង្កើតតថភាពថ្មីនៅនឹងកន្លែង (fait accompli) តាមរយៈការឈូសបំផ្លាញផ្ទះប្រជាពលរដ្ឋ និងការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗក្នុងតំបន់ឈ្លានពាន និងបន្តកាន់កាប់ដោយខុសច្បាប់ និងការលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋកម្ពុជាពីសំណាក់កងទ័ពថៃ។

ទំព័រហ្វេសប៊ុក Cambodian Human Rights Committeeទំព័រហ្វេសប៊ុក Cambodian Human Rights Committee
ទោះបីជាមានកិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ក៏ដោយ ក៏រហូតមកដល់ពេលបច្ចុប្បន្ននេះ ជនភៀសសឹកជាង ២០ ០០០នាក់ មិនអាចវិលត្រឡប់ទៅលំនៅឋានរបស់ខ្លួនបាននោះទេ ដោយការកាន់កាប់ទឹកដីប្រទេសកម្ពុជាដោយខុសច្បាប់របស់យោធាថៃ ការដាក់ពង្រាយបន្លាលួស និងទូរកុងតឺន័រ ក៏ដូចជាការបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងឱកាសនេះ លោកជំទាវ Matilda Bogner បានថ្លែងអំណរគុណចំពោះ ឯកឧត្តម កែវ រ៉េមី ចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ និងបានចែករំលែកព័ត៌មានដ៏មានសារៈសំខាន់ ព្រមទាំងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលរាជរដ្ឋាភិបាលកម្ពុជាបន្តលើកកម្ពស់ និងការពារសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា រួមទាំងការពិចារណាលើការផ្តល់សច្ចាប័នចំពោះពិធីសារទី២ ស្តីពីការលុបបំបាត់ទោសប្រហារជីវិត នៃកតិកាសញ្ញាស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។

លោកជំទាវ ក៏បានបញ្ជាក់បន្ថែមថា OHCHR បានតាមដានដោយយកចិត្តទុកដាក់ និងបានចុះទៅជួបផ្ទាល់ជាមួយជនភៀសសឹកកម្ពុជា ដើម្បីស្វែងយល់ពីស្ថានភាពរស់នៅរបស់អ្នកទាំងអស់នោះផងដែរ៕

ពីសារព័ត៌មាន The Khmer Daily Network
End image 1
End image 2
End image 3